COVID-19
អន្តរជាតិ
អ្នកជំងឺ COVID-19 ៥នាក់ ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនៅមន្ទីរពេទ្យមួយនៅរុស្ស៊ី ប្រភពរូប៖ ក្រសួងកិច្ចការអាសន្នរុស្ស៊ី
× អគ្គិភ័យមួយ បានកើតឡើងកនៅមន្ទីរពេទ្យ St. George ក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃទី១២ ខែឧសភា។ ហេតុការណ៍នេះបានសម្លាប់អ្នកជំងឺ COVID-19 ចំនួន៥នាក់ ដែលបានបំពាក់ឧបករណ៍ជំនួយការដកដង្ហើម។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារដ្ឋរុស្ស៊ី Tass ដោយដកស្រង់សម្តីមន្ត្រីរុស្ស៊ី ហេតុការណ៍ភ្លើងឆេះនេះ បានផ្ទុះឡើងក្នុងបន្ទប់សង្គ្រោះបន្ទាន់មួយ (ICU) ហើយត្រូវបានពន្លត់ដោយជោគជ័យត្រឹម៣០នាទី។ ប្រភពព័ត៌មានក្នុងស្រុករុស្ស៊ីដដែល អះអាងថា ឧបទ្ទវហេតុនេះ អាចបង្កឡើងដោយសារកំហុសបច្ចេកទេសនៃឧបករណ៍ជំនួយដកដង្ហើមមួយ។
ប៉ូលិសក្នុងទីក្រុង St. Petersburg ដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសរុស្ស៊ី បានបើលការស៊ើបអង្កេតក្នុងហេតុការណ៍ឆាបឆេះនេះ។ មែនទែនទៅ នេះពុំមែនជាករណីភ្លើងឆេះដែលបង្កឲ្យមានមនុស្សស្លាប់លើកទី១ក្នុងមន្ទីរពេទ្យព្យាបាលអ្នកជំងឺCOVID-19ក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី៩ ខែឧសភា ករណីភ្លើងឆេះមួយបានផ្ទុះឡើងក្នុងមន្ទីរពេទ្យ Spasokukotsky ក្នុងទីក្រុង មូស្គូ ដែលសម្លាប់អ្នកជំងឺម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ប្រទេសរុស្ស៊ី មានករណីឆ្លងCOVID-19សរុបជាង ២៣ម៉ឺនករណី ក្នុងនោះករណីថ្មីជាង១ម៉ឺននាក់ (២៤ម៉ោង) និងអ្នកស្លាប់ ២១១៦នាក់។ បើតាមវេបសាយ worldometers អ្នកជាសះស្បើយមាន ៤៣ ៥១២នាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន២៣០០ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com