ជាតិ
លោកស្រី មឹន មាណវី​៖ សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​នីមួយៗ បង្ហាញ​តាមរយៈ​ការគោរព​ច្បាប់​របស់​ពលរដ្ឋ​
12, May 2020 , 5:10 pm        
រូបភាព
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិកានៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើសន្និសីទកាសែតស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២០ (អង្គុយកណ្ដាល)
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិកានៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើសន្និសីទកាសែតស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២០ (អង្គុយកណ្ដាល)
​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោកស្រី មឹន មាណវី ស្នើឱ្យ​ពលរដ្ឋ​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ត្រឹមត្រូវ ជាជាង​ក្នក់ចិត្ត​ជាមួយ​រដ្ឋាភិបាល ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​នេះ​។ បើតាម​លោកស្រី មាណវី ការចូលរួម​អនុវត្ត​ច្បាប់​របស់​ពលរដ្ឋ ក៏​ជា​ចំណែក​លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​ផងដែរ​។​


«​ប្រទេស​នីមួយៗ វា​ត្រូវតែ​មានច្បាប់ អ៊ីចឹង​សុំឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​គោរព​តាមច្បាប់​»​។ នេះ​ជាការ​អំពាវនាវ​របស់​លោកស្រី មឹន មាណវី ដែល​ស្នើឱ្យ​ពលរដ្ឋ​រួមគ្នា កែប្រែ​អត្ត​ច​រិ​ក និង​ឥរិយាបទ ងាក​មក​គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។​
 
​បើតាម​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រូបនេះ ការអនុវត្ត​ច្បាប់​របស់​ពលរដ្ឋ វា​មិន​ត្រឹមតែ​ជួយ​ធានា​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​លើកកម្ពស់​មុខមាត់ និង​កិត្យានុភាព​ជាតិ​ទៀតផង​។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត​ស្តីពី​ការអនុវត្ត​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​រសៀល​ថ្ងៃទី​១២ ឧសភា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​អាកប្បកិរិយា​គោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ គឺ​វា​ស្ថិតនៅលើ​ការធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​នេះឯង​។ សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិ​នីមួយៗ ក៏​វា​បង្ហាញ​ទៅតាម​ហ្នឹង​ដែរ​»​។​
 
​រយៈពេល​១១​ថ្ងៃ នៃ​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នគរបាល​ចរាចរណ៍ បាន​ឃាត់​យន្ត​យន្ត ប្រមាណ​ជិត​២​ម៉ឺន​គ្រឿង ដោយ​ក្នុងនោះ ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត មាន​ជាង​១,៤​ម៉ឺន​គ្រឿង ហើយ​រថយន្ត មាន​ជាង​៤​ពាន់​គ្រឿង​។ នេះ​បើតាម​លោក ហ៊ឹម យ៉ាន ស្នងការរង​នគរបាលជាតិ ដែល​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ផ្លូវគោក​។​
​លោក ហ៊ឹម យ៉ាន់ បាន​បន្ថែមទៀតថា ចាប់តាំងពី​អនុវត្ត​វិធានការ​រឹតបន្តឹង​ចរាចរណ៍​មក ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍ ក៏បាន​ថយចុះ​ជិត​៦០​ភាគរយ ខណៈ​អត្រា​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ​៤០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៃ​ខែឧសភា ឆ្នាំ​២០១៩​។​
 
​នគរបាល​ចរាចរណ៍​បានកំណត់​យក​បទល្មើស​អាទិភាព ដើម្បី​អនុវត្ត​លើ​បទល្មើស​ចរាចរណ៍ រួមមាន​៖ ល្បឿន​, មិន​ពាក់មួក​សុវត្ថិភាព​, ស្រវឹង​, មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ល្មើស​ការបត់ និង​វ៉ា​ជែង​, ដឹក​លើ​ចំណុះ​, គ្មាន​ស្លាក​លេខ​, គ្មាន​បណ្ណ​បើកបរ​, ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស និង​និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។​
 
​រីឯ​ការផាកពិន័យ​អន្តរការណ៍​នៃ​ច្បាប់​ចរាចរណ៍ ដែល​រដ្ឋាភិបាល​កំពុង​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​នេះ វា​មាន​ទំហំ​ទឹកប្រាក់​ចាប់ពី​៦​ម៉ឺន​រៀល រហូត​ទៅដល់​ជាង​២​លាន​រៀល អាស្រ័យ​តាម​ប្រភេទ​បទល្មើស​ចរាចរណ៍​។ ទំហំ​នៃ​ការផាកពិន័យ​នេះ វា​មានការ​កើនឡើង​ពី​៣ ទៅ​៥​ដង បើ​ធៀប​នឹង​ទំហំ​ទឹកប្រាក់​ផាកពិន័យ​ចាស់ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
 
​ពលរដ្ឋ​មួយចំនួន មិន​គាំទ្រ​ការអនុវត្ត​វិធានការ​របស់​រដ្ឋាភិបាល ស្របពេល​កម្ពុជា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ឡើយ​។ ពួកគេ​ស្នើឱ្យ​រដ្ឋាភិបាល ពន្យារពេល​អនុវត្ត​សិន ដោយ​រង់ចាំ​កម្ពុជា និង​ពិភពលោក​ស្ងប់ស្ងាត់ ពី​កូ​វីដ​-១៩​។​
 
​ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ក៏​បារម្ភ​ពី​បញ្ហាលំបាក​របស់​ពលរ​ដ្ឋ ក្នុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ​។ លោក រតនៈ ស្នើឱ្យ​រដ្ឋាភិបាល ទុកពេល​ឱ្យ​ពលរដ្ឋ យល់ដឹង​ពី​វិធីសាស្ត្រ​បញ្ចៀស​ការផាកពិន័យ​ចរាចរណ៍ តាមរយៈ​ការរៀបចំ​ឯកសារ និង​សម្ភារ​ផ្សេង ដើម្បី​កុំឱ្យ​ពួកគេ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ នៅក្នុង​អ​ឡុង​ពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។​
 
​ឆ្លើយតប​ទស្សនៈ​ប្រតិកម្ម​របស់​ពលរដ្ឋ​ជុំវិញ​វិធានការ​នេះ សម្ដេច ស ខេង ធ្លាប់បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ គឺ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់លើ​ដងផ្លូវ និង​ធានា​សុខ​សុវត្ថិភាព​ពលរដ្ឋ ពោលគឺ​មិនមែន​ដាក់បន្ទុក​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
 
«​ការពិត​គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា​ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍ ដែល​ដឹកនាំ​និង​អ្នកអនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះទេ ។ ផ្ទុយទៅវិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​»​។ នេះ​ជាការ​អះអាង​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​សេចក្ដីព្រាង សេចក្ដីណែនាំ​ស្ដីពី​តួនាទី​ភារកិច្ច និង​របៀប​រប​ការងារ​របស់​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៅ​ថ្ងៃទី​៣០ មេសា​កន្លងមក​៕
 
 
 
 

Tag:
 មឹន មាណវី​
  ចរាចរណ៍​ផ្លូវគោក
© រក្សាសិទ្ធិដោយ thmeythmey.com