COVID-19
អន្តរជាតិ
​ក្រោយ​រកឃើញ​ការឆ្លង​ជា​ចង្កោម​ថ្មី ក្រុង​វូ​ហាន​មាន​ផែនការ​តេស្ត​ពលរដ្ឋ​ទាំង​១១​លាន​នាក់​
13, May 2020 , 7:39 pm        
រូបភាព
ប្រជាជនក្រុងវូហាន ដើរឆ្លងថ្នល់នៅក្នុងទីក្រុង។ រូបភាព៖ Getty Image
ប្រជាជនក្រុងវូហាន ដើរឆ្លងថ្នល់នៅក្នុងទីក្រុង។ រូបភាព៖ Getty Image
ទីក្រុង វូ​ហាន ភាគ​កណ្ដាល​ប្រទេស​ចិន កំពុង​គិតគូរ​បង្កើត​ផែនការ​ធ្វើតេស្ត​លើ​ប្រជាជន​ខ្លួន​ទាំងអស់​១១​លាន​នាក់ ដើម្បី​រក COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC នា​ថ្ងៃទី​១២ ខែឧសភា ដែល​ស្រង់​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។ ការត្រៀម​រៀបចំ​គម្រោង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​វូ​ហាន បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជា​ចង្កោម​ថ្មី ក្នុង​រយៈពេល​ថ្មីៗ​នេះ​។

​ទីក្រុង វូ​ហាន គឺជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​នៅក្នុង​ប្រទេស​ចិន និង​ជា​ចំណុច​នៃ​ការរីក​សាយភាយ​ទៅកាន់​ពិភពលោក​។ ជា​កន្លែង​ផ្ទុះ​ដំបូង​កាលពី​ចុងឆ្នាំ​២០១៩ រដ្ឋាភិបាល​ចិន បាន​បិទ​ទីក្រុង​មួយ​នេះ រយៈពេល ១១​សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល COVID-19​។ 
 
​ចាប់ពី​ថ្ងៃទី​៣ ខែមេសា អាជ្ញាធរ​ក្រុង​នេះ ពុំបាន​រកឃើញ​ករណី​ឆ្លង​COVID-19​ថ្មី​សម្បី​តែមួយ​ករណី​សោះ​។ ក្រោយ​គ្មាន​ករណី​ឆ្លង​ថ្មី​ច្រើន​ថ្ងៃ​ជាប់​គ្នា ចិន​បានសម្រេច​ដក​បម្រាម​បិទ​ក្រុង និង​អនុញ្ញាត​ឲ្យ​ប្រជាជន​ចាក​ចេញពីផ្ទះ​។ យ៉ាងណាមិញ រហូតមកដល់​ថ្ងៃទី​១០ ខែឧសភា អាជ្ញាធរ​ក្រុង​វូ​ហាន បានប្រកាស​រកឃើញ ១​ករណី​ថ្មី​ឡើងវិញ ហើយ​នោះ​គឺជា​បុរស​ចំណាស់​វ័យ ៨៩​ឆ្នាំ ។ បន្ថែម​ពីលើ​នេះ នៅ​ថ្ងៃទី​១១ ខែឧសភា ក្រុង​វូ​ហាន បាន​រាយការណ៍​ថា ខ្លួន​រកឃើញ​ករណី​ឆ្លង​ជា​ចង្កោម​ចំនួន ៥​ករណី ដែល​ស្នាក់​នៅក្នុង​អាគារ​ជាមួយគ្នា​។ 
 
​ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ឯកសារ​ផ្ទៃក្នុង​មួយ​របស់​ទីក្រុង​វូ​ហាន ដែល​ចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​បញ្ជាក់ថា ខណ្ឌ​ទាំងអស់ នៅក្នុង​ទីក្រុង​វូ​ហាន នា​ថ្ងៃទី​១២ ខែឧសភា ត្រូវដាក់​បញ្ជា​ឲ្យ​រៀបចំ​ផែនការ​ធ្វើតេស្ត​ប្រជាជន​ទាំងអស់​ក្នុង​រយៈពេល ១០​ថ្ងៃ​។ ក្នុងន័យនេះ ខណ្ឌ​ទាំងអស់​ក្នុង​ក្រុង​វូ​ហាន ទទួលខុសត្រូវ​រៀបចំ​គម្រោង​ផ្ទាល់ខ្លួន ដោយ​ផ្អែក​ទៅតាម​ដង់ស៊ីតេ​ប្រជាជន នៅក្នុង​ខណ្ឌ​នីមួយៗ​។ ជាពិសេស ក្នុង​ឯកសារ​ដដែល​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា មនុស្ស​ចាស់ សហគមន៍​ដែលមាន​មនុស្ស​ច្រើន​ត្រូវធ្វើ​តេស្ត​មុន​។ 
 
​យ៉ាងណាក៏ដោយ មានមតិ​មួយចំនួន យល់ឃើញថា ការធ្វើ​តេស្ត​ក្នុង​រយៈពេល ១០​ថ្ងៃ លើ​មនុស្ស​ប្រមាណ​ជា ១១​លាន​នាក់ គឺ​មិនអាច​ទៅរួច និង​ចំណាយ​ថវិកា​ជាច្រើន​។ ចំណែក​លោក Peng Zhiyong នាយក​ផ្នែក​ស​ង្គោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​Zhongnan នៃ​សកល​វិទ្យាល័យ​វូ​ហាន បាន​ទទូចថា ការធ្វើ​តេស្ត​នេះ គួរផ្តោត​សំខាន់​លើ បុគ្គលិក​វេជ្ជសាស្ត្រ ក្រុមមនុស្ស​ងាយ​រងគ្រោះ និង​អ្នកធ្វើ​ការជាប់​យ៉ាង​ជិតស្និត​ជាមួយ​អ្នកជំងឺ​។ ដោយឡែក នាយក​នៅ​ផ្នែក​ផ្សេងទៀត​នៃ​សកល​វិទ្យាល័យ បាន​បញ្ជាក់ថា ចិន​មិនត្រូវ​ធ្វើតេស្ត​លើ​ប្រជាជន​ទាំងអស់​ទេ ព្រោះ មនុស្ស​ចំនួន ៣​ទៅ​៥​លាន​នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​រួចហើយ​នាពេល​កន្លងមក​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែឧសភា ចិន​មាន​ករណី​ឆ្លង COVID-19​សរុប​ចំនួន ៨២៩២៦​ករណី អ្នកស្លាប់​ចំនួន ៤៦៣៣​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៨១៨៩​នាក់​។ អ្នកជំងឺ​ចិន ដែល​កំពុងស្នាក់នៅ​មន្ទីរពេទ្យ​មាន​ចំនួន ១០៤​នាក់​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com