ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ចេះតែ​ឈឺ​អញ្ចាញ​អាចមកពី​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ​
14, May 2020 , 6:59 pm        
រូបភាព
​ក្រៅពី​របៀបរបប​ក្នុងការ​រស់នៅ​និង​អ្វីដែល​អ្នកទទួល​ទាន​ហើយ​នោះ ក៏​នៅមាន​មូលហេតុ​ច្រើន​ផ្សេងទៀត​ដែល​អាច​បណ្ដាលឱ្យ​អញ្ចាញធ្មេញ​ឈឺចាប់​។ ថា​តើ​មូលហេតុ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ស្មាន​មិន​ដល់​នៃ​បញ្ហា​ឈឺ​អញ្ចាញធ្មេញ ៖

 
១. ការ​ដុសធ្មេញ​ខ្លាំងៗ​ពេក​
 
​ជា​ញឹកញាប់​ទម្លាប់​នៃ​ការ​ដុសធ្មេញ​ខ្លាំងៗ​អាចជា​មូលហេតុ​នៃ​បញ្ហា​ឈឺ​អញ្ចាញ​។ ការ​ដុសធ្មេញ​ខ្លាំងៗ​ពេក​អាច​បង្ក​គ្រោះ​ថ្នាក់លើ​អញ្ចាញ​ដែល​អាច​បណ្ដាលឱ្យ​ឈឺចាប់ រលាក និង​ជួនកាល​ចេញឈាម​ទៀតផង​។ ដើម្បី​ជាការ​ប្រសើរ​ក្រៅពី​ដុសធ្មេញ​ថ្នមៗ​ហើយ​នោះ អ្នក​គួរ​ជ្រើសរើស​ប្រើប្រាស់​ច្រាស​ដុសធ្មេញ​ដែលមាន​ស​សៃ​ទន់​ផង​។​
 
២. ប្រតិកម្ម​អា​ឡែក​ស៊ី​
 
​ពេលខ្លះ​គ្រឿងផ្សំ​មួយចំនួន​ក្នុង​ថ្នាំដុសធ្មេញ​អាច​បង្ក​ប្រតិកម្ម​បណ្ដាលឱ្យ​រលាក​អញ្ចាញធ្មេញ​បង្ក​ការឈឺចាប់​។ ចូរ​សាកល្បង​ផ្លាស់ប្ដូរ​ថ្នាំដុសធ្មេញ​ថ្មី ប្រសិនបើ​មាត់​របស់​អ្នក​មិនត្រូវ​នឹង​ថ្នាំដុសធ្មេញ​ចាស់​។​
 
៣. ជំងឺ​អញ្ចាញធ្មេញ​
 
​អញ្ចាញ​ឡើង​ក្រហម រលាក ហើយ​តែង​ហូរឈាម​រាល់ពេល​ដុស​សម្អាត​ធ្មេញ​សូម្បីតែ​ដុស​ថ្នមៗ​នោះ​វា​អាចជា​រោគសញ្ញា​បញ្ជាក់ថា​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​នៃ​ជំងឺ​អញ្ចាញធ្មេញ​មិន​ខាន​។ ក្នុងករណីនេះ​ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ដើម្បី​ចៀសវាង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។​
 
៤. អតុល្យភាព​នៃ​អ័រម៉ូន​
 
​អតុល្យភាព​នៃ​អ័រម៉ូន​ក៏​អាច​បង្ក​ឱ្យ​អញ្ចាញធ្មេញ​ប្រែជា​ឈឺ​បាន​ផងដែរ​។ ហើយ​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​តែង​កើតមានឡើង​អំឡុងពេល​មក​រដូវ​និង​អស់​រដូវ​។​
 
៥. អា​ឡែក​ស៊ី​នឹង​ចំនីអាហារ​
 
​ក្នុងករណី​មួយចំនួន​អញ្ចាញ​ឈឺ គឺ​បណ្ដាលមកពី​អ្វីដែល​អ្នក​ទទួលទាន​។ អ្នក​គួរ​ផ្អាក​ទទួលទាន​អាហារ​គួរឱ្យ​សង្ស័យ​សម្រាប់​រយៈពេល​ពី​រ​សប្តាហ៍​។ ប្រសិនបើ​អញ្ចាញធ្មេញ​ប្រែជា​ឈឺចាប់​វិញ​ក្រោយពេល​ទទួលទាន​វា​ម្ដងទៀត នោះ​អាច​បញ្ជាក់បាន​ថា​ការឈឺចាប់ គឺ​មកពី​អាហារ​។ ចូរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​មិនអាច​ដឹងថា​អាហារ​មួយណា​ដែល​បង្កបញ្ហា​ឈឺ​អញ្ចាញ​។​
 
៦. មហារីក​មាត់​
 
​មួយ​ក្នុងចំណោម​រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺមហារីក​មាត់ គឺ​ការលេចឡើង​នូវ​ដំបៅ​ឈឺចាប់​ក្នុង​មាត់​មិន​ព្រម​ជាសះស្បើយ​និង​អាច​កើតមាន​លើ​អញ្ចាញ​ដែល​បណ្ដាលឱ្យ​រមាស់​និង​ឈឺចាប់​។ ត្រូវ​ប្រាកដថា​អ្នក​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ប្រសិនបើ​អា​ការៈមិន​ព្រម​បាត់ទៅ​វិញ​សោះ​ក្រោយ​រយៈពេល ២ សប្តាហ៍​។​
 
​ប្រយ័ត្ន​! មាន​មូលហេតុ​ច្រើន​ផ្សេងៗ​ពីគ្នា​ដែល​បណ្ដាលឱ្យ​អញ្ចាញ​ប្រែជា​ឈឺចាប់​។ ប្រសិនបើ​ស្ថានភាព​នៃ​បញ្ហា​ហាក់ដូចជា​មិន​ប្រសើរឡើង​សោះ ចូរ​ប្រញាប់​ទៅ​ជួប​ពិនិត្យ​ជាមួយ​ពេទ្យធ្មេញ​ដែល​គួរឱ្យ​ទុកចិត្តបាន​ជាបន្ទាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com