ជាតិ
ទិវា​គ្រួសារ​ខ្មែរ ទិវា​គ្រួសារ​អន្តរជាតិ​
15, May 2020 , 7:39 pm        
រូបភាព
 
​ដោយៈ លោក ហេង មណី​ចិន្តា 
 
១៥ ឧសភា  ជា​ទិវា​គ្រួសារ​អន្តរជាតិ (International Day of Families)  ឬ Family Day បានទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ​តាំងពី​ឆ្នាំ ១៩៩៣ និង អបអរសាទរ​នៅ​ឆ្នាំ ១៩៩៤​។ ថ្ងៃទី​១៥ ឧសភា ២០២០ នេះ ជា​ខួប​ឆ្នាំ​ទី ២៦​។​


Family ជា​ភាសា​អង់គ្លេស​។ ពាក្យ Family ប្រែ​មកជា​ពាក្យ​ខ្មែរ គឺ គ្រួសារ ឬ ពាក្យ គ្រួសារ នេះ ស្មើនឹង​អង់គ្លេស​ថា Family​។ អង្គការសហប្រជាជាតិ ទើបតែ​បានផ្តល់​តម្លៃ​ជា​ផ្លូវការ​ដល់​សារៈសំខាន់រ​បស់ពាក្យ​គ្រួសារ នៅ​ឆ្នាំ ១៩៩៣​។ ព្រះ​ភិក្ខុ​ឥន្ទ​ប​ញ្ញោ ហេង មណី​ចិន្តា បានផ្តល់​សារៈសំខាន់​នៃ​ពាក្យ​គ្រួសារ​ក្នុង​សៀវភៅ​របស់លោក​ដែលមាន​ឈ្មោះថា «​ជីវិត​អាពាហ៍ពិពាហ៍​» តាំងពី​ឆ្នាំ​១៩៩១ ដែលជា​ការផ្តល់​តម្លៃ​តាម​ការអធិប្បាយ​បែប​ពុទ្ធសាសនា​។​
 
​ចុះ​ខ្មែរ​យើង​ផ្ទាល់ បានផ្តល់​តម្លៃ​លើ​ពាក្យ​ថា គ្រួសារ តាំងពី​ឆ្នាំ​ណា​មក​? នេះ​ជា​ចំណោទ​ដែល​ត្រូវ​ស្វះ​ស្វែងរក​ឲ្យ​ឃើញ​។  ខ្ញុំ​ក៏​ឆ្លើយ​មិន​ចេញ​ដែរ ជាពិសេស ខ្ញុំ​មិនបាន​ស្រាវជ្រាវរ​កថា ពាក្យ  គ្រួសារ នេះ បានចាប់ផ្តើម​ប្រើ​ក្នុង​ភាសា​ខ្មែរ​ជាដំបូង ទាំងពី​ពេលណា​មក​។  ក្នុង​ភាសា​អង់គ្លេស ពាក្យ family មាន​ប្រភព​មកពី​ពាក្យ​ឡាតាំង​ថា familia ដែល​ប្រែជា​អង់គ្លេស​ថា  household​។  Family ជា​នាម ត្រូវបាន​គេ​ឃើញ​ប្រើ​នៅក្នុង​សតវត្សរ៍​ទី​១៥ នៅក្នុង​ន័យ​ថា «​ក្រុមមនុស្ស​ដែល​រស់នៅ​ក្រោម​ដំបូល​តែមួយ ដែលជា​ធម្មតា មាន​មេ​គ្រួសារ​ម្នាក់​»​។ បន្ទាប់មកទៀត មានប្រើ​នៅក្នុង​សតវត្សរ៍​ទី​១៦ ក្នុង​លក្ខណៈ​ជា​គុណនាម​។​
 
​ដោយ​មិនចាំបាច់​ដឹងថា គ្រួសារ ដែលជា​ពាក្យ​ខ្មែរ​នេះ​ចាប់ផ្តើម​ប្រើ​តាំងពី​ពេលណា​មក​នោះ ពាក្យ គ្រួសារ ដែលមាន​នៅក្នុង​វចនានុក្រម​ខ្មែរ គឺ គ្រួសារ  ( ន​. )  ត្រកូល​, ប្រជុំ​ត្រកូល​មនុស្ស​គឺ​មាតាបិតា​និង​បុត្រ​ធីតា​: គ្រួសារ​របស់ខ្ញុំ​នៅរស់​ទាំងអស់គ្នា​។ នៅក្នុង​សេចក្តីអធិប្បាយ​នេះ មាន​ពាក្យ ត្រកូល ដែល​តាម​វចនានុក្រម​ខ្មែរ​បាន​ពន្យល់ថា​៖ ត្រកូល  ( ន​. ) ពាក្យ​នេះ​ក្លាយ​មកពី​ពាក្យ​ភាសាសំស្ក្រឹត​ថា គោត្រ -​កុល “​ពូជពង្ស​តាម​គោត្រ​” ហៅ​តាម​ស្រួល​មាត់​ថា គោត្រកូល​, លុះដល់​យូ​រតៗ​មក គេ​លុប​ពាក្យ គោ ចេញ នៅ​ហៅ​ត្រឹមតែ ត្រកូល​។​
 
​តែ​អ្វីដែល​ខ្ញុំ​ចាប់អារម្មណ៍ គឺ​អត្ថន័យ​នៃ​ពាក្យ​ថា​គ្រួសារ តាម​ការយល់ឃើញ​រប​ស់​ខ្ញុំ​ផ្ទាល់ គឺ​ពាក្យ​គ្រួសារ​នេះ ជាការ​ផ្សំ​ឡើង​ដោយ ពាក្យ គ្រួ និង សារ ទៅជា គ្រួសារ​។ 

 
គ្រួ  ( ន​. )  ១) ប្រជុំ​មនុស្ស​មួយក្រុម ដែលមាន​មាតាបិតា និង​កូនចៅ​រួម​រស់នៅ​ជាមួយគ្នា : ផ្ទះ​នេះ មាន​មនុស្ស​មួយ​គ្រួ​។ ២) ជន​អ្នក​ចម្អិន​ភោជនាហារ​, អ្នក​ស្ល​ដណ្ដាំ : អ្នក​គ្រួ​។​
​សារ   សា   សំ​. បា​.  
​(​នាម​)  (​សារ​) ខ្លឹម​; សេចក្ដី​ខ្ជាប់ខ្ជួន​, មាំមួន​, រឹងប៉ឹង​; ការសំខាន់​, របស់​សំខាន់​; គោល​, គោល​ចារឹក​, ហ្ល័កឋាន​; កម្លាំង​; អំណាច​, សេចក្ដី​អង់អាច​, សេចក្ដីក្លាហាន​; សំណាង​, បុណ្យ​ភ័ព្វ​; តម្លៃ​, ទ្រព្យ​, សម្បត្តិ​; របស់​សុទ្ធ​; សេចក្ដី​ពិត​; ប្រយោជន៍​, ផលប្រយោជន៍​; ធាតុសុទ្ធ​ឬ​ធាតុ​ផ្សំ​ណាមួយ​; សំបុត្រ​, ចុ​ត​ហ្មាយ​; ពាក្យ​សង្ខេប​, សេចក្ដី​បំ​ប្រួញ​;... ។ 
(​គុណនាម​)  រឹង​, រ៉ឹង​ប៉ឹង​, ខ្ជាប់ខ្ជួន​, មាំមួន​; ខ្លាំង​, ដែលមាន​កម្លាំង​; ដែល​ក្លាហាន​, អង់អាច​, អាច​ហាន​; ដែល​ពិត​, ប្រាកដ​; មានតម្លៃ​; ថ្លៃ​, ថ្លៃថ្លា​, ប្រសើរ​, ខ្ពង់ខ្ពស់​; សំខាន់​; គ្រប់​, គ្រប់សព្វ​;...
 
​គ្រាន់តែ​ពាក្យ​ថា គ្រួ មួយ​ម៉ាត់​នេះ មានន័យ​ស្មើនឹង​ពាក្យ​ថា គ្រួសារ ដែល​យើង​កំពុង​ប្រើ​សព្វថ្ងៃនេះ ហើយក៏​ស្មើនឹង​ពាក្យ​ថា Family  របស់​ពាក្យ​អង់គ្លេស​ទៅហើយ​។ តែ​អ្នកប្រាជ្ញ​បុរាណ​យើង លោក​យកពាក្យ សារ​(​សារៈ​) មក​បូក​បន្ថែមទៀត​។ ខ្ញុំ​គិតថា ព្រោះ​លោក​ចង់​ឲ្យ​ខ្មែរ​ម្នាក់ៗ ឬ អ្នកដឹកនាំ​ជាតិខ្មែរ​យើង​នេះ យល់​ពី​តម្លៃ​របស់​គ្រួ សារៈសំខាន់​របស់​គ្រួ ដែលមាន​ចំពោះ​សង្គមជាតិ និង ដែល​សង្គម​ណា ប្រជាជាតិ​ណា ក៏​មិនអាច​អត់​បាន​នូវ ស្ថាប័ន​គ្រួ នេះ​បានដែរ​។ 
 
​ការប៉ុនប៉ង ឬ ការធ្វើ​ឲ្យ​ស្ថាប័ន​គ្រួសារ​នេះ លែង​ទៅជា​ខ្លឹម​; មិន​ខ្ជាប់ខ្ជួន​, មិន​មាំមួន​, មិន​រឹងប៉ឹង​; មិន​សំខាន់​, មិនមែនជា​របស់​សំខាន់​; មិនមាន​គោល​, មិនមាន​គោល​ចារឹក​, មិនមាន​ហ្ល័កឋាន​; មិនមាន​កម្លាំង​; មិនមាន​អំណាច​, មិន​អង់អាច​, មិន​ក្លាហាន​; មិនមាន​សំណាង​, មិនមាន​បុណ្យ​ភ័ព្វ​; គ្មាន​តម្លៃ​, គ្មាន​ទ្រព្យ​, គ្មាន​សម្បត្តិ​; មិន​សុទ្ធ​; មិន​ពិត​; អត់​ប្រយោជន៍​, បាត់បង់​ផលប្រយោជន៍​; ​មិន​ប្រាកដប្រជា​; គ្មាន​តម្លៃ​; ថោក​, មិន​ថ្លៃថ្លា​, មិន​ប្រសើរ​, ថោកទាប​; មិន​គ្រប់​, មិន​គ្រប់សព្វ​;... ជាដើម​នេះ មិត្ត​អ្នកអាន​អាច​ស្រ​ម៉ៃ​ឃើញថា អ្វីខ្លះ​ដែល​នឹង​កើតឡើង​នៅក្នុង​សង្គម​កម្ពុជា​យើង​។​
 
​ពេល​យកពាក្យ​នេះ​មក​ប្រើ ដោយ​រលឹក​នឹក​ដល់​សេចក្តីពន្យល់​នៃ​ពាក្យ​នីមួយៗ​នោះ យើង​ប្រាកដជា​មិនមាន​អ្វី​សង្ស័យ​ទៀត​ទេ​ថា បុរាណ​ដែល​បាន​បង្កើត​ពាក្យ​នេះ​មក លោក​បាន​យល់ច្បាស់ ពី​សារៈសំខាន់​ដ៏​វិសេសវិសាល​នៃ​ពាក្យ​ថា គ្រួ ឬ គ្រួសារ នេះ​ស្រេច​ទៅហើយ ហើយ​នេះ ក៏​ជា​សេចក្តីប្រាថ្នា​របស់លោក ដែល​ចង់​ឲ្យ​ប្រជា​ជាតិខ្មែរ​យើង​នឹករលឹក​ពី​សារៈសំខាន់​របស់​គ្រួសារ ដោយ​ការ​បង្កប់ន័យ​នៅក្នុង​ពាក្យ​ដែល​ប្រើ​ជាប្រចាំ​ថ្ងៃនេះ​។​
 
​ទិវា​គ្រួសារ​ខ្មែរ  គួរតែ​ត្រូវបាន​បង្កើតឡើង ដើម្បី​ជាការ​ដាស់តឿន​ខ្មែរ​ឲ្យ​នាំគ្នា​អភិវឌ្ឍ​គ្រួសារ​ខ្មែរ ឲ្យ​មាន​សារៈសំខាន់ សម​នឹង​ពាក្យ​គ្រួសារ ក្នង​ន័យ​របស់បុរាណ​ខ្មែរ​។​
 
​រក្សា​សិទ្ធិ៍​ដោយ ហេង មណី​ចិន្តា​
 

© រក្សាសិទ្ធិដោយ thmeythmey.com