ជាតិ
តំបន់​មួយចំនួន​នៅ​កំពង់ឆ្នាំង កំពង់ធំ និង សៀមរាប កំពុង​ប្រឈម​ការខ្វះខាត​ទឹក
16, May 2020 , 1:39 pm        
រូបភាព
ស្ថានភាពខ្វះខាតទឹកនៅតំបន់ត្រពាំងថ្ម ស្រុកបន្ទាយស្រី (រូបពីទំព័រហ្វេសប៊ុករបស់លោក ហ្វីណង់)
ស្ថានភាពខ្វះខាតទឹកនៅតំបន់ត្រពាំងថ្ម ស្រុកបន្ទាយស្រី (រូបពីទំព័រហ្វេសប៊ុករបស់លោក ហ្វីណង់)
​ភ្នំពេញ​៖ តំបន់​មួយចំនួន​នៅ​ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និង ខេត្តសៀមរាប កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​ហ៊ាន​ដាំ​ដំណាំ​ឡើយ​។ អាជ្ញាធរ​អះអាងថា នៅ​តំបន់​ទាំងនោះ គឺ​តែងតែ​ជួប​បញ្ហា​ខ្វះខាត​ទឹក ប្រមាណ​ជា​៤​ទៅ​៥​ឆ្នាំ​ជាប់​គ្នា​មកហើយ​។


​អ្នកស្រី វ៉ាត មុំ រស់នៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​១៤ ខែឧសភា ថា នៅ​តំបន់​ដែល​អ្នកស្រី រស់នៅ គ្មាន​ទឹកស្អាត​ឡើយ​។ អ្នកស្រី បន្ថែមថា កន្លងមក អាជ្ញាធរ​ក៏បាន​ចុះ​ពិនិត្យ​និង​ជួសជុល​អណ្ដូង​មួយចំនួន​ដែល​ខូចខាត​។​
 
​អ្នកស្រី ថ្លែងថា​៖«​ផ្ទះ​ខ្ញុំ​គ្មាន​អណ្ដូង​ទេ ហើយ​អ្នក​នៅ​តំបន់​នេះ​មួយចំនួន​ភាគច្រើន​គ្មាន​អណ្ដូងទឹក​និង​អណ្ដូង​រីង​។ ខ្ញុំ​បាន​ទិញ​ទឹក​ប្រើប្រាស់​ជាប្រចាំ ក្នុងតម្លៃ​១​ធុង ៣​ពាន់​រៀល ដែលមាន​ចំណុះ​​៣០០ ​លី​ត្រ ប្រើ​ក្នុង​គ្រួ​សារបាន​ត្រឹម ​២ ទៅ ​៣​ថ្ងៃ​ទេ​។ នៅ​តំបន់​នេះ គ្មាន​ទឹកស្អាត​ប្រើ​ទេ ហើយ​ទឹក​ទិញ​គេ​ប្រើ​រាល់ថ្ងៃនេះ ក៏​ទឹក​ដែល​គេ​យក​ពី​ស្រះ អណ្ដូង អូរ និង​ស្ទឹង​ពី​តំបន់​ក្បែរ​គ្នា​ដែល​មិនទាន់​រីង​មក​លក់​ដែរ ទឹក​មិន​ស្អាត​នោះទេ ជួន​ក៏​ថ្លា​ល្អ ជួន​​ទឹក​ក៏ល្អក់​។​» 
 
​លោក ឈុំ ឈាន មេឃុំ​ច្រ​ណូ​ក ដែល​ផ្តល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ដែរនោះ លើកឡើងថា នៅក្នុង​ឃុំ​ច្រ​ណូ​ក មាន​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ ដោយមាន​អណ្ដូងទឹក​ជាង​៣០​។ លោក អះអាងថា អាជ្ញាធរ​បាន​ចុះ​ដោះស្រាយ​ពី​បញ្ហា​ទឹក​ហើយ ពោលគឺ​ជួសជុល​អណ្ដូង​ដែល​ខូច គ្មាន​បញ្ហា​ខ្វះ​ទឹក​ឡើយ​។ 
 
​ប៉ុន្តែ​អ្នកស្រី វ៉ាត មុំ សង្កត់ធ្ងន់ថា រាល់​ឆ្នាំ​ចន្លោះ​ខែធ្នូ​ដល់​ខែឧសភា​នេះ គឺ​ជួប​បញ្ហា​ខ្វះ​ទឹក ព្រោះ​ជា​តំបន់ភ្នំ អណ្តូង​ក៏​មិន​ចេញ​ទឹក​ដែរ​។ បញ្ហា​ខ្វះ​ទឹក​នេះ កាន់តែ​ធ្ងន់​ទៅៗ​នៅ​ប្រមាណ​៥​ឆ្នាំ​ចុងក្រោយ ហើយ​ឆ្នាំនេះ មាន​សភាព​រីងស្ងួត​ខ្លាំង​ជាង​ឆ្នាំមុនៗ​។ រាល់ថ្ងៃ អ្នកស្រី​នៅតែ​បន្ត​ទិញ​ទឹក​ប្រើប្រាស់​ដដែល ព្រោះ​គ្មាន​អណ្ដូង ហើយ​អ្នក​រស់នៅក្នុង​ឃុំ មិនមាន​អ្នក​ដាំ​ស្រូវប្រាំង​និង​ដំណាំ​ដែលមាន​តម្រូវការ​ទឹក​ច្រើន​ឡើយ​។ 
 
​រីឯ ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងថ្ម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ សូម្បីតែ​ទឹកស្អាត​បរិភោគ​ក៏​ពិបាក​រក​ដែរ​។ នេះ​បើតាម​ការរៀប​រាប់រប​ស់ លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​១៤ ខែឧសភា​។ 
 
​លោក ឃឹម ហ្វី​ណង់ សរសេរថា​៖ «​អណ្តូង​ធម្មតា​មិនអាច​ជីក​រឺ​បុក​យក​ទឹក​ទៅប្រើ​ប្រាស់​បាន​នោះទេ ហើយ​ប្រជាជន​នៅទីនេះ​មួយចំនួន គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ស្រះ​ទឹក និង​អណ្តូងស្នប់ ដែល​បាន​ផ្តល់ជូន​ដោយ​សប្បុរសជន ដើម្បី​យក​ទឹក​ដែល​ល្អក់​ទាំងនោះ ទៅ​ច្រោះ​បន្ត​ឬ​កូរ​សាជូរ​ដើម្បី​ហូប​និង​ប្រើប្រាស់ ចំណែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការទិញ​ទឹក ពី​អ្នក​ដឹក​យកមក​លក់​ពី​តំបន់​ផ្សេង​ឡើយ​»​។ 
 
​អភិបាលស្រុក​រូបនេះ បន្ថែមថា រដូវប្រាំង​ឆ្នាំ​ខ្លះ ធ្លាប់​ធ្ងន់ធ្ងរ​ខ្លាំង​រហូតដល់​អាជ្ញាធរ​ត្រូវ​ដឹកជញ្ជូន​ទឹក​ជូន​តាម​ផ្ទះ​ទៀតផង​។ នៅក្នុង​រង្វង់​១៥​គីឡូម៉ែត្រ ពលរដ្ឋ​មិនអាច​រក​ប្រភពទឹក​ណា​បានទេ ក្រៅពី​ទឹកភ្លៀង​និង​ទឹកស្រះ ដែល​នៅ​សេសសល់​តិចតួច​ពី​រដូវវស្សា​។ លោក បន្តថា កុំថាឡើយ​ទឹក​ងូត ប្រើប្រាស់ ឬ​ស្រោច​ដំណាំ សូម្បីតែ​ទឹកស្អាត​សម្រាប់​បរិភោគ​ក៏​ពិបាក​រកបាន​ដែរ​។ 
 
​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ហើយ លោក​សង្កត់ធ្ងន់ថា នឹង​ព្យាយាម​កៀងគរ​ស្វែងរក​ដំណោះស្រាយ​យូរអង្វែង ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ដូច​តំបន់​ដទៃ​។ 
 
​ចំណែក​ខេត្តកំពង់ធំ​វិញ ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ដងស្ទឹង​សែន ពិសេស​នៅ​តំបន់​ស្រុក​កំពង់ស្វាយ កំពុង​ព្រួយបារម្ភ ពី​បញ្ហា​ប្រឈម​ការខ្វះខាត​ទឹក ដោយសារ​មើលឃើញ​ស្ថានភាព​ទឹកស្ទឹង​សែន​មានការ​ថយចុះ​ខ្លាំង ហើយ​កន្លែង​ខ្លះ​រីងស្ងួត​ទៀតផង​។ នេះ​ជាការ​រៀបរាប់​របស់លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ដោយ​បន្ថែមថា ការ​រីងស្ងួត​ទឹក​នៅ​ស្ទឹងសែន​នេះ ដោយ​កម្ពុជា​ជួប​បាតុភូត​អែល​នី​ណូ​។ លោក សុខ លូ អះអាងថា បញ្ហា​ប្រឈម​នៃ​ការខ្វះ​ទឹក​នេះ គឺអាច​ថមថយ​វិញ ព្រោះ​កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា មាន​ភ្លៀង​ធា្ល​ក់ ហើយ​រដូវវស្សា​ក៏​ឈាន​មកដល់​ដែរ​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ លោក សុខ លូ មានប្រសាសន៍ថា បើ​គ្មាន​ភ្លៀង​ធ្លាក់ និង​អាកាសធាតុ​នៅតែ​បន្ត​ក្ដៅ​ហួតហែង​ក្នុង​ខេត្តកំពង់ធំ​ទៀត ជំហាន​ដំបូង នឹង​រក​ប្រភពទឹក​ពី​តំបន់​ផ្សេង​ជួយ​ដល់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​។ លោក ថ្លែងថា លើសពីនេះ សម្រាប់​ដំណោះស្រាយ​រយៈពេល​វែង នឹង​អាច​សាងសង់​ទំ​បន់​ស្ទាក់​ទឹក ប៉ុន្តែ​គម្រោង​ត្រូវការ​អនុម័ត​ដោយ​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​៕ 

Tag:
 ខ្វះ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com