កីឡាជាតិ
ជាតិ
លោក ម៉ៃ តុលា ត្រូវឃុំខ្លួន ក្រោមការចោទប្រកាន់ថា កិបកេងលុយជាង៥ម៉ឺនដុល្លារ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធអំពើពុករលួយ។ លោក ម៉ៃ តុលា រួមជាមួយក្រុមការងារ៣រូបផ្សេងទៀតត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្យួរការងារមិនឲ្យពាក់ព័ន្ធវិស័យកីឡាអស់មួយជីវិត ក្រោយកិបកេងថវិកាជាង៥ម៉ឺនដុល្លារ។
លោក ម៉ៃ តុលា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោក រស់ ពិសិដ្ឋ ចោទពីបទរំលោភលើទំនុកចិត្ត ហើយករណីនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ។ នេះបើតាមការបញ្ជាក់របស់លោក គុជ គីមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាម។
មាត្រា៣៩៣ បានចែងថា បុគ្គលដែលប្រព្រឹត្តអំពើណាមួយ ជាការរំលោភលើទំនុកចិត្ត ក្នុងគោលបំណងទទួលផលប្រយោជន៍ដល់ខ្លួន ឬក្នុងគោលបំណងធ្វើឲ្យខូចខាតដល់នីតិបុគ្គល ហើយបានបណ្តាលឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់នីតិបុគ្គលនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ១០លានរៀល។
គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចព្យួរការងារអតីតមន្ត្រីសហព័ន្ធចំនួន៤រូបរួមមានលោក ម៉ៃ តុលា លោក ឆាំង ពិសិដ្ឋ លោក ទុយ វិច្ឆិកា និង លោក គល់ សុភារម្យ មិនឲ្យពាក់ព័ន្ធវិស័យកីឡាមួយជីវិត ពាក់ព័ន្ធរឿងកិបកេងថវិកាជាង៥ម៉ឺនដុល្លារ។
ក្រោយសហព័ន្ធចេញសេចក្តីសម្រេចមិនបានប៉ុន្មានថ្ងៃផង លោក ម៉ៃ តុលា ដែលជាអតីតអគ្គលេខាធិការស្តីទីសហព័ន្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបសួរបន្ត។ បន្ទាប់មកលោក ម៉ៃ តុលា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅស៊ើបសួរបន្តនៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានចៅក្រមស៊ើមសួរចោទពីបទរំលោភលើទំនុកចិត្ត។
បច្ចុប្បន្នលោក ម៉ៃ តុលា កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរង់ចាំកាត់ក្តីបន្ត៕
Tag:
បាល់ទាត់
ម៉ៃ តុលា
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com