បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
តើបញ្ញវន្តគួរធ្វើអ្វីខ្លះបន្ថែមទៀតក្រៅពីតួនាទី ឬមុខរបរប្រចាំថ្ងៃរបស់ពួកគេ? លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន ANUSSA
× ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពិភាក្សាជាមួយអ្នកចូលរួម
× លោក កឹម អឿន នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -ជប៉ុន
× លោក សូ ស្រណោះ ប្រគំតន្ត្រីព្យាណូ
×
×
× មួយឆ្នាំកន្លងមក តើអ្នកបានធ្វើអ្វីខ្លះដល់សង្គមជាតិ? តើគ្រប់គ្រាន់ហើយឬនៅ? ចុះមួយឆ្នាំទៅមុខទៀត អ្នកនឹងធ្វើអ្វីខ្លះ? ទាំងនេះជាសំណួរដែលត្រូវបានលើកឡើងនាកម្មវិធីជួបជុំមួយ ដែលត្រូវបានដាក់ឈ្មោះថា «ជំនួបបញ្ញវន្ត» កាលពីថ្ងៃចុងសប្តាហ៍កន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។
ជំនួបដែលត្រូវបានរៀបចំជាលើកដំបូងដោយក្រុមហ៊ុន ANUSSA Event Planner នេះ មានការចូលរួមពីមនុស្សប្រមាណ១០០នាក់ រួមមាននិស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យ បញ្ញវន្តខ្មែរដែលបញ្ចប់ការសិក្សានៅក្រៅប្រទេស ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន និងមន្ត្រីបម្រើការនៅតាមអង្គការ ឬស្ថាប័ននានា។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន ANUSSA និងជាអតីតនិស្សិតម្នាក់ដែលបានទៅសិក្សានៅសហរដ្ឋអាមេរិក បានលើកឡើងថា កម្មវិធី «ជំនួបបញ្ញវន្ត» គឺមានគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងបញ្ញវន្តខ្មែរទាំងអស់ ជាពិសេសគឺដើម្បីក្រើនរំលឹកស្មារតីដល់អ្នកដែលធ្លាប់សិក្សានៅបរទេស ថាតើពួកគេអាចធ្វើអ្វីបានបន្ថែមទៀត ក្រៅពីតួនាទី ឬមុខរបរដ៏សំខាន់ប្រចាំថ្ងៃរបស់ពួកគេ។
កម្មវិធីបានចាប់ផ្តើមឡើងជាមួយនឹងការបញ្ចាំងវីដេអូខ្លីមួយដែលមានចំណងជើងថា «ក្រឡេកមើលកម្ពុជា»។ រូបភាពវីដេអូ បានបង្ហាញឲ្យឃើញនូវទិដ្ឋភាពឆើតឆាយនៅក្នុងរាជធានី ដែលមានសំណង់ទំនើបៗ ទីផ្សារ ផ្លូវ ទីរមណីយដ្ឋាន និងស្ថាប័ននានា ហើយបន្ទាប់មក វីដេអូបានបង្ហាញរូបភាពសខ្មៅស្តីពីទុរគតភាព ការចិញ្ចឹមជីវិតជាមួយនឹងរបរតូចតាច រួមទាំងការរស់នៅលើបឹង និងទីកន្លែងនានាដែលត្រូវការជំនួយជាចាំបាច់។
ត្រង់ចំណុចនេះ លោក សេង ពិសិដ្ឋ បានគូសបញ្ជាក់ថា ខណៈដែលមានមនុស្សមួយចំនួនសប្បាយរីករាយជាមួយនឹងភាពស្កឹមស្កៃ ប៉ុន្តែក៏មានមនុស្សមួយចំនួនកំពុងជួបនូវការលំបាកផងដែរ ហើយជនដ៏កម្សត់ទាំងនោះ ពិតជាត្រូវការវិភាគទានពីសំណាក់ក្រុមបញ្ញវន្ត។
នាយកប្រតិបត្តិក្រុមហ៊ុន ANNUSA បានអះអាងថា ដើម្បីរួមវិភាគទានដល់សង្គម ក្រុមការងាររបស់លោកបានធ្វើការកិច្ចការជាច្រើន ដូចជាការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ ការណែនាំសិស្សថ្នាក់ទី១១ និង១២ ស្តីពីការត្រៀមខ្លួនចូលមហាវិទ្យាល័យ រួមទាំងការបង្រៀនណែនាំស្តីពីអាហារូបករណ៍ និងការចែកចាយសៀវភៅជាដើម។
ក្នុងកម្មវិធីជួបជុំនេះ មានការរៀបចំល្បែងកម្សាន្តមួយចំនួនដែលអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ស្គាល់គ្នា និងអាចផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពោលគឺនិស្សិតមានឱកាសធ្វើទំនាក់ទំនងជាមួយរៀមច្បងដែលសិក្សានៅក្រៅប្រទេស រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងស្ថាប័ននានា។ ក្រៅពីការសួរនាំគ្នាពីព័ត៌មានផ្ទាល់ខ្លួន អ្នកចូលរួមទាំងនោះ ជជែកវែកញែកស្វែងរកដំណោះស្រាយសង្គមផងដែរ។
លោក សូ ស្រណោះ ដែលបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកតន្ត្រីក្លាស៊ិចពីប្រទេសជប៉ុន បានប្រគំព្យាណូដ៏លន្លង់លន្លោចចំនួនពីរបទដែលមានអត្ថន័យទាក់ទងនឹងអ្វីដែលខ្លួនអាចធ្វើបានសម្រាប់សង្គមជាតិ។
បន្ថែមពីលើនេះ វាគ្មិនពីររូប គឺលោក កឹម អឿន នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា -ជប៉ុន និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំង បានរៀបរាប់ពីបទពិសោធន៍ទាក់ទងនឹងការចូលរួមវិភាគទានសង្គម។
លោក កឹម អឿន បានបញ្ជាក់ថា មជ្ឈមណ្ឌល CJCC របស់លោកបានចូលរួមជួយសង្គមតាមរយៈការបណ្តុះបណ្តាលភាសាជប៉ុន កម្មវិធីវប្បធម៌ និងការបើកវគ្គខ្លីៗលើជំនាញ Marketing ឬធនធានមនុស្សជាដើម។ លោកបានលើកឡើងថា បញ្ញវន្តគួរនាំគ្នាខំធ្វើខ្លួនឲ្យក្លាយជាដី ឬជីដែលមានជីជាតិល្អ ដោយដើរតាមលំអានពុទ្ធឱវាទទាំងកាយ វាចារ ចិត្ត។
លោកបានបន្ថែមថា៖ «បណ្ឌិតគឺជាអ្នកដែលបង្កើតឱកាសឲ្យគេ ដូច្នេះយើងអាចបង្កើតឋានសួគ៌មួយចំណែកតូចសម្រាប់អ្នកដែលនៅជិតខ្លួនយើង។ យើងតាំងចិត្តធ្វើជាដើមឈើដែលប្រឹងលូតលាស់ដើម្បីបង្កើតអុកស៊ីហ្សែន។ អ្វីៗទាំងអស់អាចសម្រេចទៅបាន គឺអាស្រ័យតែលើការសម្រេចចិត្តប៉ុណ្ណោះ ឧទាហរណ៍ យើងធាត់គឺមកពីយើងអត់ទាន់សម្រេចចិត្តឲ្យស្គម»។
វាគ្មិនម្នាក់ទៀត គឺលោក គួច ម៉េងលី ដែលបានចំណាយពេលអស់៣០ឆ្នាំនៅលើទឹកសហរដ្ឋអាមេរិកនោះ បានចាប់ផ្តើមការងារជួយសង្គមជាតិក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត មុននឹងសម្រេចបង្កើតគ្រឹះស្ថានអប់រំផ្នែកឯកជនដ៏ជោគជ័យមួយ។
ឧកញ៉ា វេជ្ជបណ្ឌិតរូបនេះ បានលើកឡើងថា៖ «យើងត្រូវព្យាយាមផ្តល់ឱកាសដល់មនុស្សឲ្យបានច្រើនដង ពីព្រោះជោគជ័យរបស់មនុស្សម្នាក់ៗ មានកត្តាបីរួមផ្សំគ្នាគឺវាសនា ឱកាស និងការព្យាយាម»។
សម្រាប់ការរួមចំណែកក្នុងសង្គម លោក គួច ម៉េងលី បានអះអាងថា ក្រុមហ៊ុនរបស់លោក បានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់សិស្ស ការបង្កើតគ្លីនិកចល័ត និងដំណើរការមីក្រូហិរញ្ញវត្ថុដែលផ្តល់កម្ចីដោយគ្មានការប្រាក់ដល់បុគ្គលិក។ បន្ថែមពីលើនេះ ក្រុមការងារដែលដឹកនាំដោយរូបលោកផ្ទាល់តែងតែចុះទៅតំបន់រងគ្រោះដើម្បីពិនិត្យជំងឺ ការជួយសាងសង់ផ្ទះ ជាដើម។
ស្ថាបនិកវិទ្យាស្ថាន និងសាលារៀនអន្តរទ្វីបអាមេរិកាំង បានណែនាំដល់បញ្ញវន្តទាំងអស់ឲ្យផ្តល់ភាពសំខាន់ដល់មនុស្សគ្រប់រូប។ លោកបានលើកឡើងថា៖ «ខ្ពស់ណាស់ សំខាន់ណាស់ ទាបណាស់ សំខាន់ណាស់ អ្នកណាក៏សំខាន់ដែរ។ បញ្ញវន្តដឹកនាំខ្លួនឯងឲ្យបានថ្លៃថ្លា ដឹកនាំគ្រួសារឲ្យបានត្រជាក់ត្រជុំ»៕
© រក្សាសិទ្ធិដោយ thmeythmey.com