COVID-19
ជាតិ
អភិបាលភ្នំពេញ៖«គ្រប់ភោជនីយដ្ឋាន ត្រូវដាក់អាល់កុលលាងដៃ ហើយភ្ញៀវ ត្រូវវាស់កម្តៅ»
18, May 2020 , 10:19 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
បន្ទាប់ពីអ្នកជំងឺកូវីដ១៩ នៅកម្ពុជា ជាសះស្បើយអស់ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ទាំងភ្ញៀវនិងម្ចាស់ហាង នៅតាមភោជនីយដ្ឋាននិងអាហាដ្ឋានមួយចំនួន  ខ្វះការប្រុងប្រយ័ត្ននិងពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរម្លឹកម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ឲ្យបន្តទប់ស្កាត់ជំងឺកូវីដ១៩ តាមណែនាំរបស់ក្រសួងសុខាភិបាល។



លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំថា ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ ត្រូវមានទឹកអាល់កុល ឬជែលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល។ លោក បន្តថា លើសពីនេះ ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ត្រូវរៀបចំបុគ្គលិក ឲ្យវាស់កម្តៅភ្ញៀវទាំងអស់ មុនអនុញ្ញាតឲ្យចូលក្នុងហាង ហើយត្រូវរក្សាគម្លាតសង្គម ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមរយៈសេចក្ដីជូនដំណឹង ចេញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកអភិបាលរាជធានីភ្នំពេញ ព្រមានថា នឹងបិទអាជីវកម្មបណ្ដោះអាសន្ន បើម្ចាស់ភោជនីយដ្ឋានឬអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំរបស់លោក។

តាមពិតទៅ វិធានការចំពោះភោជនីយដ្ឋានឬអាហារដ្ឋាននេះ មិនមែនធ្វើឡើងតែនៅភ្នំពេញទេ គឺក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមបញ្ជាអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី បង្គាប់ឲ្យអាជ្ញាធរ ចុះត្រួតពិនិត្យមើលអនាម័យ តាមភោជនីយដ្ឋាន។

ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា អាជ្ញាធរ ត្រូវដាស់តឿន បើភោជនីយដ្ឋានណា មិនរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបើនៅតែមិនស្តាប់ ភោជនីយដ្ឋានឬកន្លែងលក់ដូរនោះ នឹងត្រូវបិទជាបណ្តោះអាសន្ន។

relate 

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ត្រូវគេវាយតម្លៃថា បានធូរស្បើយ ក្រោយអ្នកជំងឺទាំង១២២នាក់ បានជាសះស្បើយ។ យ៉ាងណា រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៅតែទទូចឲ្យប្រជាជនបន្តប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺនេះ ដោយមិនត្រូវធ្វេសប្រហែសឡើយ៕

Tag:
 COVID-19
  អាហា​រដ្ឋា​ន​
© រក្សាសិទ្ធិដោយ thmeythmey.com