ជាតិ
សេដ្ឋកិច្ច
​បន្ទាប់ពី​ចិន កម្ពុជា​សិក្សា​លទ្ធភាព​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េខាងត្បូង និង​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី​
19, May 2020 , 10:56 am        
រូបភាព
លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កំពុង​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​យុទ្ធសាស្ត្រ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជា​ប្រទេស និង​តំបន់​៨​។ ប្រភព​រូប​៖ ក្រសួងពាណិជ្ជកម្ម​។​
លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កំពុង​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​យុទ្ធសាស្ត្រ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជា​ប្រទេស និង​តំបន់​៨​។ ប្រភព​រូប​៖ ក្រសួងពាណិជ្ជកម្ម​។​
 ភ្នំពេញ​៖ កម្ពុជា​បាន​សិក្សា​រួម​នៃ​ការចរចា​ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​កូរ៉េខាងត្បូង និង​កំពុង​សិក្សា​លើ​លទ្ធភាព​ខ្លួនឯង ក្នុងការ​បង្កើត​ពាណិជ្ជ​កម្ម​សេរី​នេះ ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី ​(EAEU) ដែលជា​តំបន់​ពាណិជ្ជកម្ម​រួម ស្ថិតនៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​។ នេះ​ជាការ​លើកឡើង​របស់ លោក ឡុង កែម​វិចិត្រ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ដោយ​អះអាងថា កូរ៉េខាងត្បូង និង EAEU  គឺជា​មុខសញ្ញា​ថ្មី​បន្ទាប់ពី​ប្រទេស​ចិន ដែល​កម្ពុជា​បាន​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ចំនួន​ពីរលើក​រួចហើយ ដោយ​គ្រោង​បញ្ចប់​កិច្ចចរចា​នេះ​ចុងក្រោយ នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០​។​

 
​កាលពី​ថ្ងៃទី​១៣ ឧសភា លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ ជាមួយ​ក្រុមការងារ​ជំនាញ ដើម្បី​សិក្សា និង​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ​ចរចា ​ក្នុងការ​បង្កើត​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​ធំៗ​ចំនួន​៨​។ ក្នុងនោះ មាន​ប្រទេស​ចិន កូរ៉េខាងត្បូង និង EAEU អង់គ្លេស អាមេរិក ជប៉ុន ម៉ុង​ហ្គោ​លី ឥណ្ឌា ដែលជា​ប្រទេស​គោលដៅ​របស់​កម្ពុជា​។ 
 
​បើតាម លោក ឡុង កែម​វិចិត្រ  បច្ចុប្បន្ន​កម្ពុជា កំពុង​សិក្សា​ពី​លទ្ធភាព​ខ្លួនឯង ​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​និង​តំបន់​គោលដៅ​ទាំងនោះ ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​សេរី​នេះ​។ លោក​បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​តាម​ទូរ​សព្ទ កាលពី​ថ្ងៃទី​១៨​ឧសភា ថា ៖«​យើង​កំពុង​សិក្សា​លើ​ខ្លួនឯង​ជាមុនសិន ថា​នឹង​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ ប្រសិនបើ​យើង​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ឡើង ហើយនឹង​មានលទ្ធភាព​អ្វីខ្ លះ​ថា​គេ​ព្រម​ទទួលយក និង​អ្វីខ្លះ​ដែល​គេ​មិន​ទទួលយក​»​។ 
 
 
​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​រូបនេះ បានឱ្យដឹងថា ក្នុងចំណោម​ប្រទេស​គោលដៅ​ទាំង​៨​ខាងលើ ក្រៅពី​ប្រទេស​ចិន​ ដែល​កម្ពុជា​បាន​ចរចា​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ពីរដង​រួម​មកហើយ​នោះ កម្ពុជា​កំពុង​ចាប់ផ្តើម​សិក្សា​លម្អិត​ទៅលើ​សេដ្ឋកិច្ច និង​ផលប៉ះពាល់​នានា ជាមួយ​ប្រទេស​កូរ៉េ និង​តំបន់ EAEU ជា​ប្រទេស​អាទិភាព​ ដែល​កម្ពុជា​មើលឃើញ​ក្នុងចំណោម​ប្រទេស​គោលដៅ​ទាំងនោះ​។​
 
​លោក ឡុង កែម​វិចិត្រ   បាន​និយាយ​ដូច្នេះ​៖«កូរ៉េ និង​តំបន់ EAEU គឺជា​មុខសញ្ញា​[​ចរចា​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​] បន្ទាប់ពី​ចិន​ដែល​យើង​កំពុង​សិក្សា​»​។​
 
​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ាស៊ី (EAEU) ជា​អង្គការ​សមាហរណកម្ម​ថ្នាក់​តំបន់​នៅ​អាស៊ី​ខាងលិច  អាស៊ី​ខាងកើត និង​អាស៊ី​កណ្តាល​ ដែល​ជំរុញ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម ធនធាន និង​កម្លាំង​ពលកម្ម ដោយមាន​អា​មេ​នី បេឡា​រុស កា​ហ្សា​ក់​ស្ថាន គៀរ​ហ្ស៊ី​ស​ស្ថាន និង​រុស្ស៊ី ជា​សមាជិក​។​
 
 
​បើ​តាមលោក អ៊ូ វីរៈ ប្រធាន​និង​ជា​ស្ថាបនិក​វេទិកាអនាគត កម្ពុជា​គួរតែ​ខិតខំ​ជំរុញ និង​បង្កើតឱ្យមាន​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី ​រវាង​ប្រទេស និង​តំបន់​ឱ្យបាន​ច្រើន  ដើម្បី​ជួយ​សេដ្ឋកិច្ច ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ពិភពលោក​។  លោក​បាន​បន្តថា ការធ្វើ​ពាណិជ្ជកម្ម​សេរី​នេះ កម្ពុជា​មិន​ត្រឹម​តែមាន​ប្រយោជន៍ ​ក្នុងការ​នាំចេញ​នោះទេ សូម្បីតែ​ការនាំ​ចូល​ក៏មាន​ប្រយោជន៍ ​និង​ចំណេញ​សេដ្ឋកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​តែម្តង​។ 
 
​លោក​បាន​អះអាងថា ការហូរ​ទំនិញ​ដោយ​សេរី​លើ​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជ​កិ​ម្ម​នេះ  គឺមាន​ប្រសិទ្ធភាព​ និង​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ដែលជា​អ្នក​ផលិត​ មានឱកាស​ប្រកួតប្រជែង និង​បង្កើន​សមត្ថភាពផលិត​ទំនិញ​ឱ្យមាន​គុណភាព និង​តម្លៃ​សមរម្យ នៅលើ​ទីផ្សារ​ពិភពលោក គឺជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​ពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​។​
 
​ក្នុងចំណោម​ប្រទេស​ទាំង​៨​ខាងលើ ដែល​កម្ពុជា​កំណត់​គោលដៅ ក្នុងការ​ចរចា​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នោះ ប្រធាន​វេទិកា​អនាគត​រូបនេះ មើលឃើញ​បន្ទាប់ពី​ប្រទេស​ចិន   គឺ​ប្រទេស​អង់គ្លេស ដែលមាន​សក្កា​នុព​ល​ខ្លាំង ​ក្នុង​ការឱ្យ​កម្ពុជា​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​។ «​អង់គ្លេស ជា​ប្រទេស​ទី​ពីរ​ក្នុង​អឺរ៉ុប បន្ទប់​ពី​អាល្លឺម៉ង់ ដែល​នាំចូល​សម្លៀកបំពាក់ និង​ស្បែកជើង ​(​វិស័យ​វាយ​ន​ភណ្ឌ​)​ របស់​យើង​ច្រើនជាងគេ​»​។ នេះ​ជា​អ្វីដែល​លោក អ៊ូ វីរៈ មើលឃើញ​លក្ខណៈ​សំខាន់ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​អង់គ្លេស​។ 
 
 
​លោក​និយាយ​ដូច្នេះ​៖«​នៅក្នុង​តំបន់​អឺរ៉ុប​ហ្នឹង ក្នុងករណី​ណា​ដែល​កម្ពុ​ជាមាន​ផលប៉ះពាល់​ពី​ការ​រឹត​បន្តឹង និង​ការពិន័យ ​EBA ដោយសារ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះ ប្រសិនបើ​កម្ពុ​ជា មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​អង់គ្លេស នោះ​យើង​អាច​រួចផុត​បាន​មួយផ្នែកធំ​ដែរ ក្នុងការ​នាំចេញ​ផលិតផល​កាត់ដេរ​ ទៅ​អង់គ្លេស​ហ្នឹង​។ ព្រោះអង់គ្លេស​បាន​ដើរ​ចេញពី​សហភាព​អឺរ៉ុប ដូច្នេះ​ខ្ញុំ​មើលឃើញថា អង់គ្លេស​គ្មាន​គំនាប​អ្វី​ពី​បញ្ហា EBA របស់​អឺរ៉ុប មកលើ​កម្ពុជា​ឡើយ​»​។ 
 
 
​ថ្វី​ដ្បិត​អង់គ្លេស​ មាន​​សក្កា​នុព​ល​ខ្លាំង​សម្រាប់​កម្ពុជា ក្នុងការ​នាំចេញ​ផលិតផល​​​វាយ​ន​ភណ្ឌ នៃ​ពាណិជ្ជកម្ម​សេរី​ក៏ពិតមែន ប៉ុន្តែ​លោក​ អ៊ូ វីរៈ ក៏​មិន​រំលងប្រទេសកូរ៉េ និងជប៉ុនដែរ។ ប្រទេសអាស៊ីទាំង២នេះ ក៏កម្ពុជាអាច​ចរចា​កិច្ច​ព្រម​ពៀង​ពាណិជ្ជកម្ម​សេរី​ជាមួយបានដែរ។
​ 
​បើតាម​លោក អ៊ូ វីរៈ ក្រៅពី​ប្រទេស​និង​តំបន់​ទាំង​៨​ខាងលើ​ ដែល​គោលដៅ​ធ្វើ​ពាណិជ្ជកម្ម​សេរី កម្ពុជា​គួរតែ​បើកចំហ​​ពាណិជ្ជ​កម្ម​សេរី​ ជាមួយ​ប្រទេស​អូ​ស្រា្ត​លី​ទៀត ព្រោះ​អូស្ត្រាលី​ជា​ប្រទេស​នាំចេញ​ធនធានធម្មជាតិ​ធំជាងគេ ​ក្នុងចំណោម​ផលិតផល​ក្នុងស្រុក​។  លោក​បញ្ជាក់ថា សម្រាប់​កម្ពុជា ក៏មាន​ធនធានធម្មជាតិ​ច្រើនបែបដែរ ប៉ុន្តែ​ធនធានធម្មជាតិ​នីមួយៗ គឺមាន​បរិមាណ​តិចតួច​ណាស់​ មិនអាច​នាំឱ្យ​កម្ពុជា ​ក្លាយជា​ទីផ្សារ​ពិភពលោក​បានទេ​។  ដូច្នេះ បើ​កម្ពុជា​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​អូស្ត្រាលី គឺអាច​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ប្រទេស​នេះ​។ 
 


លោក អ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិកាអនាគត។

«​ប្រសិនបើ​យើង​ធ្វើ​ពាណិជ្ជកម្ម​សេរី​មួយចំនួន​លើ​វិស័យ​ធនធានធម្មជាតិ​នេះ យើង​ក៏មាន​ផលប្រយោជន៍​ពី​អូ​ស្រា្ត​លី​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ូ វីរៈ ដោយ​បន្តថា ទោះ​ទីផ្សារ​ប្រទេស​អូ​ស្រា្ត​លី មិនសូវ​ធំ ហើយក៏​មិន​នាំចូល​ផលិតផល​ពី​កម្ពុជា​ច្រើន​ក៏ដោយ ប្រសិន​កម្ពុជា​មានការ​ចេញ​ទំនិញ​ទៅ​ប្រ​ទស​នេះ ដោយមាន​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ គឺជា​កត្តា​ជំរុញ​ធំ​មួយ​ដល់​ប្រទេស​នានា​ដែល​ចង់​នាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​អូស្ត្រាលី មក​វិយោគ​នៅ​កម្ពុជា​។ 
 
 
​សម្រាប់​កម្ពុជា ការបើកចំហរ​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​នានា​ក្នុង​ពិភពលោក គឺជា​ផលចំណេញ​ធំ​នៃ​សេដ្ឋកិច្ចជាតិ ហើយ​កម្ពុជា​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បើកចំហរ​ពាណិជ្ជកម្ម​សេរី​ដែរ ព្រោះ កម្ពុជា​ជា​ប្រទេស​តូច​។ បើតាម​លោក អ៊ូ វីរៈ ៖« ទោះបី​យើង​[​គិតថា​]​យើង​អាច​ផលិត​ខ្លួនឯងបាន តែ​ខ្ញុំ​មើលទៅ​គឺ​មិនអាច​ធ្វើ​បានទេ ពិសេស​ការ​ផលិត​ដែលមាន​តម្លៃ​ច្រើន​គន្លាក់ ក្នុង​វិស័យ​អេឡិចត្រូនិក បច្ចេកវិទ្យា និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ក្នុងផ្ទះ​ជាដើម គឺ​សុទ្ធតែ​យើង​ធ្វើ​ខ្លួនឯង​មិនបាន​។ អ៊ីចឹង ទោះបី​យ៉ាងម៉េច ​ក៏​យើង​ពឹងផ្អែក​ការផលិត​មួយ​ដែលមាន​ការចូលរួម​ពី​ប្រទេស​ច្រើន​។ ក្នុងនោះ​យើង​អាចជា​ផ្នែក​មួយ​ក្នុងការ​ផលិត​នៃ​ចង្វាក់​ផលិតកម្ម​ហ្នឹង​»​។  
 
​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ កន្លងមក អ្នកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​កម្ពុជា  ដើម្បី​ពិភាក្សា​ការងារ​។ ជាមួយគ្នានេះ អ្នកស្រី តឹក​រ៉េត កំរង ក៏បាន​ស្នើសុំ​ឲ្យ​រុស្ស៊ី ជំរុញ និង​គាំទ្រ​លើ​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-EAEU ក្នុងទិសដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​។​
 
​ជាការ​ឆ្លើយតប លោ​ឯកអគ្គរដ្ឋទូត​រុស្សី​រូបនេះ  បាន​សន្យា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចពិភាក្សា និង​ការសហការ រវាង​កម្ពុជា​ជាមួយ EAEU ឲ្យ​កាន់តែ​បាន​ជិតស្និទ្ធ ក្នុង​អាណត្តិ​ដែល​លោក​បំពេញ​បេស​កកម្ម​នៅ​កម្ពុជា​៕
 

Tag:
 ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com