COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
FC Seoul ប្រឈមការពិន័យជុំវិញការប្រើតុក្កតាសិចក្នុងកីឡដ្ឋាន
× ក្រុម FC Seoul អាចត្រូវទទួលការពិន័យ ឬកាត់ពិន្ទុ ដោយសារការប្រើប្រាស់តុក្កតាសិចជំនួសឲ្យអ្នកគាំទ្រដើម្បីបំពេញកន្លែងទំនេរអំឡុងពេលប្រកួតលីគក្របខណ្ឌកំពូលកូរ៉េខាងត្បូង (K-League 1)។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។
នាជ័យជម្នះ ១-០ លើក្រុម Gwangju FC កាលពីថ្ងៃទី១៧ ខែឧសភាចុងសប្តាហ៍មុន FC Seoul បានដាក់តុក្កតាដោយមានស្លៀកពាក់ក្រុមរបស់ខ្លួនអង្គុយលើកៅអី និងឈរកាន់បដា ដើម្បីជំនួសឲ្យអវត្តមានរបស់អ្នកគាំទ្រក្នុងទីលាន ដ្បិតការប្រកួតតម្រូវឲ្យបិទទ្វារកីឡដ្ឋាន ដោយសារបារម្ភពីជំងឺ COVID-19 ។
អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍បានឃើញរូបភាពតុក្កតាសិចទាំងនោះនិងមានបង្ហាញឈ្មោះក្រុមហ៊ុនផលិតផល ដែលគេស្គាល់ថាជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតឧបករណ៍សិចនោះ។ ទោះយ៉ាងណា ក្រុមក្នុងក្របខណ្ឌ K-League 1 មួយនេះ បានសុំទោសទៅកាន់អ្នកគាំទ្ររបស់ពួកគេ បន្ទាប់ពីអ្នកគាំទ្រទាំងនោះបានរិះគន់ និងចោទប្រកាន់ក្លិបថា បានប្រើតុក្កតាសិចនៅក្នុងកីឡដ្ឋានអំឡុងពេលប្រកួត។
ជុំវិញករណីនេះ ក្រុម FC Seoul អាចនឹងត្រូវកាត់ពិន្ទុចំនួន៥ពិន្ទុសម្រាប់ការប្រកួតរដូវកាលនេះ ឬប្រឈមនឹងការពិន័យជាប្រាក់៥លានវ៉ុន (ជាង៤ពាន់ដុល្លារអាមេរិក)។
ស្របពេលការសុំទោសពីសំណាក់ក្លិបទៅកាន់អ្នកគាំទ្រ FC Seoul ក៏បានអះអាងថា ពួកគេមានការធ្វេសប្រហែសក្នុងការពិនិត្យមើលទំនិញពេលក្រុមហ៊ុនប្រគល់ឲ្យ ហើយអ្នកពិនិត្យក៏មិនដឹងថាតុក្កតាទាំងនោះគឺជាផលិតផលសិចសម្រាប់មនុស្សពេញវ័យនោះដែរ។ ដោយឡែក ក្រុមហ៊ុនផលិតឧបករណ៍សិចបានប្រាប់ BBC ថាពួកគេក៏បានសុំទោសក្លិប FC Seoul រួចហើយដែរ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ថា តុក្កតាទាំងនោះជាតុក្កតាដែលមានលំដាប់ធម្មតាប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com