COVID-19
ជាតិ
រដ្ឋាភិបាល មិនយកថ្លៃអនុភាពអគ្គិសនី និងបញ្ចុះថ្លៃ២៥ភាគរយដល់ម្ចាស់អាជីវកម្មក្នុងវិស័យ៤ រូបពីក្រសួងរ៉ែ និងថាមពល
× ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានសម្រេចមិនយកថ្លៃអនុភាពទំហំអគ្គិសនី ហើយបញ្ចុះថ្លៃ២៥ភាគរយទៀត ដល់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងសេវាកម្ម។ ផែនការអនុគ្រោះនេះ គឺដើម្បីជួយសម្រាកបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលទប់ស្កាត់កូវីដ-១៩។ នេះបើតាមលោក វុចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក វុចទ័រ ហ្សូនា បានបញ្ជាក់ថា ក្រសួងនឹងអនុគ្រោះដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់នោះ រយៈពេល៥ខែ គឺចាប់ពីខែមិថុនាដល់តុលា ឆ្នាំ២០២០។ លោក ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២០ឧសភា តាមទូរស័ព្ទថា៖«ថ្លៃអគ្គិសនីប្រចាំខែខាងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ជាទូទៅមានពីរបូកចូលគ្នា គឺតម្លៃអនុភាពទំហំអគ្គិសនីនិងបរិមាណថាមពលអគ្គិសនីដែលប្រើប្រចាំខែ។ ហើយការអនុគ្រោះមិនយកតម្លៃនេះ គឺតម្លៃអនុភាព»។
ការអនុគ្រោះនេះ គឺផ្ដល់ចំពោះទីតាំងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ប៉ុណ្ណោះ។ ក្រៅពីនេះ ក្រសួង ក៏សម្រេចបញ្ចុះតម្លៃ២៥ភាគរយ ក្នុងរយៈពេល៦ខែដូចគ្នាផងដែរ។ ករណីនេះ បើម្ចាស់អាជីវកម្មណាប្រើថាមពលអគ្គិសនីលើសចំនួនដែលធ្លាប់ប្រើប្រចាំខែកាលពីអំឡុង៣ខែដើមឆ្នាំ (លើសពីខែ មករា កុម្ភៈ ឬមីនា) នឹងត្រូវបញ្ចុះតម្លៃអគ្គិសនី២៥ភាគរយ។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល៕
© រក្សាសិទ្ធិដោយ thmeythmey.com