ខ្មែរ​ក្រហម
ជាតិ
រដ្ឋាភិបាល​ផ្ដល់​ថវិកា១,៨លាន​ដុល្លារ​ដល់​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម
28, Oct 2013 , 4:34 pm        
រូបភាព
ដោយ:
រដ្ឋាភិបាល​ប្រទេស​កម្ពុជា បានសម្រេច​ផ្ដល់​ថវិកា​បន្ថែមចំនួន ១,៨លាន​ដុល្លារ​អាមេរិក ជា​មូលនិធិ​សង្គ្រោះបន្ទាន់ ដល់​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម សម្រាប់​ឆ្នាំ២០១។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្ដីទី​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ។


ការសម្រេច​ផ្ដល់នូវ​ថវិកា​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជំនួប​កំពូល រវាង​សម្ដេច ហ៊ុន សែន និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន នៅ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី១០ ខែតុលា​កន្លង​ទៅនោះ។ ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​អំពាវនាវ​ផងដែរ ដល់​សហគមន៍​អន្តរជាតិ បន្ត​ផ្ដល់ជំនួយ ដល់​សាលាក្ដី​ខ្មែរក្រហម ដែល​កំពុង​បំពេញការងារ​យ៉ាងសកម្ម ក្នុងការ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម។

ការផ្ដល់​នូវ​ថវិកា​នេះ គឺ​ចំ​ពេលដែល​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម កំពុងតែជួបប្រទះ​នូវ​កង្វះ​សាច់ប្រាក់​សម្រាប់​បើកប្រាក់​ខែ​ជូន​បុគ្គលិក និង​ដើម្បី​ធានាថា​ភាគី​ជាតិ អាចបំពេញ​ការងារ​រ​បស់​ខ្លួន​ដោយ​មិន​ការរអាក់រអួល រហូតដល់​ចុងឆ្នាំ២០១៣ ។ ស្រប​ពេលនេះ​ផងដែរ អង្គ​ជំនុំ​ជំ​រះ​សាលាដំបូង កំពុងតែ​បន្តធ្វើ​សវនាការ​លើ​សេចក្ដីសន្និដ្ឋាន​បិទ​បញ្ចប់ ការដេញដោល​ពី​ភស្តុតាង លើ​សំណុំរឿង ០០២/០១ ដែល​រំពឹងថា នឹងត្រូវ​ប្រកាស​សាលក្រម នៅ​ពាក់កណ្ដាល​ឆ្នាំ២០១៤ នោះ៕




© រក្សាសិទ្ធិដោយ thmeythmey.com