COVID-19
អន្តរជាតិ
លោក គីម ប្តេជ្ញាពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ក្នុងកិច្ចប្រជុំយោធា នៅថ្ងៃទី២៣ ខែឧសភា (ប្រភព KCNA)
× មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានពិភាក្សាគោលនយោបាយថ្មីដើម្បីពង្រឹងសមត្ថភាពឆ្លើយតបការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់ប្រទេស ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកជាប់គាំង។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍បែបនេះនៅថ្ងៃទី២៤ ខែឧសភា។ កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងជំនួបយោធាមួយ ដែលមានលោកគីមជាប្រធាន។
ជំនួបគណៈកម្មការយោធាមជ្ឈិមដ៏មានឥទ្ធិពលរបស់បក្សពលករកូរ៉េខាងជើង គឺជាការបង្ហាញមុខជាសាធារណៈលើកដំបូងក្នុងពេល៣សប្តាហ៍ចុងក្រោយ ពោលគឺវត្តមានលោកនៅពិធីបើកសម្ភាធរោងចក្រមួយកាលពីដើមខែឧសភានេះ។ វត្តមាននេះបានបិទបញ្ចប់មន្ទិលសង្ស័យពាក់ព័ន្ធពាក់ព័ន្ធបញ្ហាសុខភាពលោក។
«កិច្ចពិភាក្សានៅជំនួបនេះ គឺជាគោលនយោបាយថ្មីសម្រាប់បង្កើនសមត្ថភាពឆ្លើយតបអាវុធនុយក្លេអ៊ែរប្រទេស»។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ចុះផ្សាយបែបនេះ ដោយបន្ថែមថា លោក គីម ជុងអ៊ុន បានចុះហត្ថលេខាលើបទបញ្ជាចំនួន៧។ បទបញ្ជាទាំងនេះពាក់ព័ន្ធនឹងការពង្រឹងទំនួលខុសត្រូវនិងតួនាទីនៃស្ថាប័នអប់រំយោធាសំខាន់ រៀបចំឡើងវិញប្រព័ន្ធបញ្ជាការយោធា និងដំឡើងឋានន្តរសក្តិយោធាជូនដល់មន្ត្រីបញ្ជាការ។
បើតាមរបាយការណ៍របស់ KCNA ដដែល កិច្ចប្រជុំនេះ ត្រូវចាត់ទុកជាចំណុចរបត់ជាប្រវត្តិសាស្ត្រដ៏ សំខាន់បំផុតមួយក្នុងការបង្កើនសមត្ថភាពកងកម្លាំងយោធាបដិវត្តន៍កូរ៉េខាងជើង។ ម្យ៉ាងទៀត ជំនួបនេះដែរ ក៏បានសើរើឡើងវិញនិងវិភាគលើចន្លោះប្រហោងនៃសកម្មភាពយោធានិងនយោបាយជារួមរបស់កងកម្លាំងយោធារបស់ប្រទេសកូរ៉េខាងជើង ហើយក៏បានពិភាក្សាដោះស្រាយពួកវាផងដែរ។
កិច្ចចរចាដឹកនាំដោយសហរដ្ឋអាមេរិកដែលមានគោលដៅរំលាយកម្មវិធីមីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហាក់ជាប់គាំងដោយគ្មានការវិវត្តអ្វីសោះ ចាប់តាំងពីចុងឆ្នាំ២០១៩មក ជាពិសេសក្រោយការប្រយុទ្ធសកលប្រឆាំងCOVID-19 ចាប់ផ្ដើម។
ក្នុងបរិយាសកាសជាប់គាំងបែបនេះ របបក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៊ីលជាច្រើនលើក នាដើមឆ្នាំ២០២០នេះ។ ជាក់ស្តែង កាលពីចុងខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលដែលពុំអាចកំណត់អត្តសញ្ញាណបានចូលទៅក្នុងឆ្នេរសមុទ្រក្បែរប្រទេសជប៉ុន។ ហើយនេះគឺជាបាញ់សាកល្បងលើកទី៦ហើយរបស់របបផ្ដាច់ការក្រុងព្យុងយ៉ាងនេះ ក្នុងពេលតិចជាង១ខែ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
សហរដ្ឋអាមេរិក
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com