COVID-19
អន្តរជាតិ
COVID-19៖ចិននឹងផលិតម៉ាស់១០០ពាន់លានសន្លឹកក្នុងឆ្នាំនេះសម្រាប់ផ្គត់ផ្គង់ ប្រភពរូប៖ Nikkei Asian Review
× ផលិតកម្មម៉ាស់របស់ចិនសម្រាប់ឆ្នាំ២០២០នេះ រំពឹងកើនឡើងជាង២០ដងលើសចំនួនម៉ាស់សរុបដែលផលិតក្នុងឆ្នាំ២០១៩។ កំណើនដ៏គំហុកបែបនេះ កើតឡើងដើម្បីបំពេញតម្រូវការសកលបង្កឡើងដោយសារជំងឺរាតត្បាតសកល COVID-19 ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩។
ការស្រាវជ្រាវរបស់អង្គការ iiMedia ដែលមានមូលដ្ឋាននៅទីក្រុង Guangzhou ប្រទេសចិន រំពឹងផលិតម៉ាស់រហូតដល់១០២,២ពាន់លានសន្លឹក ក្នុងឆ្នាំ២០២០ ដែលហក់ឡើងជាង២០,៥ដង បើធៀបនឹងតួលេខសរុបកាលពីឆ្នាំមុន។
បណ្ដាក្រុមហ៊ុនក្រៅវិស័យនេះ បានចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ រួមមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំមួយរបស់ប្រទេស ឈ្មោះថា BYD ដែលផលិតម៉ាស់ជាង៥០លានសន្លឹកក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asian Review នៅថ្ងៃទី២៣ ខែឧសភា។
ការហក់ឡើងនេះ ត្រូវបានជំរុញមួយផ្នែកធំពីសំណាក់រដ្ឋាភិបាលចិន ដែលបានលើកទឹកចិត្តឲ្យបណ្ដាក្រុមហ៊ុនចិននានាផ្គត់ផ្គង់ម៉ាស់ទៅកាន់កម្មកររោងចក្រ ដែលជាលក្ខខណ្ឌនៃការបើកដំណើរការរោងចក្រពួកគេឡើងវិញ។ បើតាមរបាយការណ៍អង្គការចិន iiMedia ដដែល ផលិតកម្មម៉ាស់ រំពឹងថាធ្លាក់ចុះ៣០ភាគរយក្នុងឆ្នាំ២០២១ខាងមុខ។
មែនទែន រដ្ឋាភិបាលក្រុង ប៉េកាំង ក៏បានបរិច្ឆាគម៉ាស់និងបរិក្ខារពេទ្យផ្សេងទៀតជាច្រើនទៅកាន់បណ្ដាប្រទេសដទៃ។ ទង្វើបែបនេះត្រូវបានក្រុមអ្នកអង្កេតការខ្លះមើលឃើញថា វាគឺជាថ្នូរដើម្បីបន្ធូរបន្ថយការរិះគន់ពាក់ព័ន្ធដែលប្រទេសនេះបានអនុញ្ញាតឲ្យវីរុសរាលដាលទូទាំងពិភពលោក។
បច្ចុប្បន្ន ជំងឺCOVID-19នេះ បានចម្លងមនុស្សទូទាំងពិភពលោកសរុប ៥,៤លានករណី និងសម្លាប់មនុស្ស៣៤៤ ០៤១នាក់ហើយ។ ក្នុងចំណោមករណីឆ្លងសរុប មនុស្សជាង២,២៤លាននាក់ជាសះស្បើយ។ នេះបើតាមវេបសាយ worldometers៕
© រក្សាសិទ្ធិដោយ thmeythmey.com