អន្តរជាតិ
អតីតអ្នករាយការណ៍ពិសេសUN៖ មីយ៉ាន់ម៉ា មិនបានធ្វើអ្វីសោះសម្រាប់រ៉ូហ៊ីងយ៉ា ក្រោយ ICJ ចេញសេចក្តីបង្គាប់បញ្ជា រូបភាព Anadolu Agency
× អតីតមន្ត្រីជំនាញអង្គការសហប្រជាជាតិ បានវាយតម្លៃអវិជ្ជមានបំផុតលើចំណាត់ការដែលជាដំណោះស្រាយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាទៅលើក្រុមជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ ការវាយតម្លៃនេះ ផ្អែកទៅលើលទ្ធផលពីសេចក្តីបង្គាប់បញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រុងឡាអេ ដែលបានដាក់ឲ្យមីយ៉ាន់ម៉ាអនុវត្តក្នុងការធានាឲ្យបានយុត្តិធម៌សម្រាប់ជនរងគ្រោះជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
លោកស្រី Yanghee Lee ដែលទើបតែផុតអាណត្តិជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានពីរសប្តាហ៍ហើយនោះ តាមរយៈវេទិកាដែលរៀបចំដោយមជ្ឈមណ្ឌលយុត្តិធម៌សកល នៅថ្ងៃ២២ ឧសភាកន្លងទៅ បានអះអាងថា រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនបានធ្វើអ្វីសោះឡើយ ដើម្បីបញ្ឈប់អំពើប្រល័យពូជសាសន៍នៅក្នុងរដ្ឋរ៉ាខាន ដែលជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា។
គួររម្លឹកបន្តិច នៅខែមករាដើមឆ្នាំកន្លងទៅ តុលាការយុត្តិធម៌អន្តរជាតិ របស់អង្គការសហប្រជាជាតិ បានចេញសេចក្តីបង្គាប់បញ្ជាមួយ ដោយតម្រូវឲ្យមីយ៉ាន់ម៉ាអនុវត្តវិធានការមួយចំនួនដើម្បីជាការឆ្លើយតបនឹងបញ្ហាវិបត្តិនៅក្នុងរដ្ឋ រ៉ាខាន។ ក្នុងនោះរាប់បញ្ចូលទាំង ការធានាឲ្យបានការមិនប្រព្រឹត្តអំពើពាក់ព័ន្ធប្រល័យពូជសាសន៍នៅក្នុងប្រទេស, មិនត្រូវឲ្យមានសកម្មភាពបំផ្លាញ ឬដកចេញវត្ថុតាងនៃអំពើប្រល័យពូជសាសន៍ និងទប់ស្កាត់ការរើសអើងជាដើម។
ក៏ប៉ុន្តែ តាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times តាមរយៈវេទិកាដដែលនោះ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលយុត្តិធម៌សកល យល់ឃើញថា សេចក្តីបង្គាប់បញ្ជារបស់តុលាការ មិនមានការណែនាំជាក់លាក់សម្រាប់អនុវត្ត និងត្រួតពិនិត្យ និងជាពិសេសនោះមិនបានឆ្លើយតបទៅនឹងបញ្ហាដែលជាឬសគល់នៃការរើសអើងជាប្រព័ន្ធនៅក្នុងសង្គមមីយ៉ាន់ម៉ា។
សម្រាប់លោកស្រី Lee ដែលមិនមើលឃើញពីចំណាត់ការមុតមាំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា លើជនរងគ្រោះ យល់ឃើញថា ដើម្បីបញ្ឈប់ការរើសអើង និងការធ្វើទុក្ខបុកម្នេញ មីយ៉ាន់ម៉ា ត្រូវការច្បាប់មួយ ដែលបញ្ចូលអនុសញ្ញាស្តីពីអំពើប្រល័យពូជសាសន៍ទៅក្នុងច្បាប់ក្នុងស្រុក។ លោកស្រី អះអាងថាច្បាប់មីយ៉ាន់ម៉ាបច្ចុប្បន្ន មិនត្រឹមតែមិនអាចនាំអ្នកប្រព្រឹត្តបទល្មើសមកទទួលខុសត្រូវប៉ុណ្ណោះទេ តែថែមទាំងគ្មានតម្លាភាពទៀតផង។
យ៉ាងណាក៏ដោយ តាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្រោយពីតុលាការបានចេញការបង្គាប់បញ្ជាពាក់ព័ន្ធនឹងបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា លោកប្រធានាធិបតីមីយ៉ាន់ម៉ា Win Myint បានចេញបញ្ជាឲ្យរដ្ឋាភិបាលតំបន់ និងយោធារបស់ខ្លួន មិនឲ្យដកចេញ ឬបំផ្លាញវត្ថុតាងនានាពាក់ព័ន្ធការចោទប្រកាន់អំពើប្រល័យពូជសាសន៍ក្នុងរដ្ឋរ៉ាខាន ខណៈទប់ស្កាត់ឲ្យបាននូវការប្រព្រឹត្តអំពើដែលអាចរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ និងការរើសអើងទៀតផង៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com