ជាតិ
សេដ្ឋកិច្ច
COVID-19៖ លោក ជា ចាន់តូ ផ្ដាំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ ដោះស្រាយ​បញ្ហា​អតិថិជន​ដោយ​ទន់ភ្លន់ និង​អនុគ្រោះ​
25, May 2020 , 5:42 pm        
រូបភាព
ភ្នំពេញ​៖ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ បាន​ផ្ដាំ​ឱ្យ​ធនាគារ និង​មីក្រូ​ហិរញ្ញ​ទាំងអស់ បន្ត​ដោះស្រាយ​បញ្ហា​អតិថិជន ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ដោយ​ភាពទន់ភ្លន់ និង​អនុគ្រោះ​។

 
​លោក ជា ចាន់តូ បាន​រំឭកថា ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវអនុវត្ត​វិធានការ​នានា​របស់​ធនា​គារ​ជាតិ​កម្ពុជា ដែល​បាន​ដាក់ចេញ​កន្លងមក និង​នាពេល​អនាគត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់ និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​ថ្លែង​ក្នុង​សិក្ខាសាលា​នៅ​សាលាខេត្ត​បន្ទាយមានជ័យ ស្ដីពី​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រោម​ប្រធានបទ កិច្ច​គាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក្នុង​ស្ថា​ភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៥ ឧសភា  លោក ជា ចាន់តូ បាន​សង្កត់ធ្ងន់ថា​៖«​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ប្រកបដោយ​ភាពទន់ភ្លន់​និង​អនុគ្រោះ ស្របតាម​ស្មារតី​នៃ​សារាចរ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​ការរៀបចំ​ឥណទាន​ទ្បើង​វិញ សម្រាប់​គ្រប់​វិស័យ​»​។​
 
​ទន្ទឹមនឹងនេះ លោក ជា ចាន់តូ ក៏​ស្នើឱ្យ​អតិថិជន​ត្រូវមាន​ភាពស្មោះត្រង់ និង​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហាលំបាក​ជាក់ស្តែង​រប​ស់​ខ្លួន ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​។ បើតាម​លោក ជា ចាន់តូ កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ មិន​ត្រូវឱ្យ​មានការ​ញុះញង់​ណាមួយ ដែល​បង្កចលាចល​សង្គម នាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​ឡើយ​។​
 
«​អាជ្ញាធរ​មូលដ្ឋាន និង​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ត្រូវ​ចូលរួម​សហការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ទប់ស្កាត់​សកម្មភាព ដែលមាន​ចេតនា​បំពុលបរិយាកាស និង​ញុះញង់​បង្ក​ជា​បញ្ហា​សង្គម និង​អស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា »​។ នេះ​ជាការ​លើកឡើង​របស់​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​
 
អត្ថបទទាក់ទង
 
 
​របាយការណ៍​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​ចេញផ្សាយ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២០ ឧសភា បាន​បញ្ជាក់ថា មាន​អតិថិជន ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ចំនួន ១៥៥, ៨១២​នាក់ បាន​ស្នើសុំ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា រៀបចំ​ឥណទាន (​កម្ចី​)​ឡើងវិញ​។ ក្នុងនោះ​អតិ​ថ​ជន​ចំនួន ១៣៥ ,៨២៩​នាក់ ជិត​៩០​ភាគរយ ទទួលបាន​ការអនុម័ត​រៀបចំ​ឥណទាន​ឡើងវិញ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប ៥៨៣, ៧០០, ៨៥១ ដុល្លា​អាមេរិក​។ ដោយឡែក​អតិថិជន​ជិត ២​ម៉ឺន​នាក់ ជាង​១០​ភាគរយ មិនបាន​ទទួល​ការរៀបចំ​ឥណទាន​ឡើងវិញ ដោយសារ​គាត់​មិនមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​។​
 
​តាមរយៈ​ឥណទាន​រៀបចំ​ឡើងវិញ​នេះ ធនាគារជាតិ បានកំណត់​លក្ខខណ្ឌ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​ពលរដ្ឋ ដែល​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​COVID-19​។ លក្ខខណ្ឌ​អនុគ្រោះ​ទាំងនោះ​រួមមាន​១៖ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​,២៖ ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​, ៣៖ ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​,៤៖ ការពន្យារ​ឥណទាន​ប្រតិ​ទាន​,៥៖ ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​, ៦៖ ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​, ៧៖ ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ,៨៖ ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង​ចុងក្រោយ​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​
 
​គិត​ត្រឹម​ត្រីមាស​ទីមួយ ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៃ​សមាជិក​របស់​សមាគម បាន​បញ្ចេញ​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា ជាង​២,២​លាន​នាក់ ដែលមាន​ទំហំ​ឥណទាន​សរុប ជាង​៣០​ទ្រី​លាន​រៀល (៧,៤​ប៊ី​លាន​ដុល្លា​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​ជាង​២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប ជាង​១៤​ទ្រី​លាន​រៀល (៣,៦​ប៊ី​លាន​ដុល្លា​) ៕
 
 

Tag:
 ជា ចាន់តូ​
  COVID-19
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com