ភ្នំពេញ៖ ពលរដ្ឋអាចខ្ចីយានជំនិះគ្នាបើកបរទៅវិញទៅមកបាន ដោយមិនខុសច្បាប់នោះទេ លើកលែងតែបង្កកំហុសប៉ុណ្ណោះ ទើបមានការអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក។ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ឧសភានេះ។
សម្ដេច ស ខេង ប្រាប់ពលរដ្ឋថា កុំមានការព្រួយបារម្ភខ្លាំងពេកលើការអនុវត្តច្បាប់ចរាចរណ៍នេះ រហូតដល់មិនហ៊ានខ្ចីយានជំនិះគ្នាបើកបរនោះ។ បើតាមសម្ដេច ស ខេង ពលរដ្ឋអាចខ្ចីយានជំនិះគ្នាធម្មតា។
ឆ្លើយតបនឹងកង្វល់ពលរដ្ឋ ដែលបារម្ភពីការខ្ចីយានជំនិះគ្នាជិះ ដោយគ្មានក្រដាស ឬឯកសារជាប់ខ្លួននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«បើខ្ចី(ម៉ូតូ ឬឡាន)គេមកប្រើ គឺប្រើទៅគ្មានអី។ (បើខ្ចី)ឡានក៏បើកទៅ ម៉ូតូក៏បើកទៅ។ ចៀសវាងតែម្យ៉ាងទេ កុំឱ្យតែបុកគេ ហើយកុំធ្វើខុសច្បាប់ បានន័យថាបើកឱ្យវាត្រូវច្បាប់ មានពីណាគេឆែកឯណា ហើយវាមិនមែនជាការដាក់កុងត្រូលត្រួតពិនិត្យរដ្ឋបាលទេ ទាល់កាលណាគាត់ខុសទើបបានឃាត់។ តែកាលណាខុសគេឃាត់នោះ គេសួរហើយ “ក្រដាសស្នាមនៅឯណា” អាឡានខ្ចីគេអត់មានក្រដាសស្នាម អាហ្នឹងខុសហើយ។ តែប៉ុណ្ណឹងតើ…»។
កន្លងមកនគរបាលចរាចរណ៍ បានកំណត់យកបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ ដើម្បីមកអនុវត្តក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩។ បទល្មើសម៉ូតូចំនួន៧ ដែលនឹងអនុវត្តលើទោចក្រយានយន្តនោះរួមមាន៖ មិនពាក់មួកសុវត្ថិភាព, ស្រវឹង, មិនគោរពភ្លើង និងស្លាកសញ្ញា, ល្មើសការបត់ និងវ៉ាជែង, ដឹកលើចំណុះ, គ្មានស្លាកលេខ និង ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។
ដោយឡែកបទល្មើសរថយន្តទាំង៩ រួមមាន៖ ល្បឿន, ស្រវឹង, គ្មានបណ្ណបើកបរ, មិនគោរពភ្លើងសញ្ញា, ល្មើសក្នុងការបទ និងវ៉ាជែង, មិនពាក់ខ្សែក្រវ៉ាត់, ដឹកលើសចំណុះ, គ្មានស្លាកលេខ និង និយាយទូរស័ព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។
ដូច្នេះពលរដ្ឋដែលបើកបរលើដងផ្លូវ បើទោះជាខ្ចីយានជំនិះគេជិះក៏ដោយ ត្រូវអនុវត្តតាមគោលការណ៍ចរាចរណ៍ខាងលើនេះ នោះមន្ត្រីចរាចរណ៍នឹងឃាត់ទេ។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ។
តែយ៉ាងណាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះថា ក៏មានការរអ៊ូរទាំចំពោះមន្ត្រីនគរបាល ដែលតែងតែឃាត់យានយន្ត ហើយសួររកឯកសារផ្សេងៗជាដើម បើទោះជាពួកគេបើកបរត្រឹមត្រូវតាមច្បាប់ក៏ដោយ។ អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន ដែលទទួលបានព័ត៌មាននេះ បានបញ្ជាឱ្យស្នងការរាជធានី-ខេត្ត បញ្ឈប់សកម្មភាពដាក់កុងត្រូលត្រួតពិនិត្យ និងឃាត់ពលរដ្ឋបែបនេះទៀត ពោលគឺត្រូវឃាត់តែយានយន្តណា ដែលមិនគោរពតាមបទល្មើសអាទិភាពតែ១៦ប៉ុណ្ណោះ។
អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ស្នងការរាជធានី-ខេត្ត និយាយគ្នាឡើងវិញចុងក្រោយ ទី១ ឈប់ដាក់ប៉ារ៉ាស់តាមផ្លូវ ចេះការពារខ្លួនឯងយ៉ាងម៉េច ហៅឡានយ៉ាងម៉េចការពារខ្លួនឯងទៅ…។ ទី២ បាននិយាយច្បាស់ជាមួយគ្នាហើយ ថាទាល់តែ(អ្នកបើកបរ)ល្មើសចាំហៅគេ(ពិនិត្យ) មិនមែនហៅគេពិនិត្យទេ ទាល់តែល្មើសបានយើងហៅគេ»។
លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកផ្នែកចរាចរណ៍ ធ្លាប់បានអះអាងថា ប្រាក់ដែលបានពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងផ្ដល់៧០ភាគរយ ទៅនគរបាលចរាចរណ៍ ដែលចុះអនុវត្តផ្ទាល់ ហើយ២៥ភាគរយ ប្រគល់ទៅអង្គភាព ចំណែក៥ភាគរយទៀត ត្រូវបង់ចូលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោក បញ្ជាក់ថា គោលបំណងនៃផាកពិន័យ និងដំឡើងប្រាក់ពិន័យពី៣ទៅ៥ដងនេះ មិនមែនចង់បានប្រាក់ឡើយ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕