អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ថា ការរើសអើង​ប្រកាន់ពូជសាសន៍​នៅ​អាមេរិក​ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុងសង្គម​
02, Jun 2020 , 12:55 pm        
រូបភាព
លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរេទសចិន។រូបភាព AFP
លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរេទសចិន។រូបភាព AFP
ដោយ:
​ចិន នៅ​ថ្ងៃទី​១ ខែមិថុនា បាន​លើកឡើងថា​បាតុកម្ម កុបកម្ម និង​ចលាចល​ដែល​បណ្តាលមកពី​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd បង្ហាញ​ឲ្យ​ឃើញ​ពី​ការរើសអើង​ពូជសាសន៍ និង​អំពើហិង្សា​ពី​សំណាក់​ប៉ូលិស​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅក្នុង​សង្គម​អាមេរិក​។

 
​ដោយនិយាយ​សំដៅលើ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ដោយ​អំពើ​ព្រៃផ្សៃ​របស់​នគរបាល​នៅ​រដ្ឋ​មី​នី​សូ​តា លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួង​ការ​បរេ​ទស​ចិន​បាន​និយាយថា ជីវិត​របស់​មនុស្ស​ស្បែក​ខ្មៅ ក៏​ជា​ជីវិត​ដែរ ហើយ​សិទ្ធិ​របស់​ពួកគាត់​ត្រូវតែ​ទទួល​ការការពារ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១ ខែមិថុនា លោក Zhao បន្ថែមថា​៖« ការរើសអើង​ប្រកាន់ពូជសាសន៍ ​ប្រឆាំង​ជនជាតិភាគតិច នៅ​អាមេរិក ​ជាជំងឺ​រ៉ាំរ៉ៃ​ក្នុងសង្គម​»​។​
 
​ក្រោយ​ការផ្ទុះ​បាតុកម្ម​នៅ​អាមេរិក អ្នកការទូត ក៏ដូចជា​សារព័ត៌មាន​រដ្ឋ​ចិន បាន​ចាប់យក​ឱកាស​ចលាចល​ហិង្សា​នៅ​អាមេរិក បណ្តាលមកពី​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ ដើម្បី​ចោទប្រកាន់​ពី​ពុតត្បុត​របស់​អាមេរិក និង​ប្រៀបធៀប​បាតុករ​នៅ​អាមេរិក ​ទៅនឹង​កុបករ​នៅ​ហុងកុង​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ខាងលើ ក៏​ឆ្លៀត​ភ្ជាប់​ការរើសអើង​ពូជសាសន៍​នេះ ទៅនឹង​បាតុកម្ម​នៅ​ហុងកុង​ផងដែរ​។ លោក Zhao និយាយថា ការឆ្លើយតប​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក​ទៅនឹង​បាតុកម្ម​ គឺជា​ឧទាហរណ៍​ជាក់ស្តែង​ នូវ​ការអនុវត្ត​ស្តង់ដារ​ពីរ​។ លោក Zhao  លើក​ជា​សំណួរ​ថា ហេតុអ្វី​បានការ​ធ្វើបាតុកម្ម​នៅ​ហុងកុង ត្រូវបាន​លើកតម្កើង​ជា​សកម្មជន និង​ជា​វីរជន ប៉ុន្តែ​ហៅ​អ្នកធ្វើ​បាតុកម្ម ​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​នៅ​អាមេរិក​ ជា​កុបករ​។​
 
​តាំងតែ​ពី​មានការ​ផ្ទុះ​បាតុកម្ម​នៅ​ហុងកុង​មក រដ្ឋាភិបាល​ចិន តែងតែ​បន្ទោស​ទៅលើ​កម្លាំង​បរទេស ​ចំពោះ​ចលាចល​ទាំងឡាយ ដោយ​ហៅ​អ្នក​បាតុកម្ម​រាប់លាន​នាក់​នៅ​ហុងកុង ថា​ជា​កុបករ​ ដោយហេតុតែ​មានការ ប៉ះទង្គិច​ជាមួយ​ប៉ូលិស តាំងតែ​ពី​ខែមិថុនា​ឆ្នាំ​២០១៩​មក​។ ការប៉ះទង្គិច​ជាមួយ​បាតុករ និង​ការបង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល​ចិន ជា​រឿង​ដែល​រដ្ឋាភិបាល​បស្ចិមប្រទេស​ ជាពិសេស​អាមេរិក ប្រើប្រាស់​ជា​ឧបករណ៍​រិះគន់​រដ្ឋាភិបាល​ចិន និង​ដែល​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​រាល់​លើក​៕

© រក្សាសិទ្ធិដោយ thmeythmey.com