បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ យុវជន​មួយចំនួន​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ជាជាង​ធ្វើការ​ឲ្យ​គេ
30, Oct 2013 , 8:56 am        
រូបភាព
ដោយ:
សម័យ​បច្ចុប្បន្ននេះ យុវវ័យ​ភាគច្រើន​ក្រៅពី​ការបម្រើ​ការងារ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឯកជនផ្សេងៗ ហើយ​នោះ ពួកគេ​មួយចំនួន​សុទ្ធ​តែមាន​ក្តី​ស្រមៃ​ចង់​មាន​អាជីវកម្ម​ផ្សេងទៀត​ជា​របស់​ខ្លួនឯង។ ដើម្បី​អាច​សម្រេច​នូវ​ក្តី​ស្រមៃ​របស់ខ្លួន​បាន ពួកគេម្នាក់ៗក៏ត្រូវ​បង្ខំចិត្ត ប្រឹងប្រែង​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឯក ជន​សិន​ដែរ ព្រោះ​ដើម្បី​សន្សំ​ប្រាក់ និង​បទពិសោធន៍ ទុកជា​ដើមទុន​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​នៅ ថ្ងៃក្រោយ​បាន។ ពួកគេ​យល់ឃើញថា មាន​មុខរបរ​ខ្លួនឯង​គឺមាន​ភាពងាយស្រួល មាន​លុយ​កាន់​រាល់ថ្ងៃ និង​ចង់​ធ្វើ​អ្វីមួយ​អាចធ្វើ​បានភ្លាមៗ ម្យ៉ាងវិញទៀត​ចង់​ឈប់សម្រាក​ពេលណា​ក៏បាន ។


ទោះបី​ការប្រកប​ការងារ​ឯក​ជន​មួយចំនួន​អាច​ទទួលបាន​ប្រាក់បៀវត្ស​រ៍សមរម្យ ឫ​ច្រើន​ក៏ពិតមែន ប៉ុន្តែ ទន្ទឹមនឹង​នោះ បុគ្គលិក​មួយចំនួន​ក៏មាន​ការ​ត្អូញត្អែរ​យ៉ាងខ្លាំង​ផងដែរ អ្នកខ្លះ​ទទួលស្គាល់ថា ការងារ ឯកជន​មានការ​កំណត់​លក្ខខណ្ឌ​ខ្ពស់ និង​គោលការណ៍​តឹងរ៉ឹង ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មានការ​ពិបាក ក្នុងការ​ប​ញ្ជ្រៀ​ត​ខ្លួន​ចូល។ ម្យ៉ាងវិញទៀត អ្នកមួយ​ចំនួន​ក៏​ចង់​ក្លាយជា​អ្នកជំនួយ​វ័យក្មេង​ផងដែរ។

កញ្ញា រដ្ឋា មករា សព្វ​ថ្ងៃជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ដែលមាន​គម្រោង​ទៅ​ថ្ងៃក្រោយ​ក៏​នឹងត្រូវ បើកហាង​ដោយ​ខ្លួនឯង​មួយ​ផងដែរ។ កញ្ញា​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ធ្វើការ​ឲ្យ​គេ​មានការ លំបាក​ច្រើន ប្រាក់ខែ​ក៏​តិច ពេលខ្លះ​ក៏​ពិបាក​ក្នុងការ សុំច្បាប់​ឈប់សម្រាក​ទៀត​ផង កញ្ញា​វ័យ២៤ឆ្នាំ​រូបនេះ​បាន លើកឡើងថា៖«ធ្វើការ​សព្វថ្ងៃ​ដើម្បី​យក​បទពិសោធន៍ និង​សន្សំ​ប្រាក់ ថ្ងៃក្រោយ​នឹង​បើក​អាជីវកម្ម​ខ្លួន ឯង​មួយ»។

ដូច​គ្មា​នឹង​កញ្ញា មករា ដែរ លោក ខួ​ន វិ​រៈ សព្វ​ថ្ងៃជា​បុគ្គលិក​នៅ​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​ទី ក្រុងភ្នំពេញ លោក​ក៏មាន​ក្តី​បំណង​ចង់​មាន​អាជីវកម្ម​ជា​របស់​ខ្លួនឯង​ផងដែរ។ ក្នុង​វ័យ២៥ឆ្នាំ បុរស សម្បុរ​ស្រអែម​រូបនេះ ប្រាប់​ឲ្យ​ដឹងថា៖«ខ្ញុំ​ចង់​បើកហាង​បោះ​ដុំ​គ្រឿង​ភេសជ្ជៈ​មួយ​នៅ​ភ្នំពេញ។ ធ្វើការ តែមួយ​មុខ​បាន​ចំណូល​តិច​ណាស់...ចិញ្ចឹម​ខ្លួនឯង​ស៊ឹង​តែ​មិន​រស់»។

ជា​និស្សិត​ផង និង​ជា​បុគ្គលិក​មន្ត្រីរាជការ​ផង កញ្ញា កក្កដា សព្វថ្ងៃ ជា​ប៉ូលីស ថ្ងៃក្រោយ​ចង់​បើក​ភោ​ជ នី​យ​ដ្ឋា​ន​សមរម្យ​មួយ​ជា​របស់​ខ្លួនឯង ដូច្នេះ​សព្វថ្ងៃ​ខំ​រៀប​បណ្តើរ និង​ធ្វើការ​សន្សំ​ប្រាក់​បណ្តើរ។ និស្សិត​ឆ្នាំ​ទី៣រូបនេះ និយាយ​ប្រាប់ថា៖«បើ​ថ្ងៃក្រោយ​មានលទ្ធភាព​អាចបង្កើត​អាជីវកម្ម​មួយ​បាន ខ្ញុំ​នឹង ព្យួរការងារ​រដ្ឋ​សិន...ព្រោះ​ពឹង​លើ​ការងារ​រដ្ឋ​តែមួយ​មុខ មិនអាច​រស់​បានទេ»។

កញ្ញា ណា​រ៉េត ម្ចាស់​ហាង​លក់​ផ្កា​មួយកន្លែង​នៅ​សង្កាត់​ទឹកថ្លា​បាន​ឲ្យ​ដឹងថា មុខរបរ មួយ​នេះ គឺជា​ក្តី​ប្រាថ្នា​របស់​នាង​តាំងពី​នៅ​សិក្សា​ម្លេះ ហើយ​ថា ក្រោយ​បញ្ចប់​ការសិក្សា​ភ្លាមនោះ នាង​បាន​សុំ​ប៉ា និង​ម៉ាក់ បើក​អាជីវកម្ម​មួយ​នេះ​តែម្ដង។ «រៀន​ទុក​គ្រាន់តែ​គ្រប់គ្រង​ហាង​តែប៉ុណ្ណោះ។ មិន​ចង់​ធ្វើ ការ​ឲ្យ​គេ​នោះទេ ព្រោះ​ធ្វើការ​ឯកជន​ត្រូវ​ចាំ​ដល់​ចុងខែ ទើបបាន​បើក​ប្រាក់ខែ​យកមក​ចាយ។ មាន​មុខរបរ​ខ្លួនឯង​ស្រួល មាន​លុយ​កាន់​រាល់ថ្ងៃ ចង់​ធ្វើ​អី​បានភ្លាមៗ ចង់​ឈប់សម្រាក​ពេលណា​ក៏បាន»។ នេះ​ជាការ​អះអាង​របស់​កញ្ញា ណា​រ៉េត។

ចំណែកឯ​លោក សេង សម្បត្តិ ទន្តពេទ្យ បម្រើការ​នៅ​គ្លីនិក​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ បាន​អះអាងថា នៅ​ថ្ងៃ​ណាមួយ លោក​នឹង​បើក​គ្លីនិក​ព្យាបាល​ធ្មេញ​ដោយ​ខ្លួនឯង។ បុរស​វ័យ៣០ឆ្នាំ​រូបនេះ​បន្តថា៖«ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ ដើម្បី​ពង្រឹង​បទពិសោធន៍ និង​សិក្សា​ទីផ្សារ​តែប៉ុណ្ណោះ មិនយូរ​ទៀត​ទេ​ខ្ញុំ​នឹង​បើក​ខ្លួនឯង»។

ក៏​មិន​ខុសពី​លោក សម្បត្តិ ប៉ុន្មាន​នោះទេ កញ្ញា សុខ ឃាង ដែល​កំពុង​បម្រើការ​នៅ​ហាង​លក់​គ្រឿងសំអាង​នៅ​ផ្សារ​ទំនើប​សូរិយា​នោះ ក៏មាន​គំនិត​ចង់​បើកហាង​លក់​គ្រឿងសំអាង​តូច​ល្មម​មួយ​ផ្ទាល់ខ្លួន​ផងដែរ។ កញ្ញា​បញ្ជាក់ថា៖«ថ្ងៃ​ក្រោយពេល​ខ្ញុំ​សន្សំ​លុយ​បាន ខ្ញុំ​នឹង​បើកហាង​មួយ​នៅក្បែរ​ផ្ទះ។ ខ្ញុំ​មិន​ចង់​ធ្វើការ​ឲ្យ​គេ​រហូត​នោះទេ»៕



© រក្សាសិទ្ធិដោយ thmeythmey.com