COVID-19
ជាតិ
ករណី​ឆ្លង​ថ្មី​រប៉េះរប៉ោះ​ធ្វើ​ឲ្យ​ស្ថានភាព COVID-19 នៅ​កម្ពុជា កាន់តែ​ពិបាក​ប៉ាន់ស្មាន​
07, Jun 2020 , 11:14 am        
រូបភាព
លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មានកូវីដ-១៩ កាលពីថ្ងៃទី ២៧ ខែមេសា។
លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាសន្និសីទសារព័ត៌មានកូវីដ-១៩ កាលពីថ្ងៃទី ២៧ ខែមេសា។
​ភ្នំពេញ​៖ នៅ​ថ្ងៃទី ៧ ខែមិថុនា​នេះ មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ថ្មី  ១​បន្ថែមទៀត ដែលជា​ករណី​នាំចូល ដោយ​អ្នកជំងឺ​បានធ្វើ​ដំណើរ​ពី​បារាំង តាម​ជើងហោះហើរ​ពី​កូរ៉េខាងត្បូង​។ ការរកឃើញ​ករណី​ឆ្លង​ថ្មី​នេះ ធ្វើឱ្យ​ក្រសួងសុខាភិបាល​បារម្ភ​ពី លទ្ធភាព​នៃ​ការចម្លង និង​អាចមាន​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស ខណៈ​ពលរដ្ឋ​មួយចំនួន​កំពុង​ធ្វេសប្រហែស ។



​តាមរយៈ​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ៧ ខែមិថុនា​នេះ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា  ពលរដ្ឋ​មួយចំនួន​មានការ​ធ្វេសប្រហែស​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រជាពលរដ្ឋ​ខ្លះ កំពុងតែ​ចល័ត​ដោយ​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ជាពិសេស​ការដើរ​កម្សាន្ត ឬ​ការជួបជុំ​គ្នាច្រើន​។ ដោយ​មិនបាន​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន ដែលជា​ហានិភ័យ អាច​កើតមាន​នូវ​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ 
​ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ក្រើន​រំ​ឮ​ក​ឱ្យ​ពលរដ្ឋ ត្រូវ​នាំគ្នា​បន្ត​ការការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​លាងដៃ ពាក់​ម៉ាស់​(​ក្នុងករណី​ចាំបាច់​) ប្រើ​កន្សែង ឬ​ក្រមា ក្រដាស​ជូន​មាត់ ដើម្បី​ខ្ទប់មាត់ និង​ច្រមុះ​ពេល​ក្អក ឬ​កណ្ដាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​។​
​បន្ថែម​ពីនេះ ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ត្រូវតែ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ធានាថា មិនមាន​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ទីតាំង​ហាង​របស់​ខ្លូន​។​
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី ៧ ខែ មិថុនា​នេះ កម្ពុ​ជាមាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន ១២៦​នាក់ ក្នុងចំណោម​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១២៣​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​កើត​ជិត ៧ លាន​នាក់  ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង ៣.៤​លាន​នាក់ និង​ស្លាប់​ជិត​៤០​ម៉ឺន​នាក់​៕

Tag:
 កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com