បទយកការណ៍ / បទសម្ភាសន៍
ជាតិ
មូរ សុខ​ហួ៖ ខ្ញុំ​ធ្វើជា​សហការី​ល្អ​របស់លោក​ប្រធាន សម រង្ស៊ី ជា​រៀងរហូត
30, Oct 2013 , 9:48 pm        
រូបភាព
ដោយ:
កាលណា​គេ​និយាយ​ដល់​អ្នកតំណាងរាស្ត្រ​ជា​ស្ត្រី​នៅក្នុង​ជួរ​គណបក្សប្រឆាំង គេ​តែងតែ​នឹកឃើញ​ទៅដល់​នារី​មួយរូប គឺ​អ្នកស្រី​មូ សុខ​ហួរ។ អ្នកស្រី មូរ សុខ​ហួរ ដែល​ពេលបច្ចុប្បន្ន​កំពុងតែ​ប្រឡូក​យ៉ាងសកម្ម​នៅក្នុង​ឆាកនយោបាយ។ គោលដៅ​នៃ​សកម្មភាព​ទាំងនេះ ត្រូវបាន​អ្នកស្រី​អះអាងថា ធ្វើឡើង​ដើម្បី​បង្កើត​របត់​នយោបាយ​មួយ​សម្រាប់​ស្រី​ខ្មែរ​គ្រប់រូប ឲ្យ​ហ៊ាន​ចូលរួម​ក្នុង​ការងារ​នយោបាយ​ដូចជា​បុរស​ដែរ។



ខាងក្រោម​នេះ ជា​បទ​សម្ភាស​រវាង ឬ​ទ្ធី អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​អ្នកស្រី មូរ សុខ​ហួរ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ។

 ថ្មី៖ មាន​បុព្វ​ហេតុអ្វី​បានជា​ធ្វើ​ឲ្យ​អ្នកស្រី​ខំ​ខ្លាំង​ម្ល៉េះ​នៅក្នុង​ការងារ​នយោបាយ? បុព្វហេតុ​អំណាច ឬក៏​ធ្វើ​ដើម្បី​ចង់​ល្បីឈ្មោះ?

មូរ សុខ​ហួ៖ « ជនជាតិខ្មែរ កើត​នៅលើ​ដី​ខ្មែរ ត្រូវតែ​យើង​នាំគ្នា​ថែ​ជាតិ ឲ្យ​បាន​រុងរឿង» នេះ​គឺជា​បុព្វហេតុ​ទីមួយ​សំខាន់បំផុត​ដែល​ខ្ញុំ​ខំប្រឹង​តស៊ូ​ដល់​សព្វថ្ងៃនេះ។ ខ្ញុំ​គ្មាន​ចង់បាន​អំណាច ខ្ញុំ​គ្មាន​ចង់បាន​ល្បី​សោះឡើយ ហើយ​ខ្ញុំ​ក៏​គិតថា ខ្លួន​ខ្ញុំ​គ្មាន​ល្បី​នោះដែរ ខ្ញុំ​ជាម​នុស្ស​សាមញ្ញ​ជាទីបំផុត ដូច​ពលរដ្ឋ​ធម្មតា​ដែរ តែ​គ្រាន់តែ​ខ្ញុំ​បានធ្វើ​សកម្មភាព​គ្រាន់បើ​ជាង​ពលរដ្ឋ​សាមញ្ញ​បន្តិច​សម្រាប់​ជាតិ​ខ្ញុំ​តែប៉ុណ្ណោះ។

បុព្វហេតុ​ទី​ពីរ ខ្ញុំ​ចង់​បង្កើត​ឆាកនយោបាយ​មួយ​សម្រាប់​ស្ត្រី​ខ្មែរ​ទូទៅ ឲ្យ​ចេះ​ក្រោក​ឡើង​តស៊ូ ដើម្បី​តម្លៃ​ខ្លួនឯង​និង​ជា​មាតុភូមិ​នៅក្នុង​សកម្មភាព​នយោបាយ មិនមែន​ដេក​ស្រែក​ចាំតែ​ចង់​ឲ្យ​គេ​ឲ្យ​តម្លៃ​ខ្លួន​នោះទេ តែ​ត្រូវ​ខំប្រឹង​ធ្វើ​វា​ដោយ​ខ្លួនឯង ដើម្បី​បុព្វហេតុ​ស្ត្រី​ខ្មែរ​ទាំងមូល ដែល​អាច​បញ្ជាក់ថា ស្ត្រី​មិនមែន​ធ្វើ​នយោបាយ​មិនបាន​នោះទេ តែ​ផ្ទុយទៅវិញ​ស្ត្រី​គឺជា​មាតា​នយោបាយ។

ថ្មីៗ ៖ អ្នកស្រី​បានលើកឡើង​ពី​ស្ត្រី​ក្នុងការ​ចូលរួម​ឆាកនយោបាយ ខ្ញុំ​ចង់​សួរថា ក្នុងនាម​អ្នកស្រី​ដែល​កំពុង​ធ្វើ​សកម្មភាព​បែបនេះ​រាល់ថ្ងៃ តើ​រដ្ឋាភិបាល​បច្ចុប្បន្ន ឬ​គណបក្សនយោបាយ បានផ្តល់​ឱកាស​ឲ្យ​ស្ត្រី​គ្រប់គ្រាន់​ទេ​ក្នុង​បញ្ហា​នេះ?

មូរ សុខ​ហួរ៖ ខ្ញុំ​សូមជម្រាបថា ទ្វារ​គេ​បើក​ហើយ តែ​ស្ត្រី​ខ្លួនឯង​ទេ​ដែល​មិន​ព្រម​ចូល មានន័យថា គេ​បានផ្តល់​សិទ្ធិសេរីភាព​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ជាមួយនឹង​បុរស​រួចហើយ ។ ដូច្នេះ​ពេលនេះ​ហេតុអ្វី​ស្ត្រី​ចាំបាច់​ខ្លាច ចាំបាច់​ភ័យ​ធ្វើ​អ្វី ត្រូវ​ចូលរួម​ដើម្បី​បង្កើត​នូវ​ឆាកនយោបាយ​មួយ​ឲ្យ​មាន​ភាពស្មើគ្នា​រវាង​នារី​និង​បុរស ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​យើង។
 
ថ្មី៖ តើ​មាន​ទេ​រឿង​ដែល អ្នកស្រី​មិន​ពេញចិត្ត និង​រឿង ដែល​ពេញចិត្ត​នៅក្នុង​ឆាកជីវិត​នយោបាយ​រប​ស់​អ្នកស្រី​មកទល់ពេលនេះ?

មូរ សុខ​ហួ៖ ខ្ញុំ​តូចចិត្ត​បំផុត នៅពេលដែល​ខ្ញុំ​ឃើញ​គេ​ធ្វើបាប​ពលរដ្ឋ​ខ្ញុំ ដោយសារ​ភាពអយុត្តិធម៌ ហើយ​ពលរដ្ឋ​ទាំងនោះ​នៅ​ស្ញៀ​ម​មិន​ក្រោក​តវ៉ា ប​ណ្កោ​យ​ឲ្យ​គេ​ធ្វើបាប។ ចំណែក​រឿង​ដែល​ខ្ញុំ​ពេញចិត្ត​បំផុត ខ្ញុំ​អាចមាន​ឱកាស​បំរើ​មាតុភូមិ​របស់ខ្ញុំ។

ថ្មី៖ ជា​សំណួរ​ចុងក្រោយ  តើ​អ្នកស្រី​នឹង​បោះបង់​ឆាកនយោបាយ ឬ​ចាក​ចេញពី​គណបក្សប្រឆាំង ឬ​អត់ នាពេល​អនាគត?

មូរ សុខ​ហួ៖ ខ្ញុំ​សូមជម្រាបថា ខ្ញុំ​មិនអាច​រស់​ឆ្ងាយ​ពី​នយោបាយ​បានឡើយ គឺ​ខ្ញុំ​ធ្វើ​នយោបាយ​រហូតដល់​ខ្ញុំ​ផុតដង្ហើម​ពី​លោក​នេះ។ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​មិន​ទៅណា​ឆ្ងាយ​ពី​បក្សប្រឆាំង​ឡើយ ខ្ញុំ​ធ្វើជា​សហការី​ល្អ​របស់លោក​ប្រធាន សម រង្ស៊ី ជា​រៀងរហូត៕


© រក្សាសិទ្ធិដោយ thmeythmey.com