អន្តរជាតិ
លោក ត្រាំ ប្រកាសកាត់បន្ថយទ័ពអាមេរិកនៅអាល្លឺម៉ង់ពាក់កណ្តាលព្រោះមិនជួយចេញថ្លៃចំណាយ លោកប្រធានាធិបតី ដូណាល់ត្រាំ ក្នុងជំនួបNATO
× លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅថ្ងៃទី១៥ ខែមិថុនា ប្រកាសថា អាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលឈរជើងនៅអាល្លឺម៉ង់ក្រោមឆ័ត្រអង្គការណាតូ (NATO) ចំនួនពាក់កណ្តាល។ លោក ត្រាំ លើកហេតុផលថា អាល្លឺម៉ង់មិនខ្វល់ក្នុងការបង្កើនវិភាគទានរបស់ទៅអង្គការ NATO និងកេងចំណេញក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា អាមេរិកមានកងទ័ពចំនួន ៥ម៉ឺន២ពាន់នាក់ដែលកំពុងឈរជើងនៅអាល្លឺម៉ង់ ហើយលោកនឹងកាត់បន្ថយមកនៅត្រឹម២ម៉ឺន៥ពាន់នាក់។ លោក ត្រាំ អះអាងថា វាថ្លៃសម្បើមណាស់សម្រាប់សហរដ្ឋអាមេរិកក្នុងការចំណាយលើទាហានឈរជើងនៅបរទេសច្រើនបែបនេះ។
ប៉ុន្តែបើយោងតាមមន្ទីរបញ្ចកោណ ចំនួនកងទ័ពអាមេរិកដែលឈរជើងនៅអាល្លឺម៉ងមានត្រឹមតែពីចន្លោះ៣ម៉ឺន៤ពាន់ ទៅ៣ម៉ឺន៥ពាន់នាក់។ ចំណែកឯចំនួន៥ម៉ឺននាក់ គឺជាចំនួនទ័ពរាប់បញ្ចូលរវាងទ័ពពង្រាងអចិន្ត្រៃយ៍ និងទ័ពបណ្តោះអាសន្ននៅពេលមានការឆ្លាស់វេនគ្នាម្តងម្កាលប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី ការកាត់បន្ថយកងទ័ពរបស់លោក ត្រាំ ជាសារមួយយ៉ាងសំខាន់សម្រាប់ អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបឯទៀត។
ការកាត់បន្ថយកងទ័ពនេះ ត្រូវបានលោក ត្រាំ ចាត់ទុកថាជាការដាក់ពិន័យទៅលើអាល្លឺម៉ង់ ចំពោះការបង់ប្រាក់មិនគ្រប់គ្រាន់ទៅកាន់អង្គការ NATO ខណៈលោកក៏ចង់យកកងទ័ពជាអាវុធសម្រាប់ជួយក្នុងការចរចារសង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុបដែរ។ លោកបានលើកឡើងថា៖« អាល្លឺម៉ង់មិនខ្វល់។ ពួកគេមិនខ្វល់នឹងការបង់ប្រាក់ជាច្រើនឆ្នាំ ហើយពួកគេជំពាក់លុយ NATO រាប់ពាន់លានដុល្លារ។ ពួកគេត្រូវតែបងប្រាក់នោះវិញ។ ពួកយើងការពារអាល្លឺម៉ង់ ចំណែកពួកគេមិនខ្វល់ក្នុងការបង់ប្រាក់។ វាមិនសមហេតុផលឡើយ»។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ត្រាំ និយាយថា អាល្លឺម៉ង់ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសហភាពអឺរ៉ុប ជាអ្នកត្រូវរងការបន្ទោសចំពោះរឿងនេះ ព្រោះអាល្លឺម៉ង់រកស៊ីមិនយុត្តិធម៌ជាមួយអាមេរិក។ លោកថា អាមេរិកកំពុងចរចាជាមួយអាល្លឺម៉ង់ ដ្បិតលោកមិនពេញចិត្តជាមួយកិច្ចព្រមព្រៀងដែលមានឡើយ ព្រោះវាធ្វើឲ្យអាមេរិកខាតបង់ទឹកប្រាក់រាប់លានដុល្លារជាច្រើនឆ្នាំ។ លោកទំនងចង់តវ៉ាថា អាមេរិកជួបបញ្ហាទាំងពាណិជ្ជកម្មនិងNATO ផងដែរ។
តាំងតែពីដើមឡើង លោក ត្រាំ តែងតែចោទប្រកាន់សម្ព័ន្ធមិត្តអឺរ៉ុបក្នុងអង្គការ NATO ដែលកេងប្រយោជន៍ពីអាមេរិក ដោយមិនបំពេញកាតព្វកិច្ចក្នុងការចំណាយការពារជាតិឲ្យបាន២%នៃផលិតផលសរុបក្នុងស្រុក ហើយពឹងលើការការពារពីអាមេរិក។ ការកាត់បន្ថយកងទ័ពនេះ ធ្វើឲ្យមានការលើកឡើងជាថ្មីនូវការតាំងចិត្តរបស់លោក ត្រាំ ក្នុងការរក្សាកិច្ចសហប្រតិបត្តិការយោធា និងសម្ព័ន្ធភាពជាមួយលោកខាងលិចដែលជាសម្ព័ន្ធមិត្តរាប់សិបឆ្នាំ។
សូមបញ្ជាក់ផងដែរថា កងទ័ពអាមេរិកមានវត្តមានក្នុងនៅអាល្លឺម៉ងតាំងតែពីចប់សង្គ្រាមលោកលើកទី២មក។ នៅក្នុងអំឡុងសង្គ្រាមត្រជាក់ កងទ័ពអាមេរិកនៅអាល្លឺម៉ង់មានចំនួនយ៉ាងច្រើនក្នុងការអង្គការNATO ដែលប្រឈមនឹងការឈ្លានពានពីសូវៀត។ នៅក្នុងរយៈពេលថ្មីៗនេះ ការងើបឡើងនូវមហិច្ឆតារបស់រុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើឲ្យប្រទេសអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតដាក់សម្ពាធឲ្យអាមេរិកបង្កើនការពារបន្ថែមទៀត៕
Tag:
អាល្លឺម៉ង់
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com