អន្តរជាតិ
និយតករ​សហរដ្ឋអាមេរិក​ឈប់​ឱ្យប្រើ​ឱសថ​ព្យាបាល​ជំងឺគ្រុនចាញ់​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩
17, Jun 2020 , 7:59 pm        
រូបភាព
បុគ្គលិក​ម្នាក់​ចាក់​ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​ចេញ​ពី​គម្រប​ដប​នៅ​ក្នុង​ឱសថស្ថាន Rock Canyon Pharmacy នៅ​ក្នុង​ក្រុង Provo រដ្ឋ Utah កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
បុគ្គលិក​ម្នាក់​ចាក់​ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន​ចេញ​ពី​គម្រប​ដប​នៅ​ក្នុង​ឱសថស្ថាន Rock Canyon Pharmacy នៅ​ក្នុង​ក្រុង Provo រដ្ឋ Utah កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
ដោយ: ថ្មីៗ
​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ដក​ការអនុញ្ញាត​ឱ្យប្រើ​ក្នុង​គ្រាអាសន្ន​នូវ​ថ្នាំ​គ្រុនចាញ់​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​សរសើរ​ថា ព្យាបាល​ប្រកបដោយ​ជោគជ័យ​នូវ​ជំងឺ​កូ​វីដ​១៩​។​

 
​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​សហរដ្ឋអាមេរិក​បាន​និយាយថា មាន​ភស្តុតាង​កាន់តែ​កើនឡើង​ថា ថ្នាំ​អ៊ី​ដ្រូ​ស៊ីក្លូ​រ៉ូ​គីន​រួមជាមួយ​ឱសថ​ព្យាបាល​ជំងឺគ្រុនចាញ់​ផ្សេងទៀត មិន​ទំនង​មាន​ប្រសិទ្ធភាព​នៅក្នុង​ការព្យាបាល​មេរោគ​កូ​រ៉ូ​ណា ហើយ​អាច​បណ្តាលឱ្យមាន​ផលប៉ះពាល់​រហូតដល់​ស្លា​ប់​។​
 
​ការសិក្សា​កាលពីពេល​ថ្មីៗ​នេះ​ជាច្រើន​បាន​ប្រាប់​ឱ្យដឹងថា ឱសថ​នោះ​មិនមាន ប្រសិទ្ធភាព​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ទេ ហើយ​អាច​បណ្តាលឱ្យមាន​ផលវិបាក រួមមាន​បញ្ហា​ចង្វាក់បេះដូង សម្ពាធ​ឈាម​ទាប ហើយ​ថែមទាំង​ស្លាប់​ទៀតផង​។​
 
​ការសម្រេច​របស់​រដ្ឋ​បាល​ម្ហូបអាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​មានន័យថា ការផ្គត់ផ្គង់​ឱសថ​របស់​រដ្ឋាភិបាល​សហព័ន្ធ​នឹង​លែង​ចែកចាយ​ទៅឱ្យ​ពួក​មន្ត្រី​សុខាភិបាល​រដ្ឋ និង​មូលដ្ឋាន​ដើម្បី​ប្រើ​ប្រឆាំងនឹង​មេរោគ​កូ​រ៉ូ​ណា​ទៀតហើយ​។ ពួក​វេជ្ជបណ្ឌិត​អាច​នៅ​ប្រើ​ថ្នាំ​អ៊ី​ដ្រូ​ស៊ីក្លូ​រ៉ូ​គីន​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ផ្សេងទៀត រួមមាន​ជំងឺគ្រុនចាញ់ រោគ​សើរ​ស្បែក និង​ជំងឺ​សន្លាក់​ដៃជើង​។​
 
​លោក​វេជ្ជបណ្ឌិត Thomas Files ប្រធាន​សង្គម​ជំងឺឆ្លង និយាយថា លោក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​
 
​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូ​រ៉ូ​ណា​កាលពី​ដំបូង លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយថា លោក​ជឿថា ថ្នាំ​អ៊ី​ដ្រូ​ស៊ីក្លូ​រ៉ូ​គីន​រួមជាមួយ​ឱសថ Antibiotic Aithromycin មានឱកាស​ពិតប្រាកដ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ជា​ជំងឺ​បណ្តាលមកពី​មេរោគ​កូ​រ៉ូ​ណា​។​ក្រោយមក លោក​ប្រធានាធិបតី បាន​និយាយថា លោក​បាន​លេបថ្នាំ​នោះ​ដោយ​ខ្លួនឯង ហើយ​មាន​សុខភាព​ល្អ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com