អន្តរជាតិ
រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង សុំលាលែង​តំណែង​ក្រោយ​ទំនាក់ទំនង​អន្តរ​កូរ៉េ​អាក្រក់​ខ្លាំង​
17, Jun 2020 , 4:55 pm        
រូបភាព
រដ្ឋមន្ត្រីបង្រួបបង្រួម Kim Yeon-chul (Yonhap)
រដ្ឋមន្ត្រីបង្រួបបង្រួម Kim Yeon-chul (Yonhap)
ដោយ:
​រដ្ឋមន្ត្រី​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង Kim Yeon-chul នៅ​ថ្ងៃទី​១៧ ខែមិថុនា បញ្ជាក់ថា លោក​បាន​សុំ​ចុះ​ចេញពី​តំណែង ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ភាពបរាជ័យ​ក្នុងការ​ចាត់ចែង​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឲ្យ​មាន​ស្ថិរភាព​។ លោក Kim បង្ហាញ​បំណង​លាលែង​តំណែង​ទៅ​ការិយាល័យ​ប្រធានាធិបតី​រួចហើយ​។

 
«​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ក្រោយ​បរាជ័យ​ប្រព្រឹត្ត​ទៅតាម​តម្រូវការ និង​ការរំពឹងទុក​របស់​ប្រជាជន​យើង​សម្រាប់​សន្តិភាព និង​វឌ្ឍនភាព​លើ​ឧបទ្វីប​កូរ៉េ​»​។ រដ្ឋមន្ត្រី Kim Yeon-Chul បាន​ប្រាប់​អ្នកសារព័ត៌មាន​អំឡុង​សន្និសីទ​ព័ត៌មាន​នៅ​ថ្ងៃទី​១៧ ខែមិថុនា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ទំនាក់ទំនង​បងប្អូន​កូរ៉េ នាពេល​ថ្មីៗ​នេះ បាន​ធ្លាក់ចុះ​ដល់​ចំណុច​ទាប​នៅ​សប្ដាហ៍​នេះ ខណៈ​ខាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ចាត់វិធានការ​ឆ្លើយតប​មួយចំនួន​ប្រឆាំង​កូរ៉េខាងត្បូង ហើយ​គំរាម​ប្រើ​កម្លាំងយោធា​ដោយ​ខឹង​រឿង​រដ្ឋាភិបាល​សេ​អ៊ូ​ល​ពុំ​បញ្ឈប់​សកម្មជន​បញ្ជូន​ខិត​បណ្ណ​ប្រឆាំង​កូរ៉េខាងជើង​។ 
 
​តួយ៉ាង កាលពី​ថ្ងៃទី​១៦ ខែមិថុនា កូរ៉េខាងជើង បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ក្នុង​ទីក្រុង​ព្រំដែន Kaesong ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨ ។ ការិយាល័យ​នេះ​គឺជា​លទ្ធផល​បានមកពី​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ គីម ជុង​អ៊ុន ដែល​ប្រើ​គោលដៅ​ស​ម្រួ​បស​ម្រួ​ប​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ឆ្លង​ព្រំដែន​។ 
 
​នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា កូរ៉េខាងជើង បាន​បង្កើន​ភាព​តានតឹង​ខ្លាំង​ថែមទៀត ដោយ​បដិសេធ​សំណើ​បញ្ជូន​ប្រេសិត​ពិសេស​របស់​កូរ៉េខាងត្បូង ហើយ​ព្រមាន​ពង្រាយ​កងទ័ព​ជាថ្មី​លើ​តំបន់​ជំនួញ​អន្តរ​កូរ៉េ​នៅក្បែរ​ព្រំដែន​៕ 
 
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  Kim Yeon-chul
© រក្សាសិទ្ធិដោយ thmeythmey.com