ខ្មែរ​ក្រហម
ជាតិ
នួន ជា៖ អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ច្រើនជាង​នៅ​ជប៉ុន​នា​សង្គ្រាមលោក
31, Oct 2013 , 11:25 am        
រូបភាព
ថ្វីដ្បិត​​តែ​បាន​លើកឡើងថា ខ្លួន​គ្មាន​អំណាចនីតិប្រតិបត្តិ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក៏ដោយ ក៏​ជនជាប់ចោទ នួន ជា បាន​អះអាងថា ការជម្លៀស​ប្រជាជន​ចេញពី​ភ្នំពេញ គឺជា​គោលការណ៍​ដើម្បី​សង្គ្រោះ​ប្រជាជន​ពី​ការទម្លាក់​គ្រាប់បែក​របស់​ក្រុម​លន់ នល់ ក្រោម​ការ​ជ្រោមជ្រែង​របស់​សហរដ្ឋ​អាមេរិក និង​ដោយសារ​ការខ្វះ​ស្បៀងអាហារ។


នួន ជា បាន​និយាយថា កងទ័ព​លន់ នល់ ដែលមាន​អាមេរិក​នៅ​ពីក្រោយ បានប្រើ​​កាំភ្លើង​ធំ​អស់​រាប់លាន​គ្រាប់ និង​ទម្លាក់​គ្រាប់បែក​ជាង​កន្លះ​លាន​តោន ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​ភ្នំពេញ។ នួន ជា បាន​វាយតម្លៃថា គ្រាប់បែក​របស់​អាមេរិក​ដែល​ទម្លាក់​មក​កម្ពុជា មាន​ចំនួន​ច្រើនជាង៣ដង​នៅ​ជប៉ុន​នា​សម័យ​សង្គ្រាម​លោក​លើកទី​២ទៅ​ទៀត។

ជនជាប់ចោទ​បាន​បន្ត​ថា បក្ស​កុំម្មុយនីស្ត​កម្ពុជា មិនដែល​ចាត់ទុក​ប្រជាជន​ធ្វើជា​ចំណាប់ខ្មាំង​នោះឡើយ ព្រោះ​ប្រជាជន​កម្ពុជា​ភាគច្រើន គឺ​ពលករ កសិករ អនុ​ធន បញ្ញាជ​ន និង​បុគ្គល​ស្នេហា​ជាតិ ដែល​មនុស្ស​សម្រាប់​បដិវត្ត​ន៍។

នួន ជា បាន​អះអាងថា បក្ស​កុំម្មុយនីស្ត​កម្ពុជា មិនដែល​ដាក់​ប្រជាជន​ក្នុង​ទាសភាព​នោះឡើយ ប៉ុន្តែ​ជាការ​រំដោះប្រជាជន​ចេញពី​របប​ទាសភាព ពី​ភាពក្រីក្រ ពីព្រោះ​អំពើពុករលួយ ភាពអយុត្តិធម៌ បាន​រីកដុះដាល​យ៉ាងខ្លាំង​នៅមុន​ថ្ងៃ​រំដោះ១៧ មេសា៕


© រក្សាសិទ្ធិដោយ thmeythmey.com