COVID-19
អន្តរជាតិ
ប៉េកាំង​បិទ​សាលារៀន​និង​ផ្អាក​ជើងហោះហើរ​ជាថ្មី ក្រោយ​ផ្ទុះ​COVID-19​នៅ​ផ្សារ​មួយ​
18, Jun 2020 , 12:14 pm        
រូបភាព
ដោយ:
​ព្រលានយន្តហោះ​របស់​ប៉េកាំង បានសម្រេច​លុបចោល​ជើងហោះហើរ​ខ្លួន​២​ភាគ​៣ នៅ​ថ្ងៃទី​១៧ ខែមិថុនា ហើយ​សាលារៀន​ក្នុង​រដ្ឋធានី​ចិន​នេះ ក៏​ត្រូវបាន​បិទទ្វារ​ជាថ្មី​ម្ដងទៀត​។ ការសម្រេច​នេះ ធ្វើឡើង​ខណៈ​អាជ្ញាធរ​ចិន​ញាប់ដៃ​ញាប់ជើង​ទប់ស្កាត់​ការ​រាលដាល COVID-19 ជា​ចង្កោម​ថ្មី​ក្នុង​ផ្សារ​មួយកន្លែង​។ ទន្ទឹមនេះ ពួកគេ​ព្រមាន​ថា​ការកើនឡើង​នៃ​ករណី​ឆ្លង​ថ្មី​។​

 
 
​មនុស្ស​រាប់ម៉ឺន​នាក់ ត្រូវបាន​ធ្វើតេស្ត​រក COVID-19 ក្រោយ​ការផ្ទុះ​រាលដាល COVID-19 ភ្លាមៗ ដែល​គេ​ជឿថា​បានចាប់ផ្ដើម​ក្នុង​ផ្សារ​លក់​បោះ​ដុំ​បន្លែ​សាច់ Xinfadi ។ នៅ​ថ្ងៃទី​១៧ ខែមិថុនា អាជ្ញាធរ​ប៉េកាំង​បាន​រាយការណ៍​ឆ្លង​ថ្មី​៣១​ករណី ដែល​ធ្វើ​ឲ្យ​ករណី​សរុប​ឆ្លង​ចេញ​មកពីផ្សារ​នេះ​ឡើងដល់​១៣៧​ករណី​ហើយ​។ ដោយ​បារម្ភ​រលក​ចម្លង​ទី​២​ក្នុងប្រទេស​ចិន អាជ្ញាធរ​ទទូច​ឲ្យ​ប្រជាជន​កុំ​ចាក​ចេញពី​ទីក្រុង​ប៉េកាំង​។ 
 
«​ព្រោះតែ​ផ្សារ Xinfadi គឺជា​កន្លែង​លក់ដូរ​របស់របរ​ប្រចាំថ្ងៃ​ដ៏​ធំ​បំផុត​មួយ ដោយមាន​ពលករ​អន្តោប្រវេសន៍​រាប់ពាន់នាក់ និង​ភ្ញៀវទេសចរ​ជាច្រើន​ដើរ​ទិញ​ទំនិញ​ក្នុងនោះ វា​ពិបាក​នឹង​គ្រប់គ្រង​ការ​រាលរាល​»​។ លោក Pang Xinghuo នាយករង​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​របស់​ប៉េកាំងបញ្ជាក់​បែបនេះ​។ ប្រាប់​សន្និសីទ​ព័ត៌មាន លោក Pang ព្រមាន​ថា​៖«​យើង​ប្រហែល​មើលឃើញ​ការកើនឡើង​ករណី​ថ្មី​ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​»​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Zhang Qiang មន្ត្រី​នៃ​ក្រុមការងារ​បង្ការ​ជំងឺ​រា​ត្បា​តរបស់​ប៉េកាំង អាជ្ញាធរ​សុខាភិបាល​ក្រុង​ បាន​បង្កើន​សមត្ថភាព​ធ្វើតេស្ត ហើយ​កំពុង​ប្រមូល​សំណាក​មនុស្ស​ ៤០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។ ចាប់តាំងពី​ថ្ងៃទី​១៣ ខែមិថុនា​មក សំណាក​មនុស្ស ៣៥៦ ០០០​នាក់ ត្រូវបាន​ធ្វើតេស្ត​។ ជាមួយគ្នានេះ មន្ត្រី​ចិន​បាន​អះអាងថា ចាប់តាំងពី​ថ្ងៃទី​៣០ ខែឧសភា​មក មនុស្ស​ជាង​២០​ម៉ឺន​នាក់​បាន​ទៅ​ផ្សារ Xinfadi ដែល​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ ​និង​សាច់​ជាង​៧០​ភាគរយ ​សម្រាប់​ទីក្រុង​ប៉េកាំង​។ 
 
​ម្យ៉ាងវិញទៀត សារព័ត៌មាន​រដ្ឋ​ចិន People’s Daily បាន​រាយការណ៍​ថា ជើងហោះហើរ​យ៉ាងតិច ១ ២៥៥​ ជើង​ដែល​ដាក់​កាលបរិច្ឆេទ​រួច ត្រូវបាន​លុបចោល​វិញ នៅ​ថ្ងៃទី​១៧ ខែមិថុនា​។ ជិត​៧០​ភាគរយ​ នៃ​ជើងហោះហើរ​ទាំងនេះ គឺ​ឆ្ពោះទៅកាន់​ និង​មកពី​ព្រលានយន្តហោះ​សំខាន់​របស់​ទីក្រុង​ប៉េកាំង​។ 
 
​ការ​រាលដាល​នេះ បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ប៉េកាំង​ប្រកាស​បម្រាម​ធ្វើដំណើរ​ សម្រាប់​ប្រជាជន​ដែល​ស្ថិតនៅ​តំបន់​មាន​ហានិភ័យ​មធ្យម​ ឬ​ខ្ពស់ ខណៈ​តម្រូវ​ឲ្យ​ប្រជាជន​ដទៃ​ទាំងអស់​ ធ្វើតេស្ត​ដើម្បី​អាច​ចាក​ចេញពី​ប៉េកាំង​។ បន្ថែម​ពីលើ​នេះ ខេត្ត​មួយចំនួន​បានសម្រេច​ដាក់​អ្នកដំណើរ ​មកពី​ប៉េកាំង​ឲ្យ​នៅ​ដាច់ដោយឡែក​។ តួយ៉ាង ទីក្រុង​ប៉េកាំង​ដែល​ទើបតែ​បើកទ្វារ​សាលារៀន​កាលពី​ថ្មីៗ​នេះ ត្រូវបាន​បញ្ជា​ឲ្យ​បិទ​ដំណើរការ​វិញ​ម្ដងទៀត ហើយ​សិស្ស​ទាំងអស់​ត្រូវ​ត្រលប់​ទៅ​រៀន​តាម​អន​ឡាញ​ដដែល​។​
 
​នា​ដើម​សប្តាហ៍​នេះ កាសែត​រដ្ឋ​ចិន បាន​រាយការណ៍​ថា កូ​រ៉ូ​ណាវី​រុស ត្រូវបាន​រកឃើញ​លើ​ជ្រញ់​កាប់សាច់​ត្រី​សាល​ម៉ុ​ន លក់​នៅ​ផ្សារ Xinfadi ក្នុង​ទីក្រុង ប៉េកាំង ។ របាយការណ៍​នេះ ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ធំៗ ​ក្នុង​រដ្ឋធានី​ចិន​នេះ​ រើ​សាច់​ត្រី​សាល​ម៉ុ​ន​ចេញពី​ធ្នើរ​ពួកគេ​អស់រលីង​។ ក្រោយមក ចិន បានសម្រេច​ផ្អាក​ការនាំ​ចូល​ត្រី​សាល​ម៉ុ​ន​ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​អឺរ៉ុប​។ 
 
​យ៉ាងណាមិញ នៅ​ថ្ងៃទី​១៧ ខែមិថុនា ប្រទេស ន័​រ​វែ​ស បានប្រកាស​ពី​បំណង​ចង់​បន្ត​នាំចេញ​ត្រី​សាល​ម៉ុ​ន​ខ្លួន​ ទៅកាន់​ប្រទេស​ចិន ក្រោយ​ប៉េកាំង​ត្រូវបាន​រាយការណ៍​ថា​ លុបចោល​សេចក្តី​សន្និដ្ឋានថា ត្រី​ដែល​គេ​និយម​បរិភោគ​ឆៅ​នេះ អាច​ជាប់​ពាក់ព័ន្ធ​ការផ្ទុះ​រាលដាល​ជា​ចង្កោម​ជំងឺ COVID-19​វិញ​។ ត្រង់នេះ លោក Shi Guoqing នាយករង CDC ចិន នៅ​ថ្ងៃទី​១៦ ខែមិថុនា អះអាងថា បច្ចុប្បន្ន​ខ្លួន​គ្មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់ថា ត្រី​សាល​ម៉ុ​ន​ គឺជា​ប្រភព​ចម្លងជំងឺ​COVID-19​ឡើយ​៕ 
 
 

Tag:
 ចិន​
  ប៉េកាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com