COVID-19
អន្តរជាតិ
ប្រមុខ​ការបរទេស​អា​មេ​រិ​ក ជួប​អ្នកការទូត​ជាន់ខ្ពស់​ចិន ខណៈ​ទំនាក់ទំនង​កំពុង​យ៉ាប់យ៉ឺន​ខ្លាំង​
18, Jun 2020 , 3:19 pm        
រូបភាព
លោក Yang Jiechi និងលោក ម៉ៃ ប៉ុមប៉េអូ នាជំនួបកន្លងមក។ រូបភាព AFP
លោក Yang Jiechi និងលោក ម៉ៃ ប៉ុមប៉េអូ នាជំនួបកន្លងមក។ រូបភាព AFP
ដោយ:
​នៅ​ថ្ងៃទី​១៧ ខែមិថុនា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក និង​អ្នកការទូត​ជាន់ខ្ពស់​ចិន លោក Yang Jiechi បាន​ជួប​ជជែក​គ្នា​ស្តីពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ការជួប​ជជែក​គ្នា​នេះ​ធ្វើឡើង​ខណៈពេលដែល​ទំនាក់ទំនង​វាង​ប្រទេស​ទាំង​២ មាន​សភាព​ដុនដាប​ខ្លាំង​។ ភាគី​ចិន​អះអាងថា​ជំនួប​នេះ ជា​សន្ទនា​ដែលមាន​លក្ខណៈ​ស្ថាបនា​។

 
​ជំនួប​រវាង​លោក Yang Jiechi មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន​ទទួលបន្ទុក​ការងារ​ការបរទេស និង​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ធ្វើឡើង​នៅ​បន្ទាយ​យោធា​អាមេរិក​លើ​កោះ​ហា​វ៉ៃ​។ ជំនួប​នេះ​រៀបចំឡើង​ក្នុង​បរិយាកាស​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ត្រូវបាន​អាប់អួរ​ដោយសារ​ការចោទប្រកាន់​របស់​អាមេរិក​លើ​ចិន​ពាក់ព័ន្ធ​ការផ្ទុះ​ជំងឺ COVID-19 បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​ច្បាប់​សន្តិសុខ​ហុងកុង​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត​មាន Reuters​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ក្នុងជំនួប​នេះ លោក ប៉ុ​ម​ប៉េ​អូ បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ដោះស្រាយ​បញ្ហា​ទៅវិញទៅមក​យ៉ាង​ពេញលេញ​រវាង​ប្រទេស​ទាំង​ពីលើ​វិស័យ​ពាណិជ្ជកម្ម សន្តិសុខ និង​ការទូត​។ ប្រមុខ​ការទូត​អាមេរិក​ក៏​សង្កត់ធ្ងន់​ផងដែរ ពី​ភាពចាំបាច់​ស្តីពី​តម្លាភាព និង​ការចែករំលែក​ព័ត៌មាន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ COVID-19 ក៏ដូចជា​ការបង្ការ និង​ការផ្ទុះ​ជំងឺឆ្លង​នៅ​ថ្ងៃ​អនាគត​។​
 
​ចំណែកឯ​ភាគី​ចិន​វិញ បានលើកឡើង​ស្រដៀង​គ្នា​សេចក្ដីថ្លែងការណ៍​របស់​អាមេរិក​ដែរ ដោយ​អះអាងថា ភាគី​ទាំងសងខាង​នឹង​បន្ត​ទំនាក់ទំនង​នេះ​។ តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ចិន​បញ្ជាក់ថា ភាគី​ទាំងសងខាង​បានបង្ហាញ​យ៉ាងច្បាស់​ពី​គោលជំហរ​នៃ​ប្រទេស​រៀងៗ​ខ្លួន និង​ជឿជាក់ថា នេះ​ជាការ​សន្ទនា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​។ ភាគី​ទាំងសងខាង​ព្រមព្រៀង​អនុវត្ត​សកម្មភាព​តាម​អ្វីដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២​បាន​យល់​ស្របគ្នា​។​
 
​បើទោះបីជា​ជំនួប​នេះ​មិនមាន​របៀបវារៈ​ច្បាស់លាស់​ក្តី តែ​ប្រភព​ការទូត​បាន​អះអាងថា ចិន​ជា​អ្នកស្នើ​កិច្ច​ជំនួប​នេះ​។​
 
​ខណៈ​មន្ត្រី​កំពុង​ជួបគ្នា​នៅ​ហា​វ៉ៃ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​សេចក្តីព្រៀងច្បាប់​ដាក់ទណ្ឌកម្ម​លើ​អ្នក​ដែល​រំលោភបំពាន​លើ​សិទ្ធិ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន​។ សមាជិក​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​លេខា​បក្ស​តំបន់​ស៊ីន​ជាំ​ង Chen Quanguo ជា​គោលដៅ​នៃ​ច្បាប់​នេះ ដែល​ក៏​ហាមឃាត់​ការនាំ​ចូល​ទំនិញ​ដែល​ផលិត​ដោយ​ពលកម្ម​បង្ខំ​ផងដែរ​។​
 
​បន្ថែម​ពីនេះ ប្រមុខ​ការបរទេស​អា​មេ​រិ​ក រួមជាមួយ​នឹង​បណ្តា​ប្រមុខ​ការបរទេស​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) បានចេញ​សេចក្តី​ថ្លែង​ការអំពាវនាវ​កុំ​ឲ្យ​ចិន​បន្ត​គម្រោង​ច្បាប់​សន្តិសុខ​ហុងកុង​។ គម្រោង​នេះ ធ្វើ​ឲ្យ​ចិន​រង​ការរិះគន់​ខ្លាំង ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បន្ត​គម្រោង​ដដែល​ដោយ​មិន​អើពើ​ការរិះគន់​អ្វី​ឡើយ​៕
 
 

Tag:
 អាមេរិក​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com