ខ្មែរ​ក្រហម
ជាតិ
លោក​ ហ៊ុន ម៉ានី៖ យើង​ត្រូវ​សិក្សាពីរបប​ខ្មែរក្រហម​ដើម្បី​កុំ​ឲ្យ​ប្រវត្តិសាស្ត្រច្រំដែល
31, Oct 2013 , 10:15 pm        
រូបភាព
លោក ហ៊ុន ម៉ានី លោក សួស យ៉ារ៉ា និង​លោក ស សុខា
លោក ហ៊ុន ម៉ានី លោក សួស យ៉ារ៉ា និង​លោក ស សុខា
លោក ហ៊ុន ម៉ានី (ស្តាំ) លោក ស សុខា (កណ្តាល) និងលោក សួស យ៉ារ៉ា
លោក ហ៊ុន ម៉ានី (ស្តាំ) លោក ស សុខា (កណ្តាល) និងលោក សួស យ៉ារ៉ា
តំណាង​រាស្ត្រវ័​យក្មេង​របស់គណបក្ស​ប្រជាជនកម្ពុជា​ចំនួន​៣រូប គឺលោក ហ៊ុន ម៉ានី លោក ស សុខា និ​ង​​លោក សួស យ៉ារ៉ា បាន​ចូល​រួម​ស្តាប់​ក្នុងសវនាការ​ចុងក្រោយ​នៃ​សំណុំ​រឿង​០០២ វគ្គ​១ នៅ​សាលា​ក្តី​​​ខ្មែរក្រហម​ នា​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣ នេះ។ គោល​បំណង​របស់​អ្នក​តំណាងរាស្ត្រទាំងនេះ ដែ​ល​​មាន​ការចូលរួម​ផង​ដែរពី​សំណាក់ក្រុម​យុវជន​នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺ​ដើម្បី​ស្វែងយល់​ពី​សវ​នា​កា​រ​​ជាប្រវត្តិសាស្ត្រ ជាពិសេស​ការឆ្លើយ​តប​របស់ជន​ជាប់ចោទ នួន ជា និង​ខៀវ សំផន។

 

បន្ទាប់ពី​​ការ​ថ្លែង​របស់​ នួន ជា និង​មុន​ឈាន​ចូល​ដល់​ការ​ឆ្លើយ​តប​របស់​ ខៀវ សំផន លោ​​ក ហ៊ុន ម៉ានី បាន​និយាយ​ប្រាប់អ្នក​សារព័ត៌មាន​ថា ការ​កាត់​ទោស​អតីតមេដឹកនាំខ្មែរក្រហម គឺពិត​ជាមាន​សារ សំខា ន់ ខ្លាំងណាស់ ដោយ​មិន​មែន​ត្រឹម​តែប្រទេសខ្មែរ ប្រជាជនខ្មែរ​ទេ​ដែល​ត្រូវ​ចងចាំ គឺ​ ប៉ុន្តែអន្តរជាតិ​ទាំង មូលតែម្តង។  

អ្នក​តំណាង​រាស្ត្រវ័យ​៣០​ឆ្នាំ​រូបនេះ បាន​បន្ថែម​ថា៖ «របប​ខ្មែរក្រហម​គឺ​ជា​ប្រវត្តិសាស្ត្រដ៏​ជូរចត់មួយ​។​ វា​ជាមេរៀន​ដែល​ត្រូវ​សិក្សា​ធ្វើយ៉ាង​ម៉េច​ជៀសវាង​ឲ្យផុតពី​ប្រវត្តិសាស្ត្រ​ច្រំដែល»។ លោក​បាន​កោត​សរសើរផង​ដែរ​ចំពោះ​ភាព​ជោគ​ជ័យ​នៃដំណើរការ​របស់​សាលាក្តីខ្មែរក្រហមក្នុងការ​ស្វែងរក​យុត្តិធម៌​ដែល​ជន​រងគ្រោះ។  

ចំពោះ​ការអះអាង​របស់ នួន ជា ដែល​ថាខ្លួន​ជាអនុលេខាបក្ស​ ហើយ​មិនអាចក្តាប់សភាពការណ៍​នានា​បាន​​នោះ ត្រូវ​បានកូន​ប្រុស​ពៅរបស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វា​ជាសម្តី​ដើម្បី​ការ​ពារខ្លួន​ក្នុងនាម​ជាជន​ជាប់ចោទតែប៉ុណ្ណោះ ប៉ុន្តែ​កត្តាជាក់ស្តែងគឺមនុស្ស​ប្រមាណ​ជាពីរលាន​នាក់​បាន​ស្លាប់។  

លោក ហ៊ុន ម៉ានី បានគូស​បញ្ជាក់ផង​ដែរ​ថា មាន​សំណួរ​ជាច្រើន​ដែល​គេ​ចង់ដឹងពី​ររបបខ្មែរក្រហម ប៉ុន្តែ​ជន​ជាប់​ចោទមិន​បាន​ឆ្លើយ​អស់ឡើយ ហើយ​វា​ក៏​ជារឿង​គួរឲ្យ​សោកស្តាយ​ផង​ដែរ ប្រសិន​បើពួក​គេ​ព្យាយាម​កប់​ទុក​រហូត​ដល់អស់ឱកាស​បកស្រាយ ដូច្នេះរឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​ជាច្រើន​នឹង​ត្រូវ​បាត់បង់៕  

© រក្សាសិទ្ធិដោយ thmeythmey.com