ជាតិ
សង្គមជាតិ
រដ្ឋបាល​ភ្នំពេញ គ្រោង​ដាំ​ដើមឈើ​៥​ម៉ឺន តាម​ដងផ្លូវ ដើម្បី​បង្កើន​សោភ័ណភាព​និង​កាត់បន្ថយ​ជាតិពុល
24, Jun 2020 , 11:29 pm        
រូបភាព
លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ កំពុងតែ​មានវត្តមានជាមួយ​នឹងបណ្តា​​មន្ត្រី​ ដែលកំពុងតែ​រៀបចំបង្គោល​សម្រាប់​ដាំ​ដើមឈើនៅតាម​បណ្តោយផ្ឡូវ​
លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ កំពុងតែ​មានវត្តមានជាមួយ​នឹងបណ្តា​​មន្ត្រី​ ដែលកំពុងតែ​រៀបចំបង្គោល​សម្រាប់​ដាំ​ដើមឈើនៅតាម​បណ្តោយផ្ឡូវ​
ដោយ:
ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដាំ​ដើមឈើ​៥​ម៉ឺន​ដើម នៅតាម​មហាវិថី​មួយចំនួន ដើម្បី​បង្កើន​សោភ័ណភាព ឲ្យ​ពោរពេញ​ទៅដោយ​ពណ៌​បៃតង និង​ជួយ​កាត់បន្ថយ​ជាតិពុល ក្នុង​រាជធានី​ភ្នំពេញ​។ 

 
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដើមឈើ​ទាំង​៥​ម៉ឺន​ដើម​នោះ អាជ្ញាធរ នឹង​ដាំ​នៅតាម​ដង​មហាវិថី​ណា ដែលមាន​ដើមឈើ​ពុកផុយ ហើយ​ជំនួស​វិញ​ដោយ​ដើមឈើ​ថ្មី​។ លោក បន្តថា មហាវិថី​ណា ដែល​ពុំ​សូវ​មាន​ដើមឈើ អាជ្ញាធរ នឹង​ដាំ​ដើមឈើ​មួយចំនួន​បន្ថែម​។ 
 
​អ្នកនាំពាក្យ​រូបនេះ អះអាងថា អាជ្ញាធរ ដើមឈើ​ទាំង​៥​ម៉ឺន​ដើម​នោះ ជា​ប្រភេទ​ដើមឈើ​ធ្នង់ ដើម​ត្រ​សេក ដើម​អង្កាញ់ ដើម​ក្ងោក ដើម​លឿង​រាជ ដើម​ចំប៉ី ដើម​ក្រញូង ដើម​ត្របែកព្រៃ ដើម​រំដួល ដើម​គគីរ ដើម​គីនីន ដើម​ច័ន្ទ​គី​រី ដើមឈើ​ទាល ដើម​ទុយ​លី​ប ដើម​រាំង និង ដើម​នាងនួន ជាដើម​។  
 
​លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង ពិនិត្យ​មើលថា ដាំ វា​ទើស​លូ​អត់​។ យើង រៀបចំ​ផ្លូវ ទំហំ​ប៉ុនណា ព្រោះ​ផ្លូវ យើង អត់​មាន​ទំហំ​ដូចគ្នា​ទេ ចិញ្ចើមផ្លូវ​នៅមុខ​ផ្ទះ​ក៏​ខុសគ្នា​ដែរ​»​។ 
 
​បើតាម​អ្នកនាំពាក្យ​ដដែល រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ថែទាំ​ដើមឈើ ដែល​ស្ថិតនៅតាម​ចិញ្ចើមផ្លូវ​មុខផ្ទះ​របស់​ពលរដ្ឋ​រៀងៗ​ខ្លួន និង​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​រាយការណ៍​ទៅ​អាជ្ញាធរ ក្នុងករណី​ដើមឈើ​ណា​ពុកផុយ ឬ​រលំ​។ 
 
​លោក បន្តថា បើ​អ្នកណា ចង់​តុបតែង​ដើមឈើ នៅមុខ​ផ្ទះ ឬ​មុខ​ក្រុមហ៊ុន​ខ្លួន ជាមួយ​ភ្លើង​លម្អ​សម្រាប់​ពេលយប់ ដើម្បី​បម្រើ​ឲ្យ​ប្រយោជន៍​សង្គម គឺ​អាជ្ញាធរ​អនុញ្ញាត​៕ 
 

Tag:
 ដើមឈើ​
 ​សោភ័ណភាព​
 ​ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com