COVID-19
ជាតិ
រដ្ឋមន្រ្តីសាធារណការ ដាស់តឿនម្ចាស់យានយន្តដឹកអ្នកដំណើរ កុំឲ្យមើលងាយជំងឺកូវីដ-១៩
26, Jun 2020 , 6:00 pm        
រូបភាព
ភ្នំពេញ៖  លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រើនរម្លឹកដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ឬម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ បង្កើនការការពារពីជំងឺកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីលោករដ្ឋមន្រី្ត សង្កេតឃើញម្ចាស់យានយន្តខ្លះ ហាក់ខ្វះការប្រុងប្រយ័ត្នក្នុងការការពារពីជំងឺកូវីដ-១៩។



តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី២៥ ខែមិថុនា លោក ស៊ុន ចាន់ថុល  អំពាវនាវឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ឬម្ចាស់ក្រុមហ៊ុនរថយន្តដឹកដំណើរគ្រប់ប្រភេទ រួមគ្នាទប់ស្កាត់ និងការពារកុំឲ្យមានរលកទីពីរនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្រ្តី ណែនាំឲ្យក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរ ឧស្សាហ៍ត្រួតពិនិត្យសុខភាពរបស់អ្នកបើកបរ ឬបុគ្គលិកដែលបម្រើសេវាប្រចាំថ្ងៃ និងឧស្សាហ៍សម្អាតកន្លែងលក់សំបុត្រ កន្លែងរង់ចាំ កន្លែងទទួលទានអាហារ និងបង្គន់អនាម័យឲ្យមានអនាម័យ និងត្រូវមានឧបករណ៍វាស់កម្តៅ និងទឹកអាល់កុលសម្រាប់ឲ្យអ្នកដំណើរ។

លោក ណែនាំទៀតថា បើអ្នកធ្វើដំណើរណា មានអាការក្តៅខ្លួនលើសពី៣៧,២អង្សា ក្អក ឈឺបំពង់ក  ឬ មានសញ្ញាពិបាកដកដង្ហើម ម្ចាស់រថយន្ត ត្រូវណែនាំឲ្យពួកគេទៅពិនិត្យសុខភាពនៅមជ្ឈមណ្ឌលសុខភាពណាមួយ  ឬខលទាក់ទងទៅ១១៥ ដើម្បីប្រាប់ពីរោគសញ្ញានៃជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងសាធារណការ បានប្រាប់ទៅម្ចាស់យានយន្ត និងម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនដូច្នេះថា៖«ម្ចាស់ ឬអ្នកគ្រប់គ្រងរថយន្តដឹកជញ្ជូនអ្នកដំណើរ ត្រូវប្រើអាល់កុល ឬសារធាតុសម្លាប់មេរោគ ដើម្បីជូតសម្អាតរាល់វត្ថុ ដែលអ្នកធ្វើដំណើរប៉ះពាល់ជាប្រចាំ មានដូចជា របារតោង ភ្នាក់ដៃ និង កៅអី ជាដើម ឲ្យបានញឹកញាប់ តាមតែលទ្ធភាពដែលអាចធ្វើទៅបាន»។

សូមបញ្ជាក់ថា រយៈពេល៣ខែហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្អាកផ្តល់សេវារថយន្តក្រុងរដ្ឋ និងសេវាកាណូតរដ្ឋ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

Tag:
 ចរាចរណ៍
 យានយន្ត
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com