បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក ជា បំ​រ៉ុង៖ ខ្ញុំ​ចូល​រដ្ឋាភិបាល​មែន តែ​ខ្ញុំ​នៅតែ​គោរព​លោក​ប្រធាន ម៉ម សូណង់ដូ
01, Nov 2013 , 7:15 pm        
រូបភាព
ដោយ:
អតីត​អនុប្រធាន​សមាគម​អ្នក​ប្រជា​ធិ​តេ​យ្យ​លោក ជា បំ​រ៉ុង ដែល​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០១២ កន្លងទៅ ដើម្បី​ជា​ថ្នូរ​នឹង​តំណែង​ទីប្រឹក្សា បាន​អះអាងថា នៅក្នុង​អាណត្តិ​ទី ៥ នេះ ខ្លួន​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា មាន​តួនាទី​ជាមួយ​រដ្ឋាភិបាល​ទៀត ឬ​អត់​នោះទេ។ លោក ជា បំ​រ៉ុង បញ្ជាក់ថា លោក​មិន​ភ្ញាក់ផ្អើល​ទេ ទោះបី​អាណត្តិ​នេះ បាន​តួនាទី​ឬ​មិនបាន​ក៏ដោយ។ មិនតែប៉ុណ្ណោះ លោក​ថា បើទោះបីជា​លោក​បាន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ក៏ពិតមែន តែ​លោក​នៅតែ​គោរព​លោក​ម៉ម សូណង់ដូ ជា​រៀងរហូត។



ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង ឬ​ទ្ធី អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក ជា បំ​រ៉ុង អតីត​អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជាទី​ប្រឹក្សា​របស់​រដ្ឋាភិបាល​នា​អណ​ត្តិ​កន្លងមក។

ថ្មី៖ តើ​នៅក្នុង​អាណត្តិ​ទី ៥ នេះ លោក​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ទេ ? ព្រោះថា អាណត្តិ​មុន លោក​បាន​ក្លាយជា​ទីប្រឹក្សា​របស់លោក ហ៊ុន សែន ដោយសារ​ចេញពី​សមាគម​អ្នកប្រជាធិបតេយ្យ?

ជា បំ​រ៉ុង៖ ខ្ញុំ​បានលឺ​មិត្តភក្តិ​ខ្ញុំ​ដែលជា​ឯកឧត្តម​ធ្វើការ​ជាមួយគ្នា គេ​ថា ខ្ញុំ​មានឈ្មោះ មាន​តួនាទី​ជាមួយ​រដ្ឋាភិបាល​អាណត្តិ​ទី ៥ នេះដែរ តែ​ខ្ញុំ​មិនឃើញ ឬ​មិន​បានដឹង​ដោយ​ខ្លួនឯង​នោះទេ ហើយក៏​មិនដឹងថា នឹងមាន​តួនាទី​អ្វី​ឲ្យ​ច្បាស់​នោះដែរ តែ​ទំនង​ជាមាន​តួនាទី​ជាទី​ប្រឹក្សា​ដដែល​មើលទៅ។

ថ្មី៖ ខ្ញុំ​សួរ​លោក​តាម​ត្រង់ ប្រសិនបើ​ក្នុង​អាណត្តិ​នេះ លោក​មិនមាន​តួនាទី​ក្នុង​រដ្ឋាភិបាល ពោលគឺ​មានន័យ​គេបោះបង់​ចោល តើ​លោក​គិតថា លោក​ស្តាយក្រោយ​ឬ​ខ្មាស់​មិត្តភក្តិ​នៅ​កន្លែង​មុន ជាពិសេស​នៅ​សមាគម​អ្នកប្រជាធិបតេយ្យ​ដែរឬទេ?

ជា បំ​រ៉ុង៖ ខ្ញុំ​គិតថា វា​មិន​សំខាន់​នោះទេ បើទោះបី​ខ្ញុំ​ត្រូវ​បាត់បង់​ដំណែង​នៅក្នុង​រដ្ឋាភិបាល​នៅក្នុង​អណ​ត្តិ​នេះនោះ  ហើយ​វា​ក៏​គ្មានអ្វី​ត្រូវ​ខ្មាស់​គេ​នោះដែរ ព្រោះ​ខ្ញុំ​គិតថា ខ្ញុំ​មក​ចុះចូល​ជាមួយ​រដ្ឋាភិបាល​គឺ​ដើម្បី​បំរើ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​របស់ខ្ញុំ​តែប៉ុណ្ណោះ។

ថ្មី៖ ចុះ​លោក​នៅ​ជា​អនុប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​លោក​មិនបាន​បំរើ​ជាតិ​ទេ​ឬ?

ជា បំ​រ៉ុង៖ ណែ!ខ្ញុំ​សូម​ជម្រាប​លោក​ណាស់ ខ្ញុំ​នៅ​សមាគម​អ្នកប្រជាធិបតេយ្យ​ខ្ញុំ​គិតថា វា​ជួយ​ជាតិ​បាន​តិច​ណាស់​គឺ​យឺត​មែនទែន ដូច្នេះ​ខ្ញុំ​ត្រូវ​សម្រេចចិត្ត​ចូល​រដ្ឋាភិបាល ដោយ​យោងទៅលើ​ស្មារតី​បាវចនា​ទាំង ៣ គឺជា​តិ សាសនា ព្រះមហាក្សត្រ។ ម្យ៉ាងទៀត​កាល​នៅក្នុង​សមាគម​អ្នកប្រជាធិបតេយ្យ​ខ្ញុំ​បាន​ជួយ​ការងារ​លោក ម៉ម សូណង់ដូ ក៏ដូចជា​សមាគម​នេះ​បាន​ច្រើន​ផងដែរ។ ខ្ញុំ​ក៏​សូមបញ្ជាក់​ឲ្យ​ច្បាស់​ទៀតថា ខ្ញុំ​ចេញ​គឺ​ដោយសារតែ​ខ្ញុំ​មាន​ទស្សនៈ​ផ្សេង​ពី​លោក ម៉ម សូណង់ដូ។

ថ្មី៖ ណ្ហើយ​ខ្ញុំ​សូម​ត្រឡប់មក​និយាយ​ពី​ទំនាក់ទំនង​រវាង​លោក ជាមួយ​លោក​ម៉ម សូណង់ដូ វិញ​ម្តង​ពី​ព្រោះតែ​កាលពី​លោក ម៉ម សូណង់ដូ ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទ​អប្បគមន៍​នោះ លោក​ក៏​ធ្លាប់​ចេញមុខ​ធ្វើ​ស​ន្និសិទ​កាសែត​ផងដែរ ដើម្បី​បញ្ជាក់ថា លោក សូណង់ដូ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ។ នេះ​ជា​អនុស្សាវរីយ៍​មួយ​រវាង​លោក និង​លោក សូណង់ដូ។ ខ្ញុំ​ចង់​សួរថា មកទល់ពេលនេះ លោក​នៅតែមាន​ទំនាក់ទំនង​គ្នា​ល្អជា​មួយ​លោក​ម៉ម សូណង់ដូ ទេ​ឬ?

ជា បំ​រ៉ុង៖ និយាយ​តាម​ត្រង់​ទៅ​ខ្ញុំ​មិនដែល​ជួប​មុខ​គាត់​ទាល់តែសោះ និង​មិនដែល​បាន​ទាក់ទង​នោះទេ តាំងពី​ខ្ញុំ​ចូល​ជាមួយ​រដ្ឋាភិបាល។ ខ្ញុំ​ធ្វើបែបនេះ គឺ​ដើម្បី​ឲ្យ​គេ​គិតថា ខ្ញុំ​នៅ​មិនទាន់​អស់​អាល័យ​ពី​សមាគម​អ្នកប្រជាធិបតេយ្យ ឬ​មាន​បញ្ហាផ្សេងៗសម្រាប់​ខ្ញុំ។

ថ្មី៖ ចុះ​ក្នុង​ចិត្ត​របស់លោក មាន​ចេតនា​ចង់​ផ្តាច់​ទំនាក់​ទំ​នង់​ជាមួយ​លោក​ម៉ម សូណង់ដូ ឬ​នៅតែ​រក្សា​មិត្តភាព​ដដែល?

ជា បំ​រ៉ុង៖  ថ្វី​ត្បិដ​ខ្ញុំ​ចូល​រដ្ឋាភិបាល​ក៏ពិតមែន តែ​នៅក្នុង​ដួងចិត្ត​របស់ខ្ញុំ​នៅតែ​គោរព​លោក ប្រធាន ម៉ម សូណង់ដូ ជានិច្ច ពីព្រោះ​លោក​ជា​អ្នកស្នេហាជាតិ​មួយរូប ដែល​កម្រ​នឹង​រកបាន៕


© រក្សាសិទ្ធិដោយ thmeythmey.com