ជាតិ
BIDC Cup ចាប់ផ្ដើម​ថ្ងៃនេះ ខណៈ​ក្រុម U23 កម្ពុជា​ប្រកួត​ម៉ោង ៤ រសៀល
02, Nov 2013 , 9:39 am        
រូបភាព
ដោយ:
ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​យុវជន​ក្រោម​អាយុ២៣ ឆ្នាំ មហា​អនុតំបន់​ទន្លេមេគង្គ ឬ BIDC Cup នឹង​ចាប់​បើក​ទំព័រ​របស់ខ្លួន​នៅ​រសៀល​ថ្ងៃទី ២ វិច្ឆិកា នេះហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ដោយ​គូប្រកួត​បើកឆាក​នៅវេលា​ម៉ោង ២ រសៀល រវាង​ក្រុមU22 មី​យ៉ាន់​ម៉ា ប៉ះ U22 វៀតណាម ចំណែក​ក្រុម U23 កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ត្រូវ​ទទួលភ្ញៀវ U23 ម៉ាឡេស៊ី វេលា​ម៉ោង ៤ រសៀល ។

ចំពោះ​គូ​ដំបូង ក្រុម​មី​យ៉ាន់​ម៉ា តាំង​នាម​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ត្រូវ​ប៉ះ​ក្រុម​​ឈ្នះ​បោះ​សំឡេង​នៅក្នុង​តំបន់ គឺ វៀតណាម ដើម្បី​បង្ហាញ​ភាពខ្លាំង​នៅក្នុង​ពូ​ល A ជា​បណ្ដោះអាសន្ន ស្របពេល​ក្រុម​ថៃ ឈរជើង​សិន។

ងាក​មក​មើល​គូ​ទី២ ក្នុង​ពូ​ល B វិញ ក្រុម U23 ម៉ាឡេស៊ី ទើបតែ​ឈ្នះ​ពាន Pestabola Merdeka 2013 មិនទាន់​ក្ដៅ​ដៃ​នៅឡើយ​ទេ ក្នុងនាម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ខែកញ្ញា​កន្លង​ទៅដោយ មាន​ក្រុម ៣ ផ្សេងទៀត​ចូលរួម។ បន្ទាប់មកទៀត U23 ម៉ាឡេស៊ី បាន​ចេញទៅ​ចូលរួម​ប្រកួត​ពានរង្វាន់ Menpora Cup 2013 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្ដែ​មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​នោះទេ។

ដោយឡែក ក្រុម U23 កម្ពុជា ក្រោម​ការដឹកនាំ​ជា​លើក​ទី២ របស់លោក Lee Tae Hoon ត្រូវបាន​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ រំពឹងថា​នឹង​ខិតខំ​ប្រឹងប្រែង​ស្រវា​យក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ឱ្យបាន ព្រោះ​កម្ពុជា​ធ្លាប់​ឈ្នះ ពាន​នេះ​កាលពី​លើកដំបូង​ម្ដង​ហើយ។

លោក អៀង សាក់​នី​ដា ជំនួយការ​គ្រូបង្វឹក U23 កម្ពុជា​បាន​ប្រាប់គេហទំព័រថ្មីៗ មុន​ការប្រកួត​ថា កីឡាករ​របស់លោក​មិនមាន​បញ្ហា​ចោទ​ទេ ណាមួយ​ទៅ​អារម្មណ៍​ពូកគេ​ក៏​ស្រស់ស្រាយ មិន​បាក់​ទឹកចិត្ត​អី​នោះដែរ បើទោះជា​ដឹងថា​ប្រកួត​ដំបូង​ប៉ះ​ម៉ាឡេស៊ីក៏ដោយ។

តើ​ក្រុម​មួយណា អាច​យកឈ្នះ​នៅ​ថ្ងៃ​បើកឆាក​បាន​មុនគេ? ហើយ​តើ​ក្រុម​កម្ពុជា​អាច​បង្ហាញ​ឬ​ទ្ធិ​ក្នុង​ទឹកដី​ឬ​យ៉ាងណា?




© រក្សាសិទ្ធិដោយ thmeythmey.com