ពីនេះ ពីនោះ
«​ឯកា​»,«​ឯកោ​» និង​«​ឯកំ​»​សុទ្ធតែជា​ពាក្យ​ត្រឹមត្រូវ និង​មានន័យ​ដូចគ្នា​!
09, Jul 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ឯកា​»​និង​«​ឯកោ​»​ជា​ពាក្យ​ដែល​ពលរដ្ឋ​និយម​ប្រើ និង​និយាយ​ជាប្រចាំ​ថ្ងៃ​។ តែ​ពាក្យ​«​ឯកំ​»  ពលរដ្ឋ​កម្រ​មាន​អ្នក​ប្រើ​ណាស់​។ ការពិត​ពាក្យ​ទាំង​៣​នេះ គឺ​សុទ្ធតែជា​ពាក្យ​ត្រឹមត្រូវ និង​មានន័យ​តែមួយ​ដូចគ្នា​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត​។

 
 
​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ «​ឯកា​»,«​ឯកោ​»​និង​«​ឯកំ​» ជា​ពាក្យ​ឥតមាន​ចម្លែក​ឲ្យ​ភ័ន្ត​ភាំង ប្រើ​តាម​កាព្យ​ចួន​មិន​គាំង​។ កវី​សម្រាំង​តែងកា​ព្យា ដូច​កាព្យ​ថា​ឯកោ រាជា ឯកា​ទេវី​រដ្ឋ​ឯកំ​។ 
 
​វចនានុក្រម​ខ្មែរ​បានលើកឡើង​នូវ​ពាក្យ​ដែលមាន​«​ឯក​»​នៅ​ខាងដើម​ពាក្យ​ដទៃ ឬ ខាងចុង​ពាក្យ​ដទៃទៀត គឺ​ពាក្យ​ទាំងនោះ មានន័យថា មួយ​,​ម្នាក់​។ «​ឯក​»​ជា​គុណនាម​មានន័យ​ដែលមាន​តែមួយ ឬ​តែ​ម្នាក់​,​ឥតមាន​ពីរ​,​ទីមួយ​,​លេខ​មួយ​,​ឧ​ត្ត​ម​,​ខ្ពស់​,​ខ្ពង់ខ្ពស់​,​ប្រសើរ​,​លើសលែង​,​លើសលន់​,​កន្លង​,​ចម្បង​,​សំខាន់​,​ដែល​ដាច់​គេ​,​បណ្តាច់​,​ផុត​,​បំផុត​,​ស្រស់​,​ឆើត​,​ឆ្នើម​,​ថ្លៃថ្លា​,​ឥតមាន​ប្រៀប​,​ដែល​តែម្តង​,​ដែល​ព្រម​គ្នា​។ 
 
​ឧទាហរណ៍​៖ ឯកឧត្តម​(​ឧ​ត្ត​ម​លើសលែង​),​ចំណេះ​ឯក​(​ចំណេះ​ខ្ពស់​),​ប្រសើរ​ឯក​(​ប្រសើរ​បំផុត​), ឯកចក្ខុ​(​ភ្នែក​តែ​ម្ខាង​),​ឯកចរ​(​ការ​ត្រាច់ ឬ​ដើរ​តែម្នាក់ឯង​),​ឯកចិត្ត​(​ចិត្ត​មួយ​,​គំនិត​តែមួយ​),​ឯកច្ឆន្ទ​(​ចំណង​តែមួយ​,​ដែល​ព្រម​ចិត្ត​គ្នា​),​ឯកជាតិ​(​ជាតិ​តែមួយ​),​ឯកជន​(​មនុស្ស​តែ​ម្នាក់​),​ឯកទិន​(​ថ្ងៃមួយ​)​ជាដើម​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com