កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ខកខាន​ចូល Top 4 ក្រោយ Southampton វាយបក​តាម​ស្មើ​ចុង​ម៉ោង​
14, Jul 2020 , 11:29 am        
រូបភាព
Manchester United បាន​ខកខាន​ឱកាស​ចូលក្នុង​តំបន់ Top 4 ក្រោយ Southampton វាយបក​តាម​ស្មើ ២-២ វិញ​នៅ​ចុង​ម៉ោង នា​ការប្រកួត Premier League នៅ​យប់​ថ្ងៃទី​១៣ ខែកក្កដា​។ ប្រសិនបើ Man Utd អាច​រកបាន​៣​ពិន្ទុ​ពី​ជំនួប​នេះ ពួកគេ​នឹង​ដណ្តើមបាន​ចំណាត់ថ្នាក់​ទី​៣ ពី Chelsea មិន​ខាន​។​



អត្ថបទទាក់ទង

 
​ក្នុងជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​៣៥ នា​កីឡដ្ឋាន Old Trafford ក្រុម​ភ្ញៀវ Southampton អា​ចរក​គ្រាប់​បាល់​នាំ​មុខមុន​តាំងពី​នាទី​១២ ដែល​សម្រេចបាន​ដោយ​ខ្សែបម្រើ Stuart Armstrong​។ ក្រោយ​នាំមុខ​រយៈពេល​៨​នាទី ក្រុម​ម្ចាស់ផ្ទះ Man Utd បាន​វាយបក​យក​ស្មើ​វិញ​តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Marcus Rashford មុនពេល Anthony Martial បន្ថែម​គ្រាប់​បាល់​នាំមុខ ២-១ នៅ​៣​នាទី​បន្ទាប់​។​
 
​ចូលដល់​វគ្គ​ទី​២ ក្រុម​បិសាច​ក្រហម​ដែលមាន​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ហើយ​ត្រូវការ​៣​ពិន្ទុ​ជា​ចាំបាច់​ដើម្បី​ចូលទៅក្នុង​តំបន់ Top 4 បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង ប៉ុន្តែ​ពួកគេ​គេ​មិនអាច​សម្រេចបាន​គ្រាប់​បាល់​បន្ថែម​ឡើយ​។ 


 
​ផ្ទុយទៅវិញ​មិន​ត្រឹមតែ​មិនអាច​រក​គ្រាប់​បាន តែ​បែ​ជា​ខកខាន​ឱកាស​មាស​ទៅវិញ បន្ទាប់ពី​ខ្សែប្រយុទ្ធ Michael Obafemi បាន​ស៊ុត​១​គ្រាប់​នៅ​ចុង​ម៉ោង​នៅ​នាទី​បន្ថែម​៩០+ ទៅហើយ ដើម្បី​ជួយ Southampton តាម​ស្មើ Man Utd ២-២ វិញ​។​
 
​ការទទួលបាន​មួយ​ពិន្ទុ​បន្ថែម​នេះ មានន័យថា​ក្រុម​បិសាច​ក្រហម​នៅតែ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​ដដែល​ដោយ​រកបាន​៥៩​ពិន្ទុ ស្មើ​ក្រុម​លេខ​៤ Leicester City ដែលមាន​ប្រៀប​ដោយសារ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។ លទ្ធផល​ស្មើគ្នា​នេះដែរ ក៏បាន​ធ្វើ​ឲ្យ​ក្រុម​គូប្រជែង Leicester និង Chelsea ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ មាន​៦០​ពិន្ទុ សប្បាយចិត្ត​មិន​ស្ទើ​ឡើយ ព្រោះ​ទាំងពីរ​ក្រុម​នេះ​នៅតែ​ស្ថិតក្នុង​តំបន់ Top 4 ដែលជា​តំបន់​អាច​ទទួលបាន​កៅអី​លេង​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ​។​


 
​ទោះបីយ៉ាងណា​ក៏ដោយ ទាំង Man Utd, Leicester និង Chelsea ត្រូវ​បន្ត​បេសកកម្ម​ដ៏​សំខាន់​រៀងៗ​ខ្លួន​ដើម្បី​ប្រជែង​កៅអី​ក្របខណ្ឌ​អឺរ៉ុប​សម្រាប់​ការប្រកួត​លី​គ​ក្នុងស្រុក ៣ លើកចុងក្រោយ​។ Wolves ដែល​រកបាន​៥៥​ពិន្ទុ ក៏មាន​លទ្ធផល​គួ​សម​ដើម្បី​ចូលរួម​ប្រជែង​យក​កៅអី​កំពូល​អឺរ៉ុប​នេះ​ផងដែរ​
៣​ប្រកួត​ចុងក្រោយ​របស់ Man Utd ត្រូវ​ជួប Crystal Palace, West Ham និង​ចុងក្រោយ Leicester City​។
 
៣​ប្រកួត​របស់ Leicester ចុងក្រោយ​ត្រូវ​ប៉ះ Sheffield Utd, Spurs និង Man Utd ហើយ Chelsea ប៉ះ Norwich City, Liverpool និង Wolves ឯ​៣​លើកចុងក្រោយ​របស់ Wolves ជួប Burnley Crystal Palace និង Chelsea៕

Tag:
 Premier League
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com