ជាតិ
ម្ចាស់​ហ្វេ​ស​ប៊ុ​ក «Kitchen Story» បង្ហាញ​ពី​របៀប​ធ្វើ​ម្ហូប​តាម​បណ្តាញ​សង្គម​
17, Jul 2020 , 7:59 pm        
រូបភាព
អ្នកស្រី ដួង ធីតា ស្ត្រីខ្មែរម្នាក់រស់នៅប្រទេសកូរ៉េខាងត្បូង បានផលិតវីដេអូបង្ហាញពីវិធីធ្វើម្ហូប ហើយចែកចាយវីដេអូទាំងនោះតាមបណ្តាញសង្គមដោយមានឈ្មោះថា «Kitchen Story»។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)
អ្នកស្រី ដួង ធីតា ស្ត្រីខ្មែរម្នាក់រស់នៅប្រទេសកូរ៉េខាងត្បូង បានផលិតវីដេអូបង្ហាញពីវិធីធ្វើម្ហូប ហើយចែកចាយវីដេអូទាំងនោះតាមបណ្តាញសង្គមដោយមានឈ្មោះថា «Kitchen Story»។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)
ដោយ: VOA
​ភ្នំពេញ៖ដូចជា​នារី​ខ្មែរ​ជាច្រើន​ទៀត​ដែរ អ្នកស្រី ដួង ធីតា​តែងតែ​ជួយ​ការងារ​ផ្ទះ​ម្តាយ​។ នៅពេល​ម្តាយ​និង​ឪពុក​នាង​មិន​នៅផ្ទះ ធីតា ដាំបាយ​និង​ស្ល​ដោយ​ខ្លួនឯង តាំងពី​អាយុ​តិចជាង ១០ ឆ្នាំ​មកម្ល៉េះ​។ រយៈពេល ២០ ឆ្នាំកន្លងមក ធីតា ដែល​ធំធាត់​នៅក្នុង​ស្រុក​តាខ្មៅ​ខេត្តកណ្តាល ជាមួយ​ប្អូនស្រី​ម្នាក់​ចូលចិត្ត​រៀន​ធ្វើ​ម្ហូប​ពី​ម្តាយ​។​

 
​អ្នកស្រី​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ ក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៦ ពីរ​ឆ្នាំ​បន្ទាប់ពី​អ្នក​ទាំងពីរ​ជួបគ្នា​។​ប្រហែល​កន្លះ​ឆ្នាំ​ក្រោយមក ធីតា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។​
 
​គម្រោង​ស្នាក់​នៅតែ​បី​ខែ​បានក្លាយ​ទៅជា​បួន​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ជីវិត​មិនបាន​ព្រាងទុក​របស់​ធីតា ជួប​ការលំបាក​ខ្លាំង​។​
 
​ធីតា​ដែលមាន​វ័យ ២៥ ឆ្នាំ បាន​ប្រាប់​វី​អូ​អេ​តាម​ទូរស័ព្ទ​ពី​ប្រទេស​កូរ៉េខាងត្បូង​ថា ដោយសារតែ​បញ្ហា​សុខភាព​ដែល​មិនអាច​ឲ្យ​អ្នកស្រី​ធ្វើការ​នៅក្នុង​រោងចក្រ ដូច​ប្រជាជន​ខ្មែរ​ដទៃទៀត បាន​អ្នកស្រី​ត្រូវ​រក​ការងារ​ដែល​អ្នកស្រី​ស្រឡាញ់ ហើយ​អាច​ឲ្យ​អ្នកស្រី​ធ្វើ​ពី​ផ្ទះ​បាន​។ ក្រោយពី​មើល​វីដេអូ​ជាច្រើន​អំពី​ការ​ចម្អិនម្ហូប ដោយសារ​ចំណង់​ចំណូលចិត្ត​ធ្វើ​ម្ហូប និង​ការចង់​ចែករំលែក អ្នកស្រី​សម្រេចយក​ការងារ​ដែល​បង្ហាញ​ពី​ការធ្វើ​ម្ហូប​តាម​បណ្តាញ​សង្គម ដែលមាន​ឈ្មោះថា «Kitchen Story»​។​
 
«​គោលដៅ​ចម្បង គឺ​ចង់​ឲ្យ​អ្នកមើល​បាន​ប្រយោជន៍​។ អ៊ីចឹងទៅ​មិន​ថា​ប្រយោជន៍​ណាមួយ​ក៏ដោយ មិន​ថា ផ្នែក​ម្ហូបអាហារ ផ្នែក​វប្បធម៌ ចំណេះ​ដឹងអី ក៏ដោយ ខ្ញុំ​ចង់​ឲ្យ​វា​កាន់តែ​រីកចម្រើន​»​។​


រូបភាពរបស់អ្នកស្រី ដួង ធីតា ដែលជាម្ចាស់ហ្វេសប៊ុក «Kitchen Story» ដែលបង្ហាញពីវិធីធ្វើម្ហូបដោយទទួលបានការគាំទ្រពីអ្នកប្រើប្រាស់បណ្តាញសង្គមកម្ពូជា។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)
 
​ធីតា​រស់នៅក្នុង​ក្រុង Yangju-si ក្នុង​ខេត្ត Gyeonggi នៃ​ប្រទេស​កូរ៉េខាងត្បូង​។ ទីក្រុង​នេះ​មាន​ចម្ងាយ​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ ពី​ក្រុង​សេ​អ៊ូ​ល​។ រយៈពេល​មួយឆ្នាំ​ដំបូង ធីតា មិនអាច​ទិញ​ម្ហូប​ដោយ​ខ្លួនឯងបាន ហើយ​មិនអាច​ចេញទៅ​ណា​មក​ណា​ម្នាក់ឯង​បានទេ​។ ជីវភាព​នេះ​បានធ្វើ​ឲ្យ​អ្នកស្រី​បាត់​ឯករាជ្យភាព​របស់ខ្លួន​។​
 
​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដែល​ឆ្ងាយ​ពី​ស្រុកកំណើត​ពី​ម្តាយ​ឪពុក ធីតា ជួប​ការលំបាក​ខ្លាំង​។ ប៉ុន្តែ​ការធ្វើ​ម្ហូប​និង​ការបង្ហាញ​ពី​របៀប​ធ្វើ​ម្ហូប​បានធ្វើ​ឲ្យ​អ្នកស្រី មានការ​សប្បាយ​ចិត្តច្រើន​ជាង​មុន​។​
 
«​អរគុណ​អ្នកមើល​ទាំងអស់​។ ដូច​ខ្ញុំ​បាន​និយាយ​ជាមួយ​បង​មិញ​អ៊ីចឹង​។ ឥឡូវនេះ​ខ្ញុំ​មិន​ទទួលស្គាល់ថា ខ្ញុំ​ពូកែ​អី​ទេ​។ ហើយ​បើទោះបីជា​ខ្ញុំ​ពូកែ​ប៉ុណ្ណា​ក៏ដោយ តែ​អត់​មាន​អ្នក​ជួយ share (​ចែករំលែក​) អត់​មាន​អ្នក​ជួយ Like ក៏​វា​អត់​រីកចម្រើន​។ អ៊ីចឹងទៅ​ដោយសារតែ​អ្នកមើល​ទាំងអស់​ហ្នឹង​»​។​
 
​នៅពេល​ចាប់​ផ្តើមដំបូង អ្នកស្រី​មានការ​បាក់​ទឹកចិត្ត ដោយសារតែ​វីដេអូ អ្នកស្រី​មាន​មនុស្ស​ពី​បួន​ទៅ​ប្រាំ​បីនាក់​ប៉ុណ្ណោះ​មើល​។ តែ​ក្រោយមក​អ្នកស្រី​មាន​អ្នកគាំទ្រ​កាន់តែច្រើន​ទៅៗ​។ អ្នកស្រី​មិនដែល​បង្ហាញមុខ​របស់​អ្នកស្រី​នៅក្នុង​វីដេអូ​នោះទេ​។ នៅក្នុង​វីដេអូ​គឺមាន​តែ​ដៃ​ទាំងពីរ​របស់​អ្នកស្រី ជាមួយ​កាយវិការ​ធ្វើ​ម្ហូប និង​សំឡេង​ស្រាល​ច្បាស់​មួយៗ ដែល​ប្រាប់​អ្នកតាមដាន​បណ្តាញ kitchen story នៅលើ​បណ្តាញ​សង្គម​អំពី​របៀប​ធ្វើ​ម្ហូប​ផ្សេងៗ​។​
 
​វីដេអូ​មួយ​របស់​អ្នកស្រី​អំពី «​ភ្លាសាច់គោ​» មាន​អ្នកមើល​រហូត​ជិត​៩​លាន​នាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​វីដេអូ​ដដែល​នេះ មាន​អ្នកមើល​ជិត ២​លាន​នាក់ នៅលើ​បណ្តាញ​សង្គម​យូ​ធ្យូ​ប (youtube)​។ អ្នកស្រី​ថា ជោគជ័យ​របស់​អ្នកស្រី​កើត​មកពី​ការគាំទ្រ​ពី​អ្នកគាំទ្រ និង​អ្នក​ចូលចិត្ត​មើល​វីដេអូ​ធ្វើ​ម្ហូប​របស់​អ្នកស្រី​។​
 
​នាង រុំ មូលី​កា មាន​វ័យ ២៧ ជា​អ្នក​ផលិត​មាតិកា​ម្នាក់​។ មូលី​កា ដែលជា​អ្នកគាំទ្រ​ម្នាក់​របស់ kitchen story បាន​ប្រាប់​វី​អូ​អេ​ថា ការថត​និង​ចម្អិនម្ហូប​របស់​ធីតា មាន​ភាព​ទាក់ទាញ​ខ្លាំង​។​
 
«​ខ្ញុំ​សរសើរ​នៅពេលដែល​គាត់ execute (​អនុវត្ត​) ទៅលើ content (​ខ្លឹមសារ​)​។ នៅពេល​គាត់​ថត គាត់​អីហ្នឹង វា​មាន​ដំណាក់កាល​ត្រឹមត្រូវ ហើយ​វា​ច្បាស់​»​។​
 
​អ្នកស្រី ធីតា ឃឹះ ជា​អតីត​នាយិកា​ប្រតិបត្តិ​អង្គការ SILAKA នៅ​កម្ពុជា ក៏​ជា​អ្នកគាំទ្រ​ម្នាក់​របស់ kitchen story ផងដែរ​។ អ្នកស្រី​ប្រាប់​វី​អូ​អេ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា អ្នកស្រី​ចូលចិត្ត​រៀន​របៀប​ធ្វើ​ម្ហូប​ពី Kitchen Story​។​
 
«​ខ្ញុំ​ចូលចិត្ត​ផេ​ច (​ទំព័រ​ហ្វេ​ប៊ុ​ក​) របស់គាត់ ដោយសារតែ​វា​ផ្តល់​រូបមន្ត ធ្វើ​ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត​។ ខ្ញុំ​ចូលចិត្ត​មើល​របៀប​គេ​ចម្អិនម្ហូប​។ ម្ហូប​ដែល​ខ្ញុំ​ស្គាល់ ប៉ុន្តែ​របៀប​ធ្វើ​ខុសគ្នា​។ អ្នកស្រី​ដែលជា​ម្ចាស់​ផេ​ច (​ទំព័រ​ហ្វេ​ប៊ុ​ក​) ហ្នឹង​គាត់​ឆ្លាត ហើយ​គាត់​ប្រើពេល​វេលា​ដ៏​មានតម្លៃ​របស់គាត់​បាន​ល្អ​»​។​
 
​អ្នកស្រី ទែន សុ​ភោ​ន វ័យ ៥០ ឆ្នាំ ដែលជា​ម្តាយ​របស់​ធីតា មាន «​មោទនភាព​» ចំពោះ​កូនស្រី​។ អ្នកស្រី​ក៏​ជា​អ្នក​លើក​កម្លាំងចិត្ត​ដ៏​ខ្លាំងក្លា​ម្នាក់​របស់ ធីតា ផងដែរ​។​
 
​អ្នកស្រី​ប្រាប់​វី​អូ​អេ​តាម​ទូរស័ព្ទ ដោយ​សំឡេង​សប្បាយរីករាយ​ថា​៖ «​មីង​រំភើប​ខ្លាំងណាស់​។ រំភើប​ឡើង​ចង់​ស្រក់​ទឹកភ្នែក​ក្មួយ​។ យើង​ជា​ម្តាយ​ម្តាយ​ឪពុក រំភើប​រក​អ្វី​មក​ប្រៀបផ្ទឹម​មិន​បានទេ​»​។​
 
​ការសម្រេច​ទាំងនេះ​កើតឡើង ដោយ​ការខិតខំ​មិន​រួញរា និង​ជា​ទៀងទាត់​របស់​ធីតា​។​
 
​មុននឹង​សម្រេច​ថា​ធ្វើ​ម្ហូប​អ្វីមួយ​នោះ ធីតា ត្រូវ​ចំណាយពេល​មើលសៀវភៅ​ម្តង​ហើយ​ម្តងទៀត អំពី​មុខម្ហូប​នោះ​។ ធីតា​ក៏ត្រូវ​មើល​ពី​របៀប​ធ្វើ និង​របៀប​ថត​វីដេអូ​អ្នកធ្វើ​ម្ហូប​ដទៃៗ​ទៀត ដើម្បី​ឲ្យ​ប្រាកដថា «​រស់ជាតិ​ម្ហូប​ឆ្ញា​ញ់​ពិសា​» ហើយ​វីដេអូ​ដែល​បង្ហាញ​ពី​ការធ្វើ​ម្ហូប​នោះ «​ទាក់ទាញ​» ផងដែរ​។​
 
​អ្នកស្រី ធីតា ត្រូវ​រៀបចំ​ធ្វើ​ម្ហូប​និង​ថត​វីដេអូ​ដោយ​ខ្លួនឯង​។ អ្នកស្រី​ត្រូវ​រៀន​ថត​វីដេអូ និង​កាត់​វីដេអូ​ដោយ​ខ្លួនឯង​។ មុខម្ហូប​ខ្លះ​តម្រូវ​ឲ្យ​អ្នកស្រី​ធ្វើ​ពី​ពីរ​ទៅ​បួន​ដង ទើប​អ្នកស្រី​ពេញចិត្ត​។ នេះ​មានន័យថា​អ្នកស្រី​ត្រូវ​ចំណាយ​កម្លាំង​ធ្វើ​ម្ហូប និង​ថត​ច្រើនដង ហើយ​ការចំណាយ​ទៅលើ​តម្លៃ​គ្រឿង​បន្លែ និង​សាច់​នៃ​មុខម្ហូប​នោះ​ក៏​កើនឡើង​តាម​ហ្នឹង​ដែរ​។ យូរៗ​ម្តង ស្វាមី​អ្នកស្រី​ជួយ​អ្នកស្រី​ក្នុងការ​រៀបចំ​។​


សកម្មភាពចម្អិនបង្កងអាំងរបស់អ្នកស្រី ដួង ធីតា ម្ចាស់ហ្វេសប៊ុក «Kitchen Story» ដែលចែករំលែកវិធីធ្វើម្ហូបតាមបណ្តាញសង្គមដោយទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមកម្ពុជា។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី ដួង ធីតា)


 
​ពីរ​ឆ្នាំ​ក្រោយមក អ្នកស្រី​ទទួលបាន​ចំណូល​ខ្លះ​ពី​ហ្វេ​ស​ប៊ុ​ក​និង​យូ​ធ្យូ​ប​។ ខែ​ខ្លះ​អ្នកស្រី​ទទួលបាន ២០០ ដុល្លារ ។ ខែ​ខ្លះទៀត​អ្នកស្រី​ទទួលបាន​ជិត​ដល់ ៦០០ ដុល្លារ​។ អ្នកស្រី​ប្រើ​ចំណូល​ទាំងនេះ ដើម្បី​ទិញ​បន្លែ​សាច់ និង​គ្រឿងគ្រៅ​សម្រាប់​ការបង្ហាញ​មុខម្ហូប​ផ្សេងៗ​ទៀត​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រី​ថា ចំណូល​ពី​ការធ្វើ​ម្ហូប និង​ការ​បង្ហោះ​វីដេអូ​ទាំងនេះ​មិនមែនជា​គោលបំណង​សំខាន់​របស់​អ្នកស្រី​នោះទេ​។ អ្នកស្រី​សប្បាយចិត្ត នៅពេល​អ្នកតាមដាន​ការធ្វើ​ម្ហូប​របស់​អ្នកស្រី​សាកល្បង​តាម​អ្វីដែល​អ្នកស្រី​បានបង្ហាញ​។​
 
​អ្នកស្រី​នឹង​បន្ត​រៀន​ធ្វើ​មុខម្ហូប​បន្ថែមទៀត​។ អ្នកស្រី​ក៏ត្រូវ​រៀន​បន្ថែម​អំពី​ការថត​និង​កាត់​វីដេអូ​ឲ្យ​កាន់​តែមាន​គុណភាព​ល្អជា​ង​មុន​ផងដែរ​។ ហើយ​អ្នកស្រី​ស​ង្ឈឹ​ម​ថា នឹង​ទទួល​ការគាំទ្រ​កាន់តែច្រើន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com