បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ Candy Crush ធ្វើ​ឲ្យ​អ្នកខ្លះ​ភ្លេច​ដំណេក ភ្លេច​បាយទឹក និង​ភ្លេច​ការងារ
05, Nov 2013 , 9:26 am        
រូបភាព
ដោយ:
មនុស្ស​មួយចំនួន​ចូលចិត្ត បន្ធូរ​អារម្មណ៍​តានតឹង ជាមួយនឹង​ការលេង​ហ្គេម​កំសាន្ត ប៉ុន្តែ​អ្នកមួយ​ចំនួន ទៀត​មិន​ត្រឹមតែ​ដើម្បី​បំបាត់​ការ​អផ្សុក​ប៉ុណ្ណោះ​ទេ ពួកគេ​ជក់ចិត្ត​នឹង​ហ្គេម​ទាំងនោះ ស្ទើរតែ​ភ្លេច​បាយ ភ្លេច​ទឹក ឬក៏​ភ្លេច​បំពេញ​កិច្ចការងារ​ក៏មាន។


ហ្គេម​នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​លើ​កុំព្យូទ័រ ជាពិសេស​ហ្គេម​តាម​ហ្វេ​ស​ប៊ុ​ក មាន​ច្រើន​ប្រភេទ​ណាស់​នាពេល​បច្ចុប្បន្ននេះ។ Candy Crush Saga ឬ​ហ្គេម​ស្ករ​គ្រាប់ កំពុង​ទទួលបាន​នូវ​ការពេញនិយម​យ៉ាងខ្លាំង ពីព្រោះ​គេ​អាច​លេង​វា​បាន​នៅតាម​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មិន​ថា iOS,  Android ឬ​នៅលើ​កុំព្យូទ័រ​នោះឡើយ ។

ជា​អ្នក​ចំណាយពេល​ប្រចាំថ្ងៃ​យ៉ាងច្រើន​ជាមួយនឹង Candy Crush  យុវជន​សម្បុរ​ស សក់វែង​បន្តិច​ឈ្មោះ តេ​ក លី បាន​លើកឡើងថា ក្នុងចំណោម​មិត្ត​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​ចូលចិត្ត​លេង​ហ្គេម​នេះ គឺ​លោក​មាន​លំដាប់ (Level) ខ្ពស់​ជាងគេ ព្រោះ​លោក​លេង​ទាំងយប់​ទាំង​ថ្ងៃ។ យុវជន​រូបនេះ​បាន​អះអាងថា៖« ខ្ញុំ​មិនសូវ​គេង​ទេ​មួយយប់ៗ ខ្ញុំ​ជក់​លេង​ដល់​យប់​ជ្រៅ ពេលខ្លះ​ដល់​ភ្លឺ​ក៏មាន។ មិត្ត​ភ័ក្តិ​ជាច្រើន​តែង​សុំ​ឲ្យ​ជួយ​ព្រោះ​ខ្ញុំ​ពូកែ​លេង»។

កញ្ញា ស្រី​នី​ន ក៏​ជា​អ្នកលេង Candy Crush ដល់ Level កំពូល​ម្នាក់​ផងដែរ។  យុវតី​រូបនេះ​និយាយ​ឲ្យ​ដឹងថា លេង​ហ្គេម​នេះ​អាច​បង្កើន​ភាព​វ័យឆ្លាត ព្រោះ​វា​ទាមទារ​ឲ្យ​អ្នកលេង​គិត​ច្រើន​បន្តិច​ទើប​អាច​ឈ្នះ។ យុវតី​រូបនេះ បាន​អះអាងថា៖«ពេលខ្លះ​ខ្ញុំ​សុខចិត្ត​អត់​គេង ដោយសារ​ចង់បាន​លំដាប់ (level) ខ្ពស់។ មិត្ត​ភ័ក្តិ​ខ្ញុំ​មួយចំនួន​ក៏​អីចឹង​ដែរ។ និយាយ​ឲ្យ​ត្រង់ ពេលខ្លះ​យើង​ក៏បាន​ភ្លេច​បាយទឹក​ផងដែរ»។

ជា​មន្ត្រីរាជការ​វ័យក្មេង​ម្នាក់ទៀត លោក សំ សុផាត ជា​បុគ្គលិក​នៅ​មន្ទី​ឧស្សាហកម្ម​រ៉ែ និង​ថាមពល លោក​លេង Candy Crush នេះ ៤ខែ​មកហើយ ឥឡូវ​ដល់ កម្រិត (level) ៣៤៩ ។ យុវជន​វ័យ២៦ឆ្នាំ​រូបនេះ រៀបរាប់ថា៖«ខ្ញុំ​លេង​រៀងរាល់​យប់ និង​ពេលទំនេរ​សំរាក​ពី​ការងារ។ លេងយូរៗរឹតតែ​ស្ត្រេ​សន៍ ប៉ុន្តែ​នៅតែ​តស៊ូរ​លេង​ព្រោះ​ចង់​ឈ្នះ...»។

ជា​អ្នក​ចូលចិត្ត​អង្គុយ​នៅ​ម៉ា​ត​មួយកន្លែង​ក្បែរ​ស្តុ​ប​បូកគោ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​កំពុង​អង្គុយ​ឈ្ងោក​មុខ​សម្លឹង​អេក្រង់​ទូរស័ព្ទ​ឥត​ព្រិច យូរៗម្តង លោក ដា​រ៉ា ក្រេប​កាហ្វេ​មួយ​ក្អឹ​ក។ បុរស​វ័យ២៥ឆ្នាំ​រូបនេះ កំពុង​ជក់​ចិត្តនឹង​ហ្គេម​មិ​ង​ខ្វល់​ពី​អ្នក​នៅ​ជុំវិញខ្លួន​ឡើយ។

ដា​រ៉ា ក៏ដូចជា​អ្នកញៀន​ហ្គេម​តាម​ទូរស័ព្ទ​ផ្សេងទៀត យល់ឃើញថា មិន​ថា Candy Crush, Hay Day (សម្រាប់ iOS) ឬ​ហ្គេម​អន​ឡាញ​ដទៃទៀត​ឡើយ សុទ្ធតែ​អាច​ឲ្យ​ផ្តល់ឱកាស​ដល់​អ្នកលេង​អាច​ស្គាល់គ្នា និង​ជួយ​គ្នា​ទៅវិញទៅមក ជាពិសេស​តាមរយៈ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក។

ដែល​ពួកគេ​កំពុងមាន​ការពេញនិយម​បំផុត​នោះ គឺ​ហ្គេម​ហេ​ដេ (Hay Day) និង​ខេនឌី​ក្រាស់​សា​ហ្គា (Candy Crush Saga) ជាដើម។ តា​រយៈ​ហ្គេម​ទាំងនេះ ពួកគេ​អាចជួយ​គ្នា​ទៅវិញទៅមក និង​មានឱកាស​ស្គាល់​មិត្ត​ភ័ក្តិ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ផងដែរ។

មិនមែន​មានតែ​យុវវ័យ​ទេ​ដែល​កំពុង​ឆ្លក់​វង្វេង​នឹង​ហ្គេម​ទាំងនេះ មនុស្ស​វ័យ​ចំណាស់​មួយចំនួនទៀត​ក៏ កំពុង​ពេញនិយម​ផងដែរ ហើយក៏​មាន​ប្តី​ប្រពន្ធ​មួយចំនួន​តែង​ដណ្តើម​ទូរស័ព្ទ​គ្នា ព្រោះ​ចង់​លេង​ហ្គេម​នេះ​ផងដែរ ពេលខ្លះ​ជក់​លេង​ស្ទើរតែ​ភ្លេច​កូនចៅ​ទៀតផង។

Candy Crush Saga ដែលជា​សមិទ្ធផល​រប​ស់​ក្រុមហ៊ុន King.com ត្រូវបាន​ដាក់​ឲ្យ​លេង​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២ នៅលើ iPhone/iPad កាលពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ និង​នៅលើ Android កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ។

នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក អ្នកលេង Candy Crash Saga មាន​ជា​មធ្យម៤៦លាន​នាក់​ក្នុង​មួយខែ។ បើ​យោងតាម​ការវាយតម្លៃ​មួយ​កាលពី​ខែកក្កដា ឆ្នាំ២០១៣ អ្នកលេង​សកម្ម​មាន​ប្រមាណ៦,៧លាន​នាក់ និង​អាច​ឲ្យ​ក្រុមហ៊ុន​បាន​ចំណូល​ជាង៦សែន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​តាមរយៈ iOS App Store ក្នុង​ផ្នែក US Section។

ជាធម្មតា​បើ​ចង់បាន​ស្ករ​គ្រាប់​បំបែក​ឧបសគ្គ ឬ​របស់របរ​សំខាន់​ផ្សេងទៀត អ្នកលេង​ទាំងអស់​ត្រូវ​បញ្ជា​ទិញ​នៅ Store ប៉ុន្តែ​អ្នកលេង​មួយចំនួន​បាននាំគ្នា​ដើរ​ផ្លូវ​កាត់​តាមរយៈ​ការប្រើ​កម្មវិធី Hack យក​សម្ភារ​ទាំងនោះ ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com