អន្តរជាតិ
អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្លាយជា​ប្រទេស​អារ៉ាប់​ទីមួយ​បង្ហោះ​យានអវកាស​ពី​ផែនដី​ទៅ​ភព​អង្គារ​
20, Jul 2020 , 11:26 am        
រូបភាព
យានក្ដីសង្ឃឹម បាញ់ចេញពីស្ថានីយ៍នៅជប៉ុន។ រូបភាព AFP
យានក្ដីសង្ឃឹម បាញ់ចេញពីស្ថានីយ៍នៅជប៉ុន។ រូបភាព AFP
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្លាយជា​ប្រទេស​តំបន់​អារ៉ាប់​ទីមួយ​ដែល​បាន​បាញ់​បង្ហោះ​យានអវកាស​ពី​ភព​មួយ​ទៅកាន់​ភព​មួយទៀត បន្ទាប់ពី​ទទួលជោគជ័យ​ក្នុងការ​បាញ់​យាន​អាវ​កាស​មួយគ្រឿង​នៅ​ថ្ងៃទី​២០ ខែកក្កដា​។ យាន​ដែល​ត្រូវបាន​ដាក់ឈ្មោះថា ក្ដីសង្ឃឹម នឹងធ្វើ​ដំណើរ​ពី​ភពផែនដី​សំដៅ​ភព​អង្គារ ហើយ​រំពឹងថា នឹង​ទៅដល់​នៅ​ដើមឆ្នាំ​២០២១ ខាងមុខ​។ អេ​មី​រ៉ា​ត​អារ៉ាប់​រួម រីករាយ​ជាខ្លាំង​នឹង​លទ្ធផល​មួយ​នេះ​។​

 
​យាន​ក្ដីសង្ឃឹម ត្រូវបាន​បាញ់​ចេញពី​ស្ថានីយ៍​អវកាស​តា​ណេ​ហ្កា​ស៊ី​ម៉ា​របស់​ជប៉ុន​នៅ​ម៉ោង​៦ និង​៥៨​នាទី​ព្រឹក ថ្ងៃទី​២០ ខែកក្កដា​។ ការបាញ់​បង្ហោះ​យាន​នេះ ត្រូវបាន​ពន្យារពេល​ម្ដង​ហើយ ដោយសារ​អាកាសធាតុ​មិន​អំណោយផល​។ ការអបអរសាទ​រយ៉ា​ង​លាន់​រំពង ត្រូវ​បានឮ​នៅឯ​មជ្ឈមណ្ឌល​ទី​លំហ​Mohammed Bin Rashid របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែលជា​កន្លែង​ត្រួតពិនិត្យ និង​បញ្ជា​យាន​គ្មាន​មនុស្ស​បើក​មួយ​នេះ​។​
 
​អ្នកស្រី Sarah al-Amiri អនុប្រធាន​គម្រោង​បេសកកម្ម​ទៅ​ភព​អង្គា​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​ថា ព្រឹត្តិការណ៍​នេះ​ជា​អារម្មណ៍​មិនអាច​រៀបរាប់​បាន​។ អ្នកស្រី Sarah ដែលជា​មន្ត្រីជាន់ខ្ពស់​ទ​ទួល​បន្ទុក​វិទ្យាសាស្ត្រ​ជឿនលឿន​ផង​នោះ បន្តថា​៖ «​នេះ​ជា​អនាគត​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ ក្ដីសង្ឃឹម ជា​មោទកភាព​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​ទើប​បង្ហាញមុខ​នៅលើ​ពិភព​លំហ​។​» 
 
​ដោយ​រដ្ឋាភិបាល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​វិញ ក៏​បង្ហោះ​សារ​អបអរ​ជោគជ័យ​នេះដែរ​។ នៅលើ Twitter រដ្ឋាភិបាល​ប្រទេស​តំបន់​អារ៉ាប់​មួយ​នេះ​សរសេរថា ការបាញ់​នេះ​ជា​សារ​នៃ​មោទកភាព សង្ឃឹម និង​សន្តិភាព​សម្រាប់​ពិភព​អារ៉ាប់ និង​ជាការ​បញ្ចេញ​ឡើងវិញ​យុគមាស​របស់​អារ៉ាប់​និង​របកគំហើញ​ឥស្លាម​។ 
 
​ជា​យានអវកាស​ដំបូង​ដែលជា​កម្មសិទ្ធិ​របស់​អា​រ៉ាប់ យាន​ក្ដីសង្ឃឹម រំពឹងថា នឹង​ទៅដល់​គន្លង​គោចរ​របស់​ភព​អង្គារ​នៅ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ចំ​ខួប​ទី​៥០​នៃ​ការបង្រួបបង្រួម​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ គោលបំណង​សំខាន់​របស់​យាន​នេះ គឺ​ដើម្បី​ផ្ដល់​រូបភាព​ការវិវត្ត​អាកាសធាតុ​របស់​បរិយាកាស​ភព​អង្គារ​សម្រាប់​បម្រើ​ឲ្យ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ តែ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ចង់​ឲ្យ​គម្រោង​មួយ​នេះ ក្លាយជា​ប្រភព​នៃ​ការជំរុញ​ចិត្ត​យុវជន​អារ៉ាប់​ផងដែរ​។​
 
​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​ប្រទេស​អ្នកមាន​មួយ​នៅ​តំបន់​មជ្ឈិមបូព៌ា ដោយមាន​រដ្ឋ​ចំណុះ​ចំនួន​៧ ហើយ​មានការ​គ្រប់គ្រង​បែប​សហព័ន្ធ​។ ទីក្រុង​ឌូ​បៃ ជាទី​តាំង​ទេសចរណ៍​សំខាន់​មួយ​របស់​ប្រទេសមួយ​នេះ​៕
 

Tag:
 អេ​មី​រ៉ា​ត​អារ៉ាប់​រួម​
  ជប៉ុន​
  Hope
© រក្សាសិទ្ធិដោយ thmeythmey.com