COVID-19
អន្តរជាតិ
សមាជិក​អឺរ៉ុប ខ្វែងយោបល់គ្នា​លើ​កញ្ចប់​លុយ​៧៥០​ពាន់​លាន​ដុល្លារ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​
20, Jul 2020 , 3:26 pm        
រូបភាព
នាយករដ្ឋមន្ត្រីហូឡង់ ម៉ាក រូត, អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល, ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន លៃអេន, ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ឈរជជែកគ្នា។ រូបភាពAFP
នាយករដ្ឋមន្ត្រីហូឡង់ ម៉ាក រូត, អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល, ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន លៃអេន, ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល ឈរជជែកគ្នា។ រូបភាពAFP
​ការខ្វែងគំនិត​រវាង​រដ្ឋ​សមាជិក បាន​ក្លាយជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការអនុម័ត​កញ្ចប់​ថវិកា​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ COVID-19 ។ ជំនួប​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​២៧ ដែល​ធ្វើឡើង​ពេញ​ចុង​សប្ដាហ៍​មុន បាន​ហៀរ​ឆ្លង​ថ្ងៃទី​២០ ខែកក្កដា ខណៈដែល​ជំនួប​តូចៗ​ត្រូវបាន​រៀបចំឡើង​ដាច់ដោយឡែក​ពីគ្នា​ដើម្បី​ស្វែងរក​ចំណុច​ឯកភាព​រួមគ្នា​។ ហូ​ឡង់ អូទ្រីស ស៊ុយអែត ដា​ណឺ​ម៉ាក និង​ហ្វាំ​ង​ឡង់ ប្រកាន់​ជំហរ​រឹងត្អឹង​ជាងគេ​។​

 
​ជំនួប​កំពូល​មេដឹកនាំ​អឺរ៉ុប បានអូសបន្លាយ​ដល់​ថ្ងៃទី​២០ ខែកក្កដា ក្រោយ​មេដឹកនាំ​ប្លុក​តំបន់​មាន​សមាជិក​២៧​ប្រទេស​នេះ មិនទាន់​រកឃើញ​ដំណោះស្រាយ​រួមមួយ​ដើម្បី​អនុម័ត​កញ្ចប់​ទឹកប្រាក់​សង្គ្រោះ​ចំនួន​៧៥០​ពាន់​លាន​អឺរ៉ូ​។ លុយ​នេះ រួមបញ្ចូល​ទាំង​ជំនួយ និង​កម្ចី​សម្រាប់​ប្រទេស​សមាជិក​ប្រើប្រាស់​ក្នុងការ​ងើបឡើង​វិញ​ពី​វិបត្តិ COVID-19 ។​
 
​ភាព​តានតឹង បាន​ឡើង​ខ្លាំង​អំឡុងពេល​ជំនួប​ដែល​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​មុន​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​រិះគន់​មេដឹកនាំ​ហូ​ឡង់ និង​អូទ្រីស​ខ្លាំង ហើយ​គំរាម​ដើរ​ចេញពី​ជំនួប​ដ៏​សំខាន់​នេះ​ទៀត​។ ជំនួប​ជា​បន្តបន្ទាប់​ដែល​រៀបចំ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ឆាល មី​ឈែល មិនមាន​លទ្ធផល​អ្វី​ឡើយ​ព្រោះ​មេដឹកនាំ​ប្រទេស​ចាយលុយ​ត្បិតត្បៀត​ចំនួន​ប្រាំ​មាន ហូ​ឡង់ អូទ្រីស ស៊ុយអែត ដា​ណឺ​ម៉ាក និង​ហ្វាំ​ង​ឡង់ មិនបាន​ប្ដូរ​ជំហរ​ឡើយ​។​
 
​ជាមួយនឹង​ក្ដីបារម្ភ​គ្មាន​លទ្ធផល​នោះ លោក មី​ឈែល បាន​ផ្លាស់ប្ដូរ​កញ្ចប់​ទឹកប្រាក់​ដែល​លោក​ស្នើ​ពីដំបូង​វិញ គឺ​បន្ថយ​កញ្ចប់​ជំនួប​មក​ត្រឹម​៤០០​ពាន់​លាន​អឺរ៉ូ​ពី​ទំហំ​ដើម​៥០០​លាន​អឺរ៉ូ ហើយ​ដំឡើង​កញ្ចប់​កម្ចី​ពី​២៥០​ពាន់​លាន​ដុល្លារ​ទៅកាន់​៣៥០​ពាន់​ដុល្លារ​វិញ​។ ក្នុង​ពិធី​អាហារ​ពេល​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា អតីត​នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក បាន​បញ្ចុះបញ្ចូល​សមាជិក​ទាំងអស់​ឲ្យ​គិតដល់​មហន្តរាយ​របស់ COVID-19 ដែល​សម្លាប់​ជីវិត​មនុស្ស​២​សែន​នាក់​នៅ​អឺរ៉ុប​។​
 
«​សំណួរ គឺ​តើ​មេដឹកនាំ​២៧​ដែល​ទទួលខុសត្រូវ​វាសនា​ប្រជាជន​អឺរ៉ុប មាន​សមត្ថភាព​កសាង​ការបង្រួបបង្រួម និង​ការជឿទុកចិត្ត​នៅ​អឺរ៉ុប​ឬទេ​? ឬក៏​អឺរ៉ុប​នឹង​ប្រឈមមុខ​កម្សោយ​ដែល​ញាំញី​ដោយ​ការមិនទុកចិត្ត​គ្នា​។​» នេះ​ជាការ​លើកឡើង​របស់លោក មី​ឈែល ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​បើតាម​ប្រភពព័ត៌មាន​នេះ ប្រទេស​ទាំង​៥​ខាងលើ បានទាមទារ​ឲ្យ​បង្កើន​ចំនួន​លុយ​ដែល​ខ្លួន​ទទួលបាន​ពី​ការចូលរួម​ក្នុង​កញ្ចប់​ទឹកប្រាក់​សន្ធឹកសន្ធាប់​ខាងលើ ដែល​ការទាមទារ​នេះ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ជាថ្មី​។ បើតាម​សាក្សី​ដែល​ចូលរួម​ក្នុង​ពិធី​អាហារ​ពេល​ល្ងាច លោក ម៉ា​ក្រុង ក្ដៅស្លឹកត្រចៀក​ខ្លាំង​ដោយ​រិះគន់​អធិការបតី​អូទ្រីស សេ​បា​ស្ទៀ​ន ឃើ​ស ដែល​ចេញទៅ​ឆ្លើយ​ទូរ​សព្ទ​នៅក្រៅ​បន្ទប់ និង​ចោទ​នាយករដ្ឋមន្ត្រី​ហូ​ឡង់ ម៉ាក រូត ថា មាន​ចរិត​ដូច​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ដេវីដ កា​មេ​រូ​ន ដែល​ប្រកាន់​ជំហរ​រឹងរូស​។​
 
​មេដឹកនាំ​បារាំង រឹតតែ​មិន​ពេញចិត្ត​នៅពេល​មេដឹកនាំ​ហូ​ឡង់ និង​អូទ្រីស​ចង់​ឲ្យ​កញ្ចប់​ស្រោចស្រង់​នេះ​មាន​ទម្រង់​ជា​កម្ចី​ដែលជា​ភ្ជាប់​លក្ខខណ្ឌ​ជាជាង​ការផ្ដល់​ជា​ជំនួយ​។ ត្រង់នេះ លោក ម៉ា​ក្រុង ក៏​គំរាម​ដើរចេញ​ពី​តុ​ចរចា​តែម្ដង​។ 
 
​ដោយមាន​ជំនួយ​ពី​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល លោក មី​ឈែល បាន​ប្រមូលផ្ដុំ​មេដឹកនាំ​ឯទៀត​ជា​ក្រុម​តូចៗ​ដើម្បី​ងាយស្រួល​ជជែក​គ្នា​។ ប៉ុន្តែ​លទ្ធផល​មាន​ស្ដួចស្ដើង​បំផុត​។ ប្រសិនបើ​មិនមាន​ការធ្វើសម្បទាន​ណាមួយ កញ្ចប់​លុយ​ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​រដ្ឋ​សមាជិក​អឺរ៉ុប នឹង​ជួប​បញ្ហា​មិន​ខាន​៕ 
 
 

Tag:
 អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com