អន្តរជាតិ
សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ម្នាក់​ទៀតហើយ នឹង​លាលែង​ពី​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ​
20, Jul 2020 , 9:19 pm        
រូបភាព
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថៃ លោក Tewan Liptananlop (រូបពី៖ The Nation ថៃ)
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថៃ លោក Tewan Liptananlop (រូបពី៖ The Nation ថៃ)
ដោយ:
​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ថៃ និង​ជា​មេដឹកនាំ​បក្ស Char Pattana លោក Tewan Liptananlop បានប្រកាស​លាលែង​តំណែង​នៅ​ថ្ងៃទី ២០ ខែកក្កដា​នេះ ។ អ្នកនាំពាក្យ​បក្ស​លោក​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បែបនេះ ។ លោក Tewan នឹង​ក្លាយជា​សមាជិក​គណៈរដ្ឋមន្ត្រី​ទី​៥​ហើយ​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ដែល​សុំ​ឈប់​ក្នុងពេល​មិន​ដល់​មួយ​សប្តាហ៍​ផង​នោះ​។​

 
​អ្នកនាំពាក្យ​បក្ស Chart Pattana អ្នកស្រី Yaowapa Boorapolchai បាន​ប្រាប់ Reuters ថា ថ្នាក់ដឹកនាំ​បក្ស បាន​សម្រេចចិត្តថា លោក Tewan នឹង​ចាក​ចេញពី​តំណែង​លោក ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការរុះរើ​គណៈរដ្ឋមន្ត្រី​។ 
 
​បក្ស Chart Pattana គឺជា​បក្ស​មួយ​ក្នុងចំណោម​សម្ព័ន្ធភាព​ចំនួន​២០​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ហើយ​បក្ស​នេះ​ទទួល​បានតែ​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​តែមួយ​នេះ​ប៉ុណ្ណោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក Tewan និយាយថា លោក​ពុំ​រង​សម្ពាធ​ឲ្យ​លាលែង​តំណែង​ឡើយ ហើយ​លោក​នឹង​គោរព​តាម​សេចក្តីសម្រេច​របស់​បក្ស​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​នេះ​គឺជា​លះបង់​របស់​បក្ស​លោក ដូច្នេះ​ប្រទេស​អាចមាន​វឌ្ឍនភាព និង​គ្មាន​សញ្ញា​នៃ​ជម្លោះ​ណាមួយ​។ ម្យ៉ាង​ការលាលែង​នេះ នឹងមិន​ប៉ះពាល់​ដល់​ស្ថិរភាព​រដ្ឋាភិបាល ព្រោះថា បក្ស​លោក នឹង​រក្សា​នៅក្នុង​សម្ព័ន្ធភាព​ដដែល​»​។ 
 
​តាម​ប្រភព​ដដែល លោក Tewan បាន​បញ្ជូន​លិខិត​លាលែង​តំណែង​ទៅកាន់​លោក ប្រា​យុទ្ធ ហើយ​ការលាលែង​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ២១ ខែកក្កដា ។ 
 
​លោក Tewan គឺជា​រដ្ឋមន្ត្រី​ទី​៥ ហើយ​របស់​រដ្ឋាភិបាល​លោក ប្រា​យុទ្ធ ដែល​ចាក​ចេញពី​តំណែង​ក្នុងពេល​តិចជាង​មុន​សប្តាហ៍​។ អ្នក​ចាកចេញ​មុន​លោក មាន​លោក Somkid Jatusripital ដែលជា​ឧបនាយករដ្ឋមន្ត្រី លោក Uttama Savanayana រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Sontirat Sontijirawon រដ្ឋមន្ត្រី​ថាមពល និង​លោក Suvit Maesincee រដ្ឋមន្ត្រី​ឧ​ត្ត​មសិ​ក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​៕ 
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Tewan Liptapanlop
© រក្សាសិទ្ធិដោយ thmeythmey.com