អន្តរជាតិ
ផ្កាយរណប​យោធា​ទី​១​របស់​កូរ៉េខាងត្បូង ត្រូវ​បង្ហោះ​ទៅ​ទី​លំហ​ដោយ​ជោគជ័យ​
21, Jul 2020 , 5:19 pm        
រូបភាព
ការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ទៅក្នុងអវកាស។ រូបភាព៖ AFP
ការបាញ់បង្ហោះរ៉ុក្កែត Falcon 9 ទៅក្នុងអវកាស។ រូបភាព៖ AFP
​ផ្កាយរណប​ទំនាក់ទំនង​យោធា​ទីមួយ របស់​កូរ៉េខាងត្បូង ត្រូវបាន​ក្រុមហ៊ុន Space X បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​២១ ខែកក្កដា​។ ផ្កាយរណប​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​យោធា​កូរ៉េខាងត្បូង​បន្ថែមទៀត ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​កូរ៉េខាងជើង​។​


 
​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ រដ្ឋបាល​កម្មវិធី​លទ្ធកម្ម​ការពារជាតិ​កូរ៉េខាងត្បូង (DAPA) បាន​អះអាងថា រ៉ុក្កែត Falcon 9 នាំយក​ផ្កាយរណប ANASIS-II របស់​កូរ៉េខាងត្បូង ទៅ​ដាក់​ក្នុង​គន្លង​ផែនដី​បាន​ដោយ​ជោគជ័យ​។ ការបាញ់​រ៉ុក្កែត​នេះ ប្រព្រឹត្តទៅ​មជ្ឈមណ្ឌល​អាវ​កាស Kennedy នៅក្នុង​រដ្ឋ Florida​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ 
 
​ក្រុមហ៊ុន SpaceX បាន​បញ្ជាក់ថា ផ្កាយរណប​យោធា​កូរ៉េខាងត្បូង​មួយ​នេះ បាន​ផ្ដាច់​ចេញពី​រ៉ុក្កែត​ក្នុង​រយៈពេល ៣២​នាទី បន្ទាប់ពី​ត្រូវបាន​បាញ់​នា​ម៉ោង​៥:៣០ ថ្ងៃទី​២០ ខែកក្កដា (​ម៉ោង​នៅ​អាមេរិក​)​។ បើតាម​ការរំពឹងទុក ផ្កាយរណប​នេះ នឹង​អាចធ្វើ​គោចរ បាន​ចំនួន​៣៦០០០​គីឡូម៉ែត្រ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​។ ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ យោធា​កូរ៉េខាងត្បូង នឹង​គ្រប់គ្រង​លើ​ផ្កាយរណប​មួយ​នេះ នៅក្នុង​ខែតុលា​ខាងមុខ បន្ទាប់ពី​ធ្វើតេស្ត​សាកល្បង​រួច​។ 
 
​ទាក់ទិន​នឹង​ផ្កាយរណប​ទំនាក់ទំនង​យោធា​នេះ កូរ៉េខាងត្បូង បាន​អះអាងថា ខ្លួន​គឺជា​ប្រទេស​ទី​១០ ដែលជា​មាន​ផ្កាយរណប​ប​យោធា​លើ​អវកាស​។ ផ្កាយរណប​ទំនាក់ទំនង​យោធា​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​យោធា និង​សមត្ថភាព​ប្រតិបត្តិការ​យោធា​កូរ៉េខាងត្បូង ជាពិសេស អាច​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​កូរ៉េខាងជើង​។ 
 
​សូមបញ្ជាក់ថា ផ្កាយរណប ANASIS-II នឹង​ជំនួស ផ្កាយរណប ANASIS-I ចាស់​របស់​កូរ៉េខាងត្បូង ដែល​ត្រូវបាន​ប្រើប្រាស់​ទាំង​ក្នុង​វិស័យ​ស៊ីវិល​ផង និង​យោធា​ផង​។ ផ្កាយរណប ANASIS-II នេះ នឹង​ប្រើប្រាស់​សម្រាប់តែ​គោលដៅ​យោធា​តែមួយគត់ និង​គ្របដណ្តប់​លើ​ប្រព័ន្ធ​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ និង​សុវត្ថិភាព​។ ចំណែក​ព័ត៌មាន​ផ្សេងទៀត ពាក់ព័ន្ធ​ផ្កាយរណប​នេះ គេ​មិនទាន់បាន​បញ្ចេញ​ឡើយ​៕ 

Tag:
 កូរ៉េខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com