អន្តរជាតិ
អតីត​ទាហាន​ប៉ូឡូញ​ម្នាក់​គេច​ចូល​ព្រៃ​ជាមួយ​ខ្លា Puma ខ្លួន ព្រោះ​មិន​ចង់​ដាក់​វា​ក្នុង​សួនសត្វ​
21, Jul 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
​អតីត​ទាហាន​ប៉ូឡូញ​ម្នា​ក់នៅ​សមរភូមិ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បានគេច​ខ្លួន​ចូលក្នុង​ព្រៃ​អស់​រយៈពេល​៣​ថ្ងៃ​ជាមួយ​ខ្លា Puma ដោយសារតែ​គាត់​មិន​ចង់​ឲ្យ​គេ​យក​សត្វ​ជាទី​ស្រឡាញ់​របស់ខ្លួន​ដាក់​ក្នុង​សួនសត្វ​។ បើតាម​របាយការណ៍រ​បស់​ប៉ូលិស​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ូឡូញ ប្រតិបត្តិ​ការតាមរក​បុរស​នោះ ចំណាយ​កងកម្លាំង​អស់​២០០​នាក់ ឧទ្ធម្ភាគចក្រ​១​គ្រឿង និង​ដ្រូ​ន​ជាច្រើន​។​

 
​លោក Kamil Stanek ត្រូវបាន​ពិ​និ​យ​ពីរលើក​ពីបទ​ចិញ្ចឹមសត្វ Puma ដោយ​ខុសច្បាប់​នៅផ្ទះ​របស់ខ្លួន​។  លោក​ត្រូវបាន​តុលាការ​តម្រូវ​ឲ្យ​យក Puma ឈ្មោះ Nubia ដាក់​នៅក្នុង​សួនសត្វ ប៉ុន្តែ​អតីត​ទាហាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រូបនេះ ប្រកែក ក្រោយមក​គាត់​បាន​យក​កាំបិត​គំរាម​អ្នក​ដែល​ព្យាយាម​ដង្ហើម​សត្វ​ជាទី​ស្រឡាញ់​ពី​គាត់​។​

 
 
​សកម្មភាព​វីដេអូ បង្ហាញថា លោក Stanek បាន​រត់ឡើង​រថយន្ត​ជាមួយ Nubia ហើយ​នាំ​វា​ភៀសខ្លួន​ចូលក្នុង​ព្រៃ ដែល​ក្រោយមក​ត្រូវបាន​ក្រុមប៉ូលិស​រកឃើញ​ក្រោយ​ប្រតិបត្តិការ​អស់​រយៈពេល​៣​ថ្ងៃ​។​
 
​លោក Ewa Zgrabcyzynska ប្រធាន​សួនសត្វ​នៅ​ក្រុង Poznan បាន​ប្រាប់ AFP ថា Puma មិនមែនជា​ឧបករណ៍​លេង​ឡើយ ហើយ​វា​ស្ថិតក្នុង​ចំណោម​សត្វ​ដែល​គ្រោះថ្នាក់ និង​អាច​គំរាមកំហែង​អាយុជីវិត​របស់​មនុស្ស​។ លោក Dariusz Wojtowicz អភិបាលក្រុង Myslowice ដែល​នៅ​ជិតខាង ក៏បាន​ចេញ​សារ​ព្រមាន​តាម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ក្រោយ​ការ​គេចខ្លួន​ចូលទៅក្នុង​ព្រៃរបស់ Stanek ជាមួយ​សត្វ​របស់ខ្លួន​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រោយ​ការសម្របសម្រួល លោក Stanek សុខចិត្ត​សត្វ​របស់ខ្លួន​ទៅ​ប្រគល់​ឲ្យ​សួនសត្វ Chorzow Zoo តាម​សន្តិវិធី បើទោះបីជា​គាត់​មិន​ដាច់ចិត្ត​ពី​វា​យ៉ាងណាក្តី​។​
​របាយការណ៍​បាន​បង្ហាញថា លោក Stanek បាន​ទិញ Nubia ដែលជា Puma ញី ដោយ​ខុសច្បាប់​នៅ​សាធារណរដ្ឋ​ឆេ​ក​កាលពី​៦​ឆ្នាំមុន​។ គាត់​បាន​ចំណាយពេល​ដ៏​ច្រើន​បង្ហាត់បង្រៀន​វា ដោយ​ចាត់ទុក​វា​ដូចជា​កូន​។​
 
​ករណីនេះ បាន​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ប្តូរ​ពី​ការរិះគន់​ទៅជា​នាំគ្នា​លើកសរសើរ​ពី​ទឹកចិត្ត​របស់លោក Stanek ចំពោះ​សត្វ ហើយ​អ្នកខ្លះ​ទាមទារ​ឲ្យ​ខាង​សួនសត្វ​យកចិត្តទុកដាក់​លើ Puma ឈ្មោះ Nubia ដើម្បី​កុំ​ឲ្យ​ម្ចាស់​វា​ខកបំណង​៕



Tag:
 Puma
© រក្សាសិទ្ធិដោយ thmeythmey.com