អន្តរជាតិ
មេដឹកនាំ​សាសនា​នៅ​មី​យ៉ាន់​ម៉ា​អំពាវនាវ​ឱ្យមាន​សន្តិភាព នៅ​ចំពេល​មាន​ភាពចលាចល​កើនឡើង​
22, Jul 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ កងកម្លាំង​យោធា​មីយ៉ាន់ម៉ា​បាន​មក​ដល់​​រដ្ឋ Rakhine កាល​ពី​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ​២០១២ ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ។
រូបឯកសារ៖ កងកម្លាំង​យោធា​មីយ៉ាន់ម៉ា​បាន​មក​ដល់​​រដ្ឋ Rakhine កាល​ពី​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ​២០១២ ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ។
ដោយ: VOA
វ៉ាស៊ីនតោន ៖ ស្រប​ពេលដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រៀម​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែវិច្ឆិកា​ខាងមុខនេះ នៅពេលដែល​កំពុង​ប្រឈម​នឹង​ការកើនឡើង​នូវ​ភាព​តានតឹង​ខាង​ជាតិ​សាសន៍ និង​សាសនា មេដឹកនាំ​នានា​ខាង​សាសនាព្រះពុទ្ធ សាសនា​គ្រិស្ត និង​សាសនា​ឥស្លាម បាន​អំពាវនាវ​ឱ្យមាន​គម្រោង​ផ្ដួចផ្ដើម​សន្តិភាព​ថ្មី​មួយ មុនពេល​ដែល​អ្វីៗ​ហួសពេល​។​

 
​នៅក្នុង​លិខិត​អំពាវនាវ​មួយ មេដឹកនាំ​សាសនា​និង​អង្គការ​ខាង​ជំនឿ​សាសនា​ជិត ៥០ បានលើកឡើង​កាលពី​ថ្ងៃទី ១៣ ខែកក្កដា​កន្លងទៅនេះ អំពី​កំណើន​អំពើហិង្សា និង «​ការបែកបាក់​គ្នា​» នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​
 
​ព្រះ​តេជគុណ Badata Seindita ដែលជា​អ្នកចុះហត្ថលេខា​ម្នាក់​ក្នុងចំណោម​អ្នកចុះហត្ថលេខា​លើ​លិខិត​អំពាវនាវ​នេះ មាន​សង្ឃដីកា​ប្រាប់​វី​អូ​អេ​ថា ការអំពាវនាវ​ឲ្យ​មានការ​ផ្សះផ្សារ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​គឺ «​ហួសពេល​យូរហើយ​» ដោយ​ព្រះអង្គ​បាន​សង្កត់ធ្ងន់ថា ជម្លោះ​នេះ​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​។​
 
​ព្រះ​តេជគុណ Seindita ដែលជា​ចៅអធិការ​វត្ត​ពន្លឺ​អាស៊ី (Asia Light Monastery) នៅក្នុង​ក្រុង Pyin Oo Lwin មាន​សង្ឃដីកា​ដូច្នេះ​ថា​៖ «​អាត្មា​មិន​យល់​ទេ​ថា​ហេតុអ្វី​បានជា​ក្រុម​ប្រដាប់អាវុធ​ទាំងអស់​មិនអាច​គិត​អំពី​ការធ្វើឱ្យមាន​សន្តិភាព​។ យើងខ្ញុំ​ជំរុញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បញ្ឈប់​សង្គ្រាម​ឱ្យបាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ​»​។​
 
​ចាប់តាំងពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ ១៩៤៨ មក ប្រទេស​នេះ​បាន​ប្រឈម​នឹង​បញ្ហា​ជាតិ​សាសន៍ និង​បញ្ហា​សាសនា​នានា ជាពិសេស​នៅក្នុង​រដ្ឋ Rakhine ជាប់​ឆ្នេរសមុទ្រ​ខាងលិច​ប្រទេស និង​រដ្ឋ Chin នៅ​ជិតខាង​។​
 
​ជម្លោះ​នេះ​នាំឱ្យមាន​យុទ្ធនាការ​ដ៏​ប្រល័យ​របស់​កងទ័ព​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ជាតិ​សាសន៍ Rohingya កាន់សាសនា​ឥស្លាម​កាលពី​ឆ្នាំ ២០១៧​។ អង្គកា​សហប្រជាជាតិ​ហៅ​យុទ្ធនាការ​បង្ក្រាប​នេះ​ថា​ជា «​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៃ​ការ​បោសសម្អាត​ជាតិ​សាសន៍​» ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ជិត​មួយ​លាន​នាក់​រត់គេច​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​។​
 
​លិខិត​ដែល​បាន​ផ្តើមគំនិត​ដោយ​កាឌីណាល់ Charles Bo ដែលជា​មហា​សង្ឃនាយក​នៃ​ទីក្រុង​រ៉ង់​ហ្គូ​ន បាន​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវការ​បង្វែរ​ការផ្តោតរ​បស់​ខ្លួន​ពី​សង្គ្រាមស៊ីវិល​ទៅ​ការដោះស្រាយ​វិបត្តិ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​។​
 
​លិខិត​នេះ​បាន​បន្ថែមថា បញ្ហា​ប្រឈម​នៅលើ​សាកលលោក​ទាំងបី​នេះ គឺជា «​ឱកាស​ដ៏​ល្អ​បំផុត​មួយ​» សម្រាប់​ក្រុម​នានា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ឲ្យ​រូ​ម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​សត្រូវ​រួមទាំង​នេះ​។​
 
​លិខិត​ដែល​ត្រូវបាន​ផ្ញើ​ទៅកាន់​ក្រុម​ពលរដ្ឋ​ស៊ីវិល ក្រុម​ជាតិ​សាសន៍​ផ្សេងៗ ក្រុម​សកម្មប្រយុទ្ធ គណបក្សនយោបាយ និង​មេដឹកនាំ​សាសនា​នានា​នេះ បានសរសេរថា​៖ «​យើង​ធុញទ្រាន់​នឹង​សង្គ្រាម​ដែល​ហែកហួរ​ដោយ​សត្រូវ​»​។​
 
​សេចក្តីអំពាវនាវ​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ «​ទោះបី​ជាមាន​សោភ័ណភាព​នៃ​ភាព​ចម្រុះ​ជាតិ​សាសន៍ និង​សាសនា​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​នូវ​ប្រកាន់​ភ្ជាប់​នូវ​ភាព​យល់​ខុស​ដែល​សន្ម​ត់​ជាមុន​អំពី​លំដាប់ថ្នាក់​នៃ​ការបែងចែក​ជាតិ​សាសន៍​»​។​
 
​លោក Al Haj Kalifah U Aye Lwin ដែល​បាន​ចុះហត្ថលេខា​លើ​លិខិត​អំពាវនាវ​នេះ​ក្នុងឋានៈ​ជា​ប្រធាន​នៃ​មជ្ឈមណ្ឌល​សាសនា​ឥស្លាម​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា (Islamic Center of Myanmar) បាន​ព្រមាន​ថា ជម្លោះ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​បានធ្វើឱ្យ​ខូចខាត​ដល់​ធនធានធម្មជាតិ​របស់​ប្រទេស និង​បណ្ដាល​ឲ្យ​យុវជន​ជាច្រើន​នាក់​គ្មាន​ការងារ​ធ្វើ​។​
 
​លោក​បាន​ថ្លែងថា​គំនិត​ផ្ដួចផ្ដើម​បែប​សាសនា​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​មេដឹកនាំ​នយោបាយ​របស់​ប្រទេស​ឱ្យទៅ​កាន់​តុ​ចរចា នៅក្នុង​អំឡុងពេល​មាន​ការឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​លោក Lwin បាន​ប្រាប់​វី​អូ​អេ​ថា​៖ «​វីរុស​កូ​រ៉ូ​ណា​ផ្តល់ឱកាស​ឲ្យ​យើង​ដើរ​តាម​មាគ៌ា​ថ្មី​។ ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ប្រឈម​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩ ដោយ​អាច​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​រួមគ្នា​ដោះស្រាយ​បញ្ហា​»​។​
 
​លោក Kyaw Thu ដែលជា​ទីប្រឹក្សា​នៃ​ក្រុមប្រឹក្សា​កណ្តាល​ខាង​សាសនា​ហិណ្ឌូ​ក្នុងប្រទេស​ភូមា (All Myanmar Hindu Central Council) និង​ជា​អ្នកចុះហត្ថលេខា​ម្នាក់ទៀត​លើ​លិខិត​នេះ បាន​ថ្លែងប្រាប់​វី​អូ​អេ​ថា រដ្ឋាភិបាល ពួកយោធា និង​ក្រុម​ប្រដាប់អាវុធ​នានា​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា គួរ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ធានាឱ្យមាន​ស្ថិរភាព​នៅក្នុង​សង្គម​មួយ​ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​
 
​លោក Thu បាន​និយាយ​ដូច្នេះ​ថា​៖ «​សូម​ពន្លឺ​នៃ​ក្តីសង្ឃឹម សន្តិភាព និង​វិបុលភាព​រះ​ឡើង​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ថ្មី​មួយ នៅពេលដែល​យើង​ដើរ​ឆ្ពោះទៅកាន់​គោលដៅ​នៃ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​»​។​
 
​ប្រទេស​មី​យ៉ាន់​ម៉ា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​សភា​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខនេះ​។ ការបោះឆ្នោត​ដែល​នឹងធ្វើ​នៅក្នុង​តំបន់​មាន​ជម្លោះ​ផង​នោះ ត្រូវបាន​មនុស្ស​ជាច្រើន​យល់ឃើញថា​ជាការ​សាកល្បង​ដ៏​សំខាន់​មួយ​សម្រាប់​ការធ្វើ​អន្តរកាល​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com