ពីនេះ ពីនោះ
សុខភាព
អស់​បារម្ភ​! គន្លឹះ​ទប់ស្កាត់​ស្នាម​សង្វារ​ដោយសារ​មាន​ផ្ទៃពោះ​
23, Jul 2020 , 6:59 pm        
រូបភាព
​ជាធម្មតា​ស្នាម​សង្វារ​ច្រើន​ជាប់ទាក់ទង​ជាមួយនឹង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយសារ​ស្ថានភាព​ផ្សេងទៀត​ដូចជា​ការ​កើន ឬ​ស្រក​ទម្ងន់​ខ្លាំង​ភ្លាមៗ បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន និង​ជំងឺ​មួយចំនួន​ផងដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​គន្លឹះ​ងាយៗ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ​ដោយសារ​មាន​ផ្ទៃពោះ ៖

 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ ព្រមទាំង​សំណើម​នៃ​ស្បែក​។ ក្រៅពី​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ​ហើយ​នោះ ការរក្សា​ជាតិ​សំណើម​បាន​ត្រឹមត្រូវ​ក៏​ចាំបាច់​សម្រាប់​ស្បែក​ដែល​ភ្លឹ​រលោង​ក្មេង​ជាង​វ័យ​ផងដែរ​។ ស្បែក​មាន​សំណើម​មិន​ងាយ​នឹង​ឡើង​ស្នាម​សង្វារ​ឡើយ​។​
 
២. ទទួលទាន​របប​អាហារ​សុខភាព​ល្អ​
 
​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សា​ភាពយឺត​នៃ​ស្បែក​។ អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A និង​វីតាមីន E ក៏​ជួយ​រក្សា​ស្បែក​សុខភាព​ល្អ​ផងដែរ​។ រីឯ​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ វិញ​អាចជួយ​រក្សា​សំណើម​ស្បែក​ពី​ខាងក្នុង​មក​ក្រៅ​កាត់បន្ថយ​ការលេចឡើង​នូវ​ស្នាម​សង្វារ​គួរឱ្យកត់សម្គាល់​។​
 
៣. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​
 
​ការ​មាន​ផ្ទៃពោះ​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែរ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ​។ ទោះជា​យ៉ាងណា​អ្នក​អាច​ចៀស​ផុតពី​បញ្ហា​នៃ​ការឡើង​ស្នាម​សង្វារ​ច្រើន​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​ទប់ស្កាត់​ការ​កើន​ទម្ងន់​ខ្លាំងពេក​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​សម្ភព​ដើម្បី​កំណត់​បរិមាណ​ទម្ងន់​ត្រឹមត្រូវ​ដែល​អ្នក​គួរ​កើន​។​
 
៤. ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​ស្រាល​ជាប្រចាំ​
 
​សកម្មភាព​នេះ​នឹង​ជួយ​រក្សា​ភាពយឺត​នៃ​ស្បែក​។ វា​ក៏​សម្រួល​ចរន្តឈាម​រត់​និង​ទប់ស្កាត់​ការ​កើន​ទម្ងន់​ជ្រុល​កំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ​។​
 
៥. រក្សា​សំណើម​ដល់​ស្បែក​ជាប្រចាំ​
 
​ការ​លាប​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក៏​អាចជួយ​កាត់បន្ថយ​និង​ទប់ស្កាត់​ស្នាម​សង្វារ​គួរឱ្យកត់សម្គាល់​ផងដែរ​។ ទោះជា​យ៉ាងណា​ត្រូវ​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ណា​ដែល​សាក​សម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។​
 
៦. ចៀសវាង​ការជក់បារី​
 
​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការជក់បារី​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​និង​បង្កើន​ឱកាស​នៃ​ការលេចឡើង​នៃ​ស្នាម​សង្វារ​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ការជក់បារី​អាច​បំផ្លាញ​កោសិកា​ស្បែក​សុខភាព​ល្អ​និង​បំបែក​កូ​ឡា​ជែ​ន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com