អន្តរជាតិ
ប្រទេស​ចិន​បន្ត​គម្រោង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​នៅ​អាស៊ីអាគ្នេយ៍​ទោះ​មាន​បញ្ហា​ប្រឈម​
24, Jul 2020 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ បុគ្គលិក​ម្នាក់​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្បែរ​គំរូ​នៃ​រថភ្លើង​ល្បឿន​លឿន និង​ផ្ទាំង​ស្គ្រីន​មួយ​ដែល​គំពុង​ផ្សាយ​បន្តផ្ទាល់​ពី​សុន្ទរកថា​បើក​វេទិកា​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​លើក​ទី២ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
រូប​ឯកសារ៖ បុគ្គលិក​ម្នាក់​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្បែរ​គំរូ​នៃ​រថភ្លើង​ល្បឿន​លឿន និង​ផ្ទាំង​ស្គ្រីន​មួយ​ដែល​គំពុង​ផ្សាយ​បន្តផ្ទាល់​ពី​សុន្ទរកថា​បើក​វេទិកា​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​លើក​ទី២ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
ដោយ: VOA
​គូ​ឡា​ឡាំ​ពួ ៖ ការ​រាតត្បាត​ជា​សាកល​នៃ​មេរោគ​កូ​រ៉ូ​ណា​នៅ​ជុំវិញ​ពិភពលោក​ហាក់ដូច​ជាមាន​ផលប៉ះពាល់​តិចតួច​ក្នុងប្រទេស​ឡាវ ទៅលើ​ផែនការមេ​របស់​ចិន​ក្នុងការ​សាងសង់​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដើម្បី​ភ្ជាប់​ប្រទេស​ដីគោក​មួយ​នេះ​ទៅកាន់​ផែ​ដ៏​មហា​ញឹក​របស់​សិង្ហ​បុរី តាមរយៈ​ប្រទេស​ដីគោក​នៅក្នុង​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

 
​ក្រុម​បុគ្គលិក​សម្រាប់​ការងារ​នេះ​បានចាប់ផ្តើម​សាងសង់​ផ្លូវ​រថភ្លើង​ជំហាន​ដំបូង​ប្រមាណ​៤១៤​គ​.​ម​កាត់​តាម​ប្រទេស​ឡាវ​នៅក្នុង​ខែមីនា ប្រាំ​ឆ្នាំ​បន្ទាប់ពី​បាន​បុកគ្រឹះ​សាងសង់​។ ដោយ​ផ្លូវ​ក្រោម​ដី និង​ស្ពាន​ជាច្រើន​ត្រូវបាន​សាងសង់​រួចហើយ​នៅពេលនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ខែមិថុនា​ថា គម្រោង​ដែលមាន​ទឹកប្រាក់​ចំនួន​៦​ពាន់​លាន​ដុល្លារ​បានបញ្ចប់​៩០%​ហើយ​។ ផ្លូវ​ក្រោម​ដី និង​ស្ពាន​ទាំងនោះ​ត្រូវ​រត់​កាត់​តំបន់​ភាគ​ខាងជើង​ដែល​សម្បូរ​ទៅដោយ​ភ្នំ​ក្នុងប្រទេស​ឡាវ​។ ការដាក់​ដំណើរការ​ប្រើប្រាស់​នឹងត្រូវ​ចាប់ផ្តើម​នៅត្រឹម​ឆ្នាំ​២០២២​។​
 
​អ្នកវិភាគ​និយាយថា បណ្តាញ​ខ្សែ​រថភ្លើង​ពេញលេញ​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន (​ឬ BRI)​។ ដោយបាន​ចាប់ផ្តើម​នៅក្នុង​ក្រុង Kunming ដែលជា​រដ្ឋធានី​នៃ​ខេត្ត Yunnan ក្នុងប្រទេស​ចិន គម្រោង​នេះ​នឹង​ជួយ​ដល់​តំបន់​ដាច់ស្រយាល​នេះ​ភ្ជាប់​ខ្លួន​ទៅក្នុង​សេដ្ឋកិច្ច​ធំៗ​បំផុត​មួយចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈពេលដែល​គម្រោង​នេះ​ក៏​អាច​បង្កើន​នូវ​ឥទ្ធិពល​នយោបាយ​របស់​ចិន​ទៅលើ​ប្រទេស​ទាំងនោះ​នៅក្នុង​ដំណើរការ​នេះ​ផងដែរ​។​
 
​លោក Murray Hiebert អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​អាស៊ីអាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយថា​៖«​ផ្លូវ​រថភ្លើង​ពី​ក្រុង Kunming ទៅកាន់​ប្រទេស​សិង្ហ​បុរី​នេះ​គឺជា​អាទិភាព​ខ្ពស់​មួយ​សម្រាប់​ប្រទេស​ចិន​។ វា​នឹង​ជួយ​ឱ្យ​តំបន់​ក្រីក្រ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស ដែលជា​តំបន់​ដីគោក​នៅពេលនេះ បង្កើន​ច្រកចេញចូល​ទៅកាន់​តំបន់​ដែលមាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ វា​នឹង​ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​»​។​
 
​លោក Hiebert ដែលជា​អ្នកនិពន្ធ​នៃ​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​នៅក្រោម​ស្រមោល​ចិន​៖ ចិន​ជា​បញ្ហា​ប្រឈម​របស់​អាស៊ីអាគ្នេយ៍​» ឬ​ជា​ភាសា​អង់គ្លេស​ថា «Under Beijing's Shadow: Southeast Asia's China Challenge» បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «​វា​អាច​នឹង​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ចិន ប៉ុន្តែ​ត្រឹមតែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នៅតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គោលបំណង​របស់​ចិន​»​។​
 
​លោក​បានលើកឡើង​ពី​ការ​ប្រជែង​ទាមទារ​រវាង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ទំនប់ទឹក​របស់​ចិន​ដែល​ពួកគេ​ស្តីបន្ទោស​ចំពោះ​ការធ្វើឱ្យ​ស្ទះ​លំហូរ​ទឹកទន្លេ​មេគង្គ និង​បាន​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត​កាន់តែច្រើន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​ទិ​ដ្ឋា​ភាព​ពីលើ​អាកាស​នៃ​ខ្សែ​ផ្លូវ​រថភ្លើង​ដែល​ត្រូវបាន​គេ​គ្រោង​នោះ​នឹង​បង្ហាញថា ផ្លូវ​រថភ្លើង​នេះ​នឹង​រត់​កាត់​ប្រទេស​ឡាវ ថៃ និង​ម៉ាឡេស៊ី មុន​ចូល​ទៅដល់​ប្រទេស​សិង្ហ​បុរី ដោយ​ត្រូវ​កាត់​តាម​ទីក្រុង​វៀងចន្ទន៍ បាងកក និង​គូ​ឡា​ឡាំ​ពួ​។​
 
​លោក Prapat Thapchatree ដែល​ដឹកនាំ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អំពី​អាស៊ាន​នៅ​សាកលវិទ្យាល័យ Thammasat ក្នុងប្រទេស​ថៃ​និយាយ​ក្នុង​សម្តី​ដើម​ថា «​វា​នឹង​ជំរុញ​ឱ្យ​ចិន​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់ខ្លួន [​និង​] នៅ​ទីបំផុត​ក្តោប​ក្តាប់​ប្រទេស​ដីគោក​នៅ​អាស៊ីអាគ្នេយ៍​។ ខ្ញុំ​គិតថា វា​នឹង​ក្លាយទៅជា​គោលបំណង​រយៈពេល​វែង​មួយ​»​។​
 
​ប្រទេស​ឡាវ​បាន​ទទួលយក​គម្រោង​នេះ​ដោយ​កក់ក្តៅ ដោយ​សង្ឃឹមថា ប្រទេស​នេះ​នឹង​ប្រែក្លាយ​ប្រទេស​ក្រីក្រ​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ពី​ប្រទេស​ដីគោក​ដាច់​តែឯង​ទៅជា​ប្រទេស «​ដីគោក​មាន​បណ្តាញ​ត​ភ្ជាប់​» និង​ទាញយក​អាជីវកម្ម​ថ្មី​ពី​បណ្តាញ​ខ្សែ​រថភ្លើង​នេះ ដែល​នឹង​នាំយក​ជំនួញ និង​ភ្ញៀវទេសចរ​កាន់តែច្រើន​ឆ្លងកាត់​តាម​ប្រទេស​ឡាវ​។ វា​នឹង​ប្រែក្លាយ​ការដឹកជញ្ជូន​រយៈពេល​៣​ថ្ងៃ​ពី​ក្រុង Boten នៅ​ព្រំដែន​ឡាវ​ជាមួយនឹង​ចិន ទៅកាន់​រដ្ឋធានី​វៀងចន្ទន៍ ដែលមាន​ព្រំដែន​ជាប់​ជាមួយនឹង​ប្រទេស​ថៃ ទៅជា​ការដឹកជញ្ជូនរ​យៈ​ពេល​៣​ម៉ោង​វិញ​។​
 
​ទោះជា​យ៉ាងនេះ​ក្តី គុណប្រយោជន៍​ដ៏​មាន​សក្តានុពល​នេះ​នឹង​នាំមក​នូវ​ហា​ភិ​ន័យ​មួយចំនួន​។​
 
​របាយការណ៍​ក្នុង​ឆ្នាំ​២០១៨​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​ជា​សាកល​ដែលមាន​មូលដ្ឋាន​នៅក្នុង​សហរដ្ឋអាមេរិក​បានដាក់​ប្រទេស​ឡាវ​ក្នុង​បញ្ជី​ប្រទេស​ទទួលយក​គម្រោង BRI ដែល​ប្រឈមមុខ​នឹង​ហានិភ័យ​បំណុល​ខ្ពស់បំផុត​។ របាយការណ៍​នាពេល​ថ្មីៗ​នេះ​អំពី​បំណុល​នៃ​គម្រោង BRI ចេញផ្សាយ​ដោយ​វិទ្យាស្ថាន Lowy ក្នុងប្រទេស​អូស្ត្រាលី​បានសរសេរថា ប្រទេស​ឡាវ​ជំពាក់​បំណុល​ចិន​ច្រើនជាងគេ​ក្នុងចំណោម​បំណុល​បរទេស​ដែល​ឡាវ​ជំពាក់​។ បំណុល​នោះ​មាន​ចំនួន​ប្រមាណ​ជា​៤៥%​ខ្ពស់ជាង​ប្រទេស​ផ្សេងៗ​ចំនួន​៩​ទៀត​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​នេះ​។ បំណុល​ភាគច្រើន​គឺ​ខ្ចី​ដើម្បី​ចំណាយ​លើ​ការសាងសង់​ផ្លូវ​រថភ្លើង​នេះ​។ រដ្ឋាភិបាល​ឡាវ​បាន​ខ្ចីប្រាក់​ប្រមាណ​ជា​១​ពាន់​៥​រយ​លាន​ដុល្លារ​ពី​ធនាគារ Export-Import Bank of China ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន ដើម្បី​ជួយ​រួម​បដិភាគ​ចំនួន​៣០%​សម្រាប់​គម្រោង​នេះ​។ នេះ​បើ​យោងតាម​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អំពី​អាស៊ាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​
 
​អ្នក​រិះគន់​លើ «​ការទូត​បំណុល​» របស់​ចិន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​ឥទ្ធិពល​ហិរញ្ញវត្ថុ​ដើម្បីឱ្យ​ឡាវ​ធ្វើតាម​ការបង្គាប់បញ្ជារ​បស់​ចិន​នៅក្នុង​សមាគម​អាស៊ាន​។ ក្នុងនាម​ជា​សមាជិក​មួយ​នៃ​សមាគម​អាស៊ាន​ដែលមាន​ប្រទេស​ទាំង​១០ ឡាវ​ត្រូវបាន​គេ​ចោទប្រកាន់​ពី​ការជួយ​បំផ្លាញ​កិច្ចប្រឹងប្រែង​ក្នុងការ​រួបរួមគ្នា​ប្រឆាំងនឹង​ការទាមទារ​សមុទ្រ​ចិន​ខាងត្បូង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​លោក Elliot Brennan អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​វិទ្យាស្ថាន​សម្រាប់​គោលនយោបាយ​សន្តិសុខ​និង​ការអភិវឌ្ឍ​ក្នុងប្រទេស​ស៊ុយអែត​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «​នៅក្នុង​កម្រិត​ថ្នាក់​តំបន់ ប្រទេស​ចិន​បាន​ប្រើប្រាស់​ប្រទេស​ឡាវ​ជា​កូនអុក​មួយ​ដើម្បី​ប្រឆាំងនឹង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ាន​»​។​
 
​ចិន​នឹង​មិនអាច​ប្រើប្រាស់​ជើង​ផ្លូវ​រថភ្លើង​ថ្មី​ដែល​រត់​កាត់​ប្រទេស​ឡាវ​បាន​ច្រើន​ទេ ប្រសិនបើ​ចិន​មិនអាច​ពង្រីក​ផ្លូវ​នេះ​ទៅ​ភាគខាងត្បូង ដោយសារតែ​ផ្លូវ​នេះ​នឹង​ភ្ជាប់​ជាមួយនឹង​ប្រទេស​សេដ្ឋកិច្ច​ធំៗ​នៅ​អាស៊ីអាគ្នេយ៍​។​
 
​ទោះជា​យ៉ាងនេះ​ក្តី លោក Prapat បាន​និយាយថា ប្រទេស​ថៃ និង​ម៉ាឡេស៊ី​មានការ​ស្ទាក់ស្ទើរ​ខ្លាំង​ជាង​ឡាវ ក្នុង​ការចូល​កាន់តែ​ជ្រៅ​ទៅក្នុង​គម្រោង​នេះ ហើយ​មិន​ដូច​ឡាវ​នោះទេ ប្រទេស​ទាំងពីរ​មាន​ឥទ្ធិពល​ក្នុង​ការកំណត់​លក្ខខណ្ឌ​ចំពោះ​គម្រោង​នេះ​។ 
 
​លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «​ប្រទេស​ថៃ​មានការ​ប្រុងប្រយ័ត្ន​ណាស់ មានការ​ព្រួយបារម្ភ​ណាស់​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ឡាវ និង​កម្ពុជា នៅពេលដែល​ប្រទេស​ទាំងពីរ​នេះ​មានការ​ពឹងផ្អែក​ខ្លាំងពេក​ទៅលើ​ចិន​» ដោយ​លោក​ប្រដូច​ប្រទេស​ទាំងពីរ​នេះ​ថា​ជា ខេត្ត​របស់​ចិន​។ 
 
​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​កំពុង​បញ្ជាក់​ពី​ភាព​អាចអនុវត្ត​បាន​កាន់តែ​ខ្លាំង​នៃ​គម្រោង​នេះ​ផងដែរ​។​
 
​លោក Hiebert បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «​សូម្បីតែ​បន្ទាប់ពី​មាន​រដ្ឋប្រហារ​យោធា​នៅក្នុង​ឆ្នាំ​២០១៤ នៅពេលដែល​របប​ដឹកនាំ​ក្នុង​ក្រុង​បាងកក​ត្រូវបាន​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​ជាច្រើន​បដិសេធ ហើយ​ចិន​ជា​មិត្តភក្តិ​តែមួយគត់​របស់​ថៃ​នៅពេលនោះ ឧ​ត្ត​ម​សេនីយ៍​ថៃ​នៅមាន​ការពិបាក​សម្រេច​ចិត្តខ្លាំង ដោយសារតែ​គម្រោង​រថ​ភ្លើង​ល្បឿន​លឿន​ដែល​ចិន​បាន​ស្នើឡើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ខ្លាំងណាស់ និង​មិនមែនជា​អាទិភាព​សម្រាប់​ថ្នាក់ដឹកនាំ​ថៃ​នោះទេ​»​។​
 
​ប្រទេស​ថៃ​បាន​បោះជំហាន​ទៅមុខ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ចិន​ដើម្បី​សាងសង់​ផ្លូវ​ពី​ប្រទេស​ឡាវ​ទៅ​ទីក្រុង​បាងកក ដោយមាន​ការព្រួយបារម្ភ​អំពី​ការចំណាយ និង​បាន​ផ្អាក​ផែនការ​ចុះហត្ថលេខា​នៅ​ខែធ្នូ​ខាងមុខនេះ​។ ប្រទេស​ម៉ាឡេស៊ី​បាន​ផ្អាក​ការងារ​សាងសង់​ជើង​ផ្លូវ​រថភ្លើង​ពី​ប្រទេស​ថៃ​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ​អស់​រយៈពេល​ជិត​១​ឆ្នាំ ហើយ​បាន​យល់ព្រម​ចាប់ផ្តើម​ឡើងវិញ​នៅក្នុង​ខែមេសា ឆ្នាំ​២០១៩ បន្ទាប់ពី​ការបញ្ចុះ​បញ្ចូល​ចិន​ឱ្យ​ទម្លាក់​តម្លៃ​ដើម​ដែលមាន​ចំនួន​២០​ពាន់​លាន​ដុល្លារ​មក​ត្រឹម​មួយ​ភាគបី​នៃ​តម្លៃ​ដើម​វិញ​។​
 
​អ្នកវិភាគ​និយាយថា ក្តី​សុបិន​របស់​ចិន​ចំពោះ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​កាត់​ប្រទេស​ដីគោក​នៅ​អាស៊ីអាគ្នេយ៍​នឹង​កាន់តែ​មានការ​លំបាក​ក្នុងការ​សម្រេច បន្ទាប់ពី​សេដ្ឋកិច្ច​តំបន់​នេះ​រង​ផលប៉ះពាល់​ខ្លាំង​បង្កឡើង​ដោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​លោក Prapat និយាយថា លុះត្រាតែ​ខ្សែ​រថភ្លើង​នេះ​អាច​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​បាន បើ​មិន​ដូច្នេះ​ទេ «​វា​នឹងត្រូវ​ចំណាយពេល​យូរ​ទៀត​»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com