ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​ព្រមាន​បិទ KTV បន្ថែមទៀត​ដែល​លួច​បន្ត​អាជីវកម្ម
24, Jul 2020 , 3:35 pm        
រូបភាព
ម្ចាស់អាជីវកម្ម​​KTV ​ស្ថិតនៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​អាជ្ញាធរ​​ផ្អាកអាជីវកម្មដោយសារ​ផ្ទុយពី​ការ​ណែនាំរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២០ រូបភាពពីមន្ទីរទេសចរណ៍ខេត្ត​សៀមរាប
ម្ចាស់អាជីវកម្ម​​KTV ​ស្ថិតនៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​អាជ្ញាធរ​​ផ្អាកអាជីវកម្មដោយសារ​ផ្ទុយពី​ការ​ណែនាំរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២០ រូបភាពពីមន្ទីរទេសចរណ៍ខេត្ត​សៀមរាប
ដោយ:
 
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍​បាន​ព្រមាន​ទៅ​ម្ចាស់ KTV ណា​ដែល​លួច​បើក​សេវាកម្ម​ច្រៀង ដែល​ផ្ទុយ​ពី​ការណែនាំ​របស់​រាជរដ្ឋាភិបាល​។ ក្រសួង​នឹង​ឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ចុះទៅ​ណែនាំ និង​ឈានដល់​ការផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន​។

 
​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ក្រសួងទេសចរណ៍ នៅតែ​សង្កេតឃើញថា​មាន​ម្ចាស់​អា​ជីក​ម្ម KTV​ខ្លះ​បាន​បន្ត​បើក​សេវាកម្ម​របស់ខ្លួន ដោយ​ពុំ​មានការ​អនុវត្តតាម​ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ឡើយ​។ ជាក់ស្តែង​កន្លងមក​ក្រសួង​ក៏បាន​ផ្អាក​អាជីវកម្ម KTV​ចំនួន​៣​ទីតាំង​ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប និង​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មួយចំនួនទៀត​ឲ្យ​បញ្ឈប់​សេវាកម្ម​របស់ខ្លួន​។ 
 
​ដើម្បី​រារាំង​កុំ​ឲ្យ​ម្ចាស់​អា​ជី​កម្ម​ដទៃ​បន្ត​បើក​ដូច្នេះ​ទៀត ក្រសួង​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​ទៅតាម​គោលដៅ​ក្នុង​ខេត្ត​រៀងៗ​ខ្លួន​។ លោក តុ​ប សុភ័ក បាន​និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​អាជីវកម្ម​ដែល​ហ៊ាន​លួច​បើក​អាជីវកម្ម អាជ្ញាធរ​ដែនដី​នឹងមាន​សិទ្ធិ​ចុះទៅ​បិទ​អាជីវកម្ម​នោះ​។ ហើយ​បើ​គាត់​នៅ​រឹងទទឹង​បើក​ទៀត អាជ្ញាធរ​នឹង​ចាត់​ទៅតាម​នីតិវិធី​ច្បាប់​»​។ 
 
​បើតាម​លោក តុ​ប សុភ័ក សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​មិនមាន​លទ្ធភាព​បើក​អាជីវកម្ម​ដោយ​កែប្រែ​ទៅជា​ភោជនីយដ្ឋាន​នោះ ក្រសួង​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​នោះ​រងចាំ​បើក​អាជីវកម្ម​នៅពេលដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើងវិញ​។​
 
​លោក តុ​ប សុភ័ក មិនទាន់​អាច​បញ្ជាក់ថា មាន​ចំនួន​ម្ចាស់ KTV​ប៉ុន្មាន​ដែល​បន្ត​លួច​បើក​សេវាកម្ម​របស់ខ្លួន​។ លោក​គ្រាន់តែ​បញ្ជាក់ថា ក្រសួង​នឹង​សហការ​ជាមួយនឹង​អាជ្ញាធរ​គ្រប់​តំបន់​បន្ត​វិធាន​ការចុះ​ត្រួតពិនិត្យ និង​ណែ​នាំទៅ​ម្ចាស់​អាជីវកម្ម​ឲ្យ​គោរព​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។​
 
​សូមបញ្ជាក់ថា រដ្ឋាភិបាល​ក៏បាន​សម្រេច​ឱ្យ​បើក​កាស៊ីណូ ដែល​មានតែ​ល្បែងភ្នាល់ និង​ស្លត​ម៉ាស៊ីន​ប៉ុណ្ណោះ​។ ចំណែក​សាលារៀន​វិញ​រដ្ឋាភិបាល ក៏​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​ចំពោះ​សាលា​ឯកជន​ចំនួន​២០​នៅ​ខែសីហា ប៉ុន្តែ​ត្រូវអនុវត្ត​ជា​ដំណាក់កាល​៕
 
 

Tag:
 អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com