អន្តរជាតិ
សហគមន៍ជាតិ​សាសន៍​ភាគតិច​កេ​ន​យ៉ា​ប្ដឹងតវ៉ា​ពី​ការបណ្ដេញ​ចេញពី​ព្រៃ​ដោយ​បង្ខំ​
27, Jul 2020 , 7:59 pm        
រូបភាព
សមាជិក​នៃ​សហគមន៍ Sengwer ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ Embobut ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដើរ​ក្បួន​ទៅ​កាន់​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ដើម្បី​ដាក់​ញត្តិ​ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ចេញ​ពី​ព្រៃ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
សមាជិក​នៃ​សហគមន៍ Sengwer ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ Embobut ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដើរ​ក្បួន​ទៅ​កាន់​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ដើម្បី​ដាក់​ញត្តិ​ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ចេញ​ពី​ព្រៃ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
​ណៃ​រ៉ូ​ប៊ី ៖ ក្រុម​ជាតិ​សាសន៍​ភាគតិច Ogiek និង Sengwer នៅក្នុង​ប្រទេស​កេ​ន​យ៉ា​បានឱ្យដឹងថា អាជ្ញាធរ​បាន​បណ្ដេញ​ពួកគេ​ដោយ​បង្ខំ​ចេញពី​ព្រៃ Mau និង Embobut និង​បាន​ដុតបំផ្លាញ​ផ្ទះសម្បែង​រាប់រយ​ខ្នង បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​គ្រួសារ​គ្មាន​ផ្ទះសម្បែង​រស់នៅ ចំពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ រដ្ឋាភិបាល​កេ​ន​យ៉ា​បានចាប់ផ្ដើម​ការបណ្ដេញ​ចេញ​កាលពី​ឆ្នាំមុន ដោយបាន​អះអាងថា សហគមន៍ជាតិ​សាសន៍​ភាគតិច​ដែល​រស់នៅ​ក្នុងព្រៃ បាន​បំផ្លិចបំផ្លាញ​បរិស្ថាន​។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស បានឱ្យដឹងថា ក្រុម​ជាតិ​សាសន៍​ភាគតិច​ទាំងនេះ​ការពារ​ព្រៃឈើ​ពី​ការ​ប្រ​ម៉ាញ់​សត្វ និង​ការកាប់​ឈើ​ខុសច្បាប់​។​

 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ត្រូវបាន​ធ្វើឡើង​តាម​កម្មវិធី Zoom កាលពីពេល​ថ្មីៗ​នេះ សហគមន៍ជាតិ​សាសន៍​ភាគតិច​នានា​នៅក្នុង​ប្រទេស​កេ​ន​យ៉ា បាន​ប្ដឹងតវ៉ា​អំពី​ការរំលោភបំពាន និង​ការបណ្ដេញចេញ​ម្ដង​ហើយ​ម្ដងទៀត​ឱ្យ​ពួកគេ​ចាក​ចេញពី​ព្រៃ​ដែល​ពួកគេ​អះអាងថា​ជា​ផ្ទះ​របស់​ពួកគេ​អស់​ជាច្រើន​សតវត្សរ៍​មកហើយ​។​
 
​អ្នកស្រី Milka Chepkorir តំណាងឱ្យ​សហគមន៍ Sengwer​។ អ្នកស្រី​បាន​និយាយថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ មិនបាន​បញ្ឈប់​អាជ្ញាធរ​កេ​ន​យ៉ាន​ពី​ការបណ្ដេញ​ប្រជាពលរដ្ឋ Sengwer ចេញពីផ្ទះ​សម្បែង​ឡើយ​។​
 
​អ្នកស្រី​បាន​និយាយថា​៖ «​នេះ​គឺជា​ការបណ្ដេញចេញ​មួយ​ដែល​ពិតជា​ប៉ះពាល់​ដល់​ពួកយើង​ក្នុង​រូបភាព​ផ្សេង ដោយសារតែ​វា​ជាការ​បណ្ដេញចេញ​ក្នុងអំឡុងពេល​កំពុងមាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ វា​ជាការ​បណ្ដេញចេញ​នៅ​ចំ​ពេលដែល​ក្មេងៗ​មិនបាន​រៀន​នៅក្នុង​សាលា ហើយ​ដោយសារតែ​គ្មាន​កន្លែង​ទៅ ពួកគេ​បាន​ក្លាយខ្លួនជា​ជន​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ ហើយ​វា​កើតឡើង​ចំពេល​រដូវរងា​បំផុត​ប្រចាំឆ្នាំ​នៅ​តំបន់​លើ​ភ្នំ​»​។​
 
​ការ​ពី​ពេល​ថ្មីៗ​នេះ គ្រួសារ​មួយចំនួន​នៃ​សហគមន៍ Ogiek ត្រូវបាន​បណ្ដេញ​ចេញពី​ព្រៃ​ដែលជា​ផ្ទះ​របស់​ពួកគេ​។ លោក Daniel Kobei បាន​និយាយថា លោក និង​ជាតិ​សាសន៍​ភាគតិច Ogiek ៥ ម៉ឺន​នាក់​ផ្សេងទៀត បាន​ជួបប្រទះ​រឿង​បណ្ដេញចេញ​នេះ​ពេញ​មួយជីវិត​ទៅហើយ​។​
 
​លោក Kobei បាន​និយាយថា​៖ «​យើង​ចង់បង្ហាញ​ឱ្យ​ច្បាស់​ថា ជាតិ​សាសន៍​ភាគតិច Ogiek បាន​ក្លាយជា​ប្រធានបទ​នៃ​ការបណ្ដេញចេញ​។ ហេតុការណ៍​បណ្ដេញចេញ​មួយ​កាលពីពេល​ថ្មីៗ​នេះ បានធ្វើឱ្យ​មនុស្ស ៣០០ គ្រួសារ​គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ ហើយ​ពួកគេ​ត្រូវបាន​អ្នកជិតខាង​ផ្ដល់​កន្លែង​ឱ្យ​ស្នាក់នៅ​»​។​
 
​បើ​យោងតាម​អង្គការសិទ្ធិមនុស្ស Human Rights Watch ជាតិ​សាសន៍​ភាគតិច​ប្រមាណ ៥ ម៉ឺន​គ្រួសារ​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ព្រៃ Mau ហើយ ៦ ពាន់​គ្រួសារ​ទៀត​ទើបតែ​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ព្រៃ​នេះ​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​
 
​អង្គការសិទ្ធិមនុស្ស​នេះ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា នៅក្នុង​កាលៈទេសៈ​មួយចំនួន អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ដើម្បី​បណ្ដេញ​ប្រជាជន​ចេញពី​ព្រៃ​។ អង្គការ​នេះ​បានឱ្យដឹងថា មនុស្ស​មួយចំនួន​បាន​រងរបួស​ដោយសារ​ការវាយដំ ហើយ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវបាន​ដុតបំផ្លាញ​។​
 
​លោក Cyrus Oguna អ្នកនាំពាក្យ​រដ្ឋាភិបាល​កេ​ន​យ៉ា បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អង្គការ Human Rights Watch នេះ ដោយបាន​បញ្ជាក់ថា ក្ដីបារម្ភ​របស់​ពួកគេ «​ត្រូវបាន​ជំរុញ​ឡើង​ដោយ​សកម្មភាព​តស៊ូ​មតិ​មួយចំនួន មិនមែន​ដោយសារ​ការស្រាវជ្រាវ​នោះទេ​»​។​
 
​លោក​ក៏បាន​និយាយទៀតថា រដ្ឋាភិបាល​នឹង​ការពារ​ព្រៃឈើ​សម្រាប់​អ្វីដែល​ល្អ​សម្រាប់​ប្រទេសជាតិ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​មនុស្សធម៌​។​
 
​លោក Peter Kitelo នាយក​អង្គការ Community Land Action Now (CLAN) ដែលជា​បណ្ដាញ​មួយ​តំណាងឱ្យ​សហគមន៍​កសិករ និង​ព្រៃឈើ បាន​និយាយថា ការបណ្ដេញចេញ​បានកើត​ឡើងជា​ច្រើន​ទស្សវត្ស​មកហើយ​ក្រោមលេស​នៃ​ការអភិរក្ស​។​
 
​លោក Kitelo និយាយ​ដូច្នេះ​ថា​៖ «​ភាគច្រើន​នៃ​ទីតាំង​ដែល​ត្រូវបាន​គេ​បណ្ដេញចេញ សុទ្ធសឹង​ជាទី​តាំង​ដែលមាន​ព្រៃឈើ​ល្អ​បំផុត​។ នៅពេល​បច្ចុប្បន្ននេះ​សម្រាប់​សហគមន៍ជាតិ​សាសន៍​ភាគតិច Ogiek នៃ​ព្រៃ Mount Elgon ពួកគេ​ត្រូវបាន​គេ​បណ្ដេញ​ឱ្យ​ឡើង​ទៅលើ​ភ្នំ ដោយហេតុថា ព្រៃឈើ​ល្អៗ​គឺ​នៅ​ចង្កេះភ្នំ​។ តើ​អ្វី​នឹងត្រូវ​កើតឡើង​ចំពោះ​ព្រៃ​ទាំងនោះ​? អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ គេ​ឃើញ​មានការ​កាប់​ព្រៃឈើ ហើយ​ឥឡូវនេះ​មិនមាន​ព្រៃឈើ​ទៀត​ទេ​។ ព្រៃឈើ​ធម្មជាតិ​គឺ​ឥឡូវនេះ​មានតែ​នៅ​កន្លែង​ដែលមាន​សហគមន៍​នេះ​រស់នៅ​តែប៉ុណ្ណោះ​»​។​
 
​រដ្ឋាភិបាល​ចង់ឱ្យ​ប្រទេស​កេ​ន​យ៉ា​មាន​ព្រៃឈើ​គ្របដណ្ដប់​ឱ្យបាន​ចំនួន ១០% នៅត្រឹម​ឆ្នាំ ២០២២ ដែល​នៅពេល​បច្ចុប្បន្ននេះ​មានតែ ៧% ប៉ុណ្ណោះ​។​
 
​អ្នកស្រី Chepkorir មកពី​សហគមន៍ជាតិ​សាសន៍​ភាគតិច Sengwer បាន​និយាយថា វិធី​ល្អ​បំផុត​តទៅ​មុខ គឺ​រដ្ឋាភិបាល​ត្រូវ​ទទួលស្គាល់​សិទ្ធិ​របស់​សហគមន៍ជាតិ​សាសន៍ Ogiek និង Sengwer ក្នុង​ការរស់នៅ​ក្នុងព្រៃ និង​ធ្វើការ​ជាមួយ​ពួកគេ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការអភិរក្ស​ព្រៃឈើ​ប្រកបដោយ​ជោគជ័យ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com