ជាតិ
អ្នកនេសាទ​ខ្សត់​ត្រី ខណៈ​រដូវ​ទឹក​ទន្លេសាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​យឺត​ជាង​ធម្មតា​
29, Jul 2020 , 7:59 pm        
រូបភាព
ទិដ្ឋភាព​ទូកនេសាទ​នានា​ត្រូវ​បាន​ទុកចោល​ ដោយសារ​គ្មាន​ត្រី​ដើម្បី​នេសាទ​បាន ភូមិ​កំពង់ឃ្លាំង ខេត្ត​សៀមរាប ថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២០។
ទិដ្ឋភាព​ទូកនេសាទ​នានា​ត្រូវ​បាន​ទុកចោល​ ដោយសារ​គ្មាន​ត្រី​ដើម្បី​នេសាទ​បាន ភូមិ​កំពង់ឃ្លាំង ខេត្ត​សៀមរាប ថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២០។
ដោយ: VOA
​ភូមិ​កំពង់​ឃ្លាំង ខេត្តសៀមរាប ៖ ចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី និង​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ប្រភព​ប្រូតេអ៊ីន​របស់​ប្រជាជន​ជាង​មួយ​លាន​នាក់​។ នេះ​បើ​យោងតាម​អ្នកជំនាញ​ខាង​ទន្លេ​។​

 
​មន្ត្រី​នានា​បាន​និយាយថា ចរន្តទឹក​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​ដ៏​សំខាន់​នេះ​ប្រហែល​យឺតយ៉ាវ​រហូតដល់​ខែក្រោយ ដោយសារតែ​ភាព​គ្រោះរាំងស្ងួត និង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​និង​ឡាវ​ដែល​ត្រូវបាន​គេ​វាយតម្លៃថា បាន​រំខាន​ដល់​លំហូរ​តាម​ធម្មជាតិ​នៃ​ទន្លេមេគង្គ​។​
 
​បឹង​ទន្លេសាប ជាធម្មតា​រីក​ធំ​នៅ​រដូវវស្សា​ពេល​ទឹកទន្លេ​មេគង្គ និង​ទឹកស្ទឹង​នានា​ហូរ​ចូលក្នុង​បឹង​នេះ​បណ្តាល​ឲ្យ​បឹង​នេះ​មាន​ផ្ទៃ​ធំ បង្កើតជា​តំបន់​ព្រៃ​លិច​ទឹក ដែល​ផ្តល់​ជម្រក​ដល់​ត្រី​យ៉ាងច្រើន​ដែល​ពង​និង​បន្ត​ពូជ​។ ប៉ុន្តែ​ចរន្តទឹក​តាម​ធម្មជាតិ​គ្មាន​ពីរ​នេះ​មិនទាន់​កើតមាន​ទេ ហើយ​ប្រជាជន​ដែល​ពឹង​ផ្អែកលើ​បឹង​នេះ​កំពុង​តស៊ូ​រស់​ដោយ​លំបាក​។​
 
​លោក ខុន ខែ​ក អាយុ ៣៧ ឆ្នាំ​ដែល​កំពុង​ជួសជុល​សំណាញ់​នៅក្រោម​ផ្ទះ​របស់គាត់​នៅ​កំពង់​ឃ្លាំង​ដែលជា​ភូមិ​អណ្តែត​ទឹក​ដែល​សឹងតែ​រីងស្ងួត​នៅ ខេត្តសៀមរាប បាន​និយាយថា លោក​ចេញទៅ​នេសាទ​ពីរ​យប់  តែ​នេសាទ​មិនបាន​គ្រប់គ្រាន់​ទេ​។ ផល​នេសាទ​រយៈពេល​ពីរ​យប់នោះ លោក​លក់បាន ១ ម៉ឺន ២ ពាន់​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​កាលពី​ឆ្នាំមុន ក្នុង​មួយថ្ងៃ​លោក​រកបាន​ពី ៥ ទៅ ១០ ម៉ឺន​រៀល​គឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ដែលមាន​គ្នា​៦​នាក់​។ 
 
​ភរិយា​របស់លោក​ឈ្មោះ រ៉េត ថា​រី បារម្ភ​ថា គ្រួសារ​អ្នកស្រី​លែង​រកបាន​បែបនេះ​ទៀតហើយ​។ និយាយ​អំពី​បំណុល​១.០០០ ដុល្លារ លោកស្រី​ថ្លែងថា បើ​វា​នៅតែ​ដូចនេះ​ទៀត​គឺ​អស់សង្ឃឹម​ហើយ​។ ពួកគេ​ក៏​ជំពាក់​លុយ​ធនាគារ​ដែរ​។ 
 
​ជាធម្មតា ទឹកទន្លេ​មេគង្គ​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​រយៈពេល ១២០ ថ្ងៃ ហើយ​ធ្វើ​ឲ្យ​បឹង​នេះ​រីក​ធំ ៦ ដង​គឺមាន​ទំហំ ១ ម៉ឺន​គីឡូ​ម៉ែត្រក្រឡា​មុន​ទឹក​បឹង​ទន្លេសាប​ហូរ​ចូល​ទន្លេមេគង្គ​វិញ​នៅ​ចុងរដូវ​វស្សា​នា​ចុងខែ​កញ្ញា​។ ពេលដែល​ទឹក​បឹង​ទន្លេសាប​នេះ​រីក​ធំ ត្រី​អាច​បង្កើតកូន ដែល​អាច​ឲ្យ​អ្នកនេសាទ​ចាប់​លក់ នៅពេលដែល​ទឹក​បឹង​នេះ​ស្រក​វិញ ក្រោយ​រដូវវស្សា​។​
 
​លោក ឡុង សា​រ៉ាវុធ អគ្គលេខាធិការរង​គ​ណៈ​កម្ម​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​បាន​មានប្រសាសន៍ថា តាម​ទិន្នន័យ​ទឹកភ្លៀង លំហូរ​បញ្ច្រាស​ទឹកទន្លេ​សាប​គឺ​នៅ​ខែសីហា​។ គណៈកម្មការ​ទន្លេមេគង្គ​ថា លំហូរ​បញ្ច្រាស​យឺត​ពេលនេះ​បណ្តាលមកពី​ភ្លៀង​តិច​ក្នុង​ឆ្នាំ ២០១៩ និង​ទំនប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​គឺ​ទំនប់​ចំនួន​ពីរ​នៅ​ប្រទេស​ឡាវ និង​ទំនប់​ចំនួន ១១ នៅ​ប្រទេស​ចិន​។ 
 
​គណៈកម្មការ​ទន្លេមេគង្គ​បាន​និយាយថា ចាប់ពីពេលនេះ​ទៅ ពេលវេលា​នៃ​លំហូរ​បញ្ច្រាស​ទឹក​ទន្លេសាប​ទំនងជា​នឹងមិន​ដូច​កាលពីមុន​ទៀត​ទេ​។​
 
​ប្រទេស​ឡាវ​និង​ចិន​និយាយថា ទំនប់​ទាំងនេះ​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​សំខាន់ៗ​ហើយ​វា​គ្រប់គ្រង​លំហូរ​ទឹក ជួយ​ការពារ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ ប៉ុន្តែ​លោក សាវុធ អ្នកនេសាទ​អាយុ ២៥​ឆ្នាំ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចរចា​បើកទឹក​ពី​ទំនប់​ទាំងនោះ​ដើម្បី​ជួយ​ពលរដ្ឋ​ចំនួន ២.០០០ គ្រួសារ​នៅ​កំពង់​ឃ្លាំង​។​
 
​លោក សាវុធ ចង់ទៅ​ក្រុង​សៀមរាប​ចម្ងាយ ៥៥ គីឡូម៉ែត្រ​ដើម្បី​រក​ការងារ​សំណង់​។ លោក​និយាយថា លោក​មិនអាច​នេសាទ​ត្រី​បាន​ទៀត​ទេ​។ គ្មាន​ទឹក​គឺ​គ្មាន​ត្រី​។ 
 
​ខណៈ​វីរុស​កូ​រ៉ូ​ណា​រារាំង​អ្នកដំណើរ​អន្តរជាតិ​នោះ អ្នកភូមិ​កំពង់​ឃ្លាំង គ្មាន​សង្ឃឹមថា អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ធ្វើដំណើរ​តាម​ទូក​នៅ​ភូមិ​កំពង់​ឃ្លាំង​ទេ ដែលជា​ធម្មតា​មាន​អ្នកដំណើរ​៦០០​នាក់​ក្នុង​មួយថ្ងៃ​។​
 
​ទូក​ទេសចរណ៍​ប្រហែល ១៣០ គ្រឿង​ត្រូវ​ម្ចាស់​ទុកចោល​នៅក្បែរ​ការិយាល័យ​ទេសចរណ៍ ដែល​គេ​ចាក់សោរ​ចោល​និង​មាន​ស្មៅ​ដុះ​ព័ទ្ធជុំវិញ​។ 
 
​លោក លី សំអាត ម្ចាស់​ទូក​ទេសចរណ៍​និយាយថា ប្រជាជន​កំពង់​ឃ្លាំង​គឺជា​អ្នកនេសាទ ដែល​គ្មាន​ត្រី​សម្រាប់​នេសាទ និង​គ្មាន​ការងារ​កសិកម្ម​សម្រាប់​ធ្វើ​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com