បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ នារី​មួយចំនួន​ប្រើ​សម្រស់​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទាក់​ម៉ូយ
06, Nov 2013 , 8:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងសម័យ​កាល​ដ៏​ទំនើប​នេះ មនុស្ស​មួយចំនួន​ពេញនិយម​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជា​មធ្យោបាយ ទំនាក់ទំនង​ទៅកាន់​មិត្ត​ភ័ក្តិ និង​បង្ហោះ​រូបភាពផ្សេងៗបង្អួត​គ្នា​ទៅវិញ​ទៅ មក។ ប៉ុន្តែ ក្នុងអំឡុងពេលថ្មីៗនេះ មាន​លេចឡើង​នូវ​រូបភាព សិច​ស៊ី ស្រើបស្រាល​របស់​យុវ នារី​មួយចំនួន​ដែល​ពួកគេ​ទំនងជា​ស្ត្រី​វ័យក្មេង «លក់ខ្លួន» បែប​លួចលាក់​តាម​បណ្តាញ​សង្គម មួយ​នេះ។ នារី​វ័យក្មេង​ទាំងនោះ បាន​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​មធ្យោបាយ ក្នុងការ​ទំនាក់ទំនង និង​ចរចា​ជាមួយ​អតិថិជន។


ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​មាន​រូបភាព សិច​ស៊ី របស់​យុវ​វ​តី​ជាច្រើន បាន​បង្ហោះ ជា​សាធារណៈ ហាក់​មិន​សំចៃ​ពី​អាថ៌កំបាំង​របស់ខ្លួន​ឡើយ។ យុវតី​មួយចំនួន ចូលចិត្ត​បង្ហោះ​រូបភាព របស់ខ្លួន​ដើម្បី​កំសាន្ត​អារម្មណ៍ និង​បង្អួត​មិត្ត​ភ័ក្តិ។ ប៉ុន្តែ ក្នុង​រយៈពេល ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​រូបភាព​ស្រើបស្រាល​របស់​ស្ត្រី​វ័យក្មេង​មួយចំនួន​ផ្សេង ទៀត​កំពុង​រុញច្រាន​អោយបុរសៗមួយចំនួន​ឈ្លក់​វង្វេង។ ឈ្លក់​វង្វេង​ពីព្រោះ ក្រុមនារីៗទាំង នោះ​គឺជា​នារី«លក់ខ្លួន​លួចលាក់» និង​សុទ្ធសឹង​ជា​នារី​វ័យក្មេង ហើយ​ហ៊ាន​រកប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។ ការលក់ខ្លួន​តាមរបៀប​នេះ​អាចធ្វើអោយ​ស្ត្រី​ខ្លួនឯង និង​អតិថិជន​គេច​ផុតពី​ការរិះគន់។

អតិថិជន និង​ស្ត្រី«លក់ខ្លួន»អាច​ចរចា​ពី​តម្លៃ ហើយ​ណាត់គ្នា ឡើង​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ក្រោយពេល​ពេញចិត្ត​នូវ​រូបភាព​ណាមួយ​ដែល​បានបង្ហាញ​នៅក្នុង ហ្វេ​ស​ប៊ុ​ក។ បុរស​ខ្លះ​អាច​ខកចិត្ត​ទៅវិញ​ដែរ​នៅពេល​ជួប​មុខ​ផ្ទាល់។ មុខ​នៅលើ​រូបថត និង​ជួប​មុខ​ពិត​អាច​ខុសគ្នា។ សំឡេង​តាម​ទូរស័ព្ទ និង​មុខ​ផ្ទាល់​អាចធ្វើអោយ​បុរស​ឬ​ស្ត្រី​ខកចិត្ត។

ប្រសិនបើ​គេ​មើល​តាម​រូបថត​ធម្មតា​នៅក្នុង​ហ្វេ​ស​ប៊ុ​ក គេ​ពិតជា​មិនដឹង​នោះទេ​ថា​ពួកគេ​ជា «នារី​រកស៊ី»។ ប៉ុន្តែ អតិថិជន​មួយចំនួន​ដែល«ចូលចិត្ត​ស្ត្រី»អាច​ដឹងបាន​តាមរយៈបុរសៗមួយ ចំនួន​ដែល​ធ្លាប់​ទទួលបាន​សេវា​ទាំងនោះ ឬ​តាមរយៈ​មេខ្យល់ (ម៉ែ​យ៉ែម) ជា​អ្នក​ណែនាំ។ ម្យ៉ាងវិញទៀត​ក៏មាន​បុរស​មួយចំនួន ស្គាល់​ពួកនាង​ចៃដន្យ​ដោយ​ខ្លួនឯង តាមរយៈ​ការផ្ញើរ សារ​ទៅវិញទៅមក​ផងដែរ។

បុរស ភ័​ណ្ឌ ដែល​ស្នើ​សុំអោយ​កែប្រែ​ឈ្មោះ អាយុប្រមាណ​ជា៣០ឆ្នាំ បាន​និយាយត្រង់ៗថា លោក​បាន​ស្គាល់​នារី​ម្នាក់ តាម​ហ្វេ​ស​ប៊ុ​ក ដំបូង​ដោយសារ​ឃើញ​គណនី​របស់​នាង​បាន​បង្ហោះ រូបភាព​សិច​ស៊ី​ជាច្រើន​ជាហេតុ ដែល​ធ្វើ​ឲ្យ​លោក​ចាប់​អារ​រ​ម្មណ៍។ ក្រោយមក​លោក​បាន​ផ្ញើរ សារ​សាសង​ជាមួយ​នារី​ម្នាក់​នោះ​អស់​ជាច្រើន​ថ្ងៃ។

ជាង​មួយអាទិត្យ​ក្រោយមក លោក​ភ័​ណ្ឌ​បាន​ណាត់​នារី​ម្នាក់​នោះ​ញ៉ាំ​បាយ​បានសម្រេច។ ប៉ុន្តែ នារី​ម្នាក់​នោះ ក៏បាន​និយាយត្រង់ៗប្រា​ប់លោក ភ័​ណ្ឌ ថា៖«ពួកយើង​អាច​ញ៉ាំ​បាយ ឬ​ដើរលេង ជាមួយគ្នា​បាន ប៉ុន្តែ​បើ​ចង់​គេង​ជាមួយ​ខ្ញុំ​ត្រូវតែ​ចំណាយលុយ»។ បុរស​វ័យ​កណ្តាល​រូបនេះ បាន​ឲ្យ​ដឹង​ដែរ​ថា៖«ខ្ញុំ​បាន​គេង​ជាមួយ​នាង​ម្តង ក្នុងតម្លៃ៨០ដុល្លា។ នាង​បាន​សារភាព​ប្រាប់​ខ្ញុំ ដែរ​ថា នាង​លួចលាក់ «លក់ខ្លួន» ម្តងម្កាល នៅពេល ដែល​ដាច់​លុយ​ប៉ុណ្ណោះ មិន​រកស៊ី​អាជីព នោះទេ»។

ដោយឡែក យុវជន​មួយក្រុម​មាន​គ្នា​ប្រមាណ​ជា​ប្រាំ​នាក់ ដែល​កំពុង​អង្គុយ​នៅក្នុង​ហាង​ផឹកស៊ី មួយកន្លែង នៅ​សង្កាត់ ទួល​ទំពូង២ បាន​ហុច​ទូរស័ព្ទ​បង្ហាញ​រូបភាពនារីៗសិច​ស៊ី​នៅក្នុង​ហ្វេ​ស ប៊ុ​ក អួត​គ្នា​ទៅវិញទៅមក​យ៉ាង​សប្បាយរីករាយ។ បន្តិចក្រោយមក ពួកគេ​ម្នាក់ ពីរ​នាក់ បាន បង្ហើប​ប្រាប់​មិត្ត​ភ័ក្តិ​របស់ខ្លួន​ថា ពួកគេ​ស្គាល់​មេខ្យល់​ម្នាក់​ដែល​អាច​រក​នារីស្អាតៗឲ្យ​បាន​ដូច រូប​ដែល​បានបង្ហាញ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ។

មិនយូរប៉ុន្មាន យុវជន​ម្នាក់ទៀត​ពាក់​ខ្សែដៃធំៗក្នុងចំណោម​ពួកគេ​នោះ បាន​ដក​ទូ​ស័ព្ទ​ប្រ​ញ៉ាប់ ផ្ញើរ​សារ​ទៅកាន់​មេខ្យល់ (ម៉ែ​យ៉ែម) នោះ​ភ្លាម ដោយ​សួរ​នាង​ថា៖«តើ​មាន​នារីស្អាតៗឬទេ? ខ្ញុំ​ត្រូវការ​នារី​ម្នាក់...»។ ក្រោយមក​មេខ្យល់ (ម៉ែ​យ៉ែម) បាន​ផ្ញើរ​រូបថត​នារី បួន ប្រាំ សន្លឹក និង តម្លៃ​ផងដែរ ឲ្យ​បុរស​រូបនេះ​ជ្រើសរើស។ ញញឹមតិចៗ ហើយ​មើលរូបនាងៗបណ្តើរ បន្តិច ក្រោយមក​យុវជន​វ័យ​ប្រមាណ២៥ ឆ្នាំ​រូបនេះ​បានសម្រេច​ចិត្ត​ជ្រើស​យក​នារី​ម្នាក់​ក្នុងតម្លៃ ១០០ដុល្លា។ 

ក្រោយពេល​ត្រូវ​រូ​វ​គ្នា​ហើយ មេខ្យល់​នោះ​ណាត់​ទីកន្លែង​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ដែល​ត្រូវ ជួបគ្នា ហើយ​មេខ្យល់​នឹង​ប្រាប់​ឲ្យ​នារី​ដែល​គេ​ត្រូវចិត្ត​នោះ ទៅ​ជួប​តាម​ក្រោយ​តាម​ទីតាំង​ដែល បាន​ណាត់​ទុក។

មេខ្យល់​ក៏បាន​បញ្ជាក់ដែរថា តម្លៃ​នេះ គឺ​សម្រាប់​គេង​តែម្តង​ប៉ុណ្ណោះ មិនមែន​ពេញ​មួយ​យប់ នោះទេ។ ពួកនាង​ក៏​មិនអាច​គេង​ជាមួយ​ភ្ញៀវ​ពេញ​មួយ​យប់​បានដែរ ពីព្រោះ​ពួកនាង​រកស៊ី លួចលាក់ ពិបាក​ចេញពីផ្ទះ​ពេលយប់ ហើយក៏​ពិបាក​ណាត់ជួប​ផងដែរ។ មេខ្យល់​បន្ថែមទៀត ថា ប្រសិនបើ​អតិថិជន​ចង់​ជួប​ពួកនាង ពួកគេ​ត្រូវ​ប្រាប់​មុន​មួយ​ម៉ោង ហើយ​ពេលវេលា​ដែល ងាយ​នឹង​បាន​ជួប​គឺ​ពេលព្រឹក និង​ពេល​ថ្ងៃ។

គួរ​បញ្ជាក់ថា បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បច្ចុប្បន្ននេះ បាន​នឹង​ក៏​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​នារី​រកស៊ី លួចលាក់​មួយចំនួន​ស្វែងរក និង​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​របស់ខ្លួន។ ហើយ រូបភាព​ស្រើបស្រាល​ជាច្រើន​របស់​ពួកនាង ក៏​កំពុង​ដុត​រោល​អារម្មណ៍​យុវវ័យ​ឲ្យ​ភ្លើតភ្លើន​ផង ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com