ជាតិ
ត្រីមេពូជជាង ៣០០០តោន ត្រូវបានសង្គ្រោះជារៀងរាល់ឆ្នាំ ដោយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្នុងរូបភាពនេះ គឺជាត្រីប៉ាវ៉មុខពីរ។ ត្រីប្រភេទនេះ ភាគច្រើនឃើញមានរស់នៅតែក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងរតនគិរីប៉ុណ្ណោះ។ ដោយសារកំណើនត្រីប្រភេទនេះមានការធ្លាក់ចុះ បានធ្វើឲ្យវាក្លាយជាប្រភេទត្រីមានតម្លៃខ្ពស់ក្នុងទីផ្សារ នាពេលបច្ចុប្បន្ននេះ។ រូបភាព៖ ឈុត ឈាណា
× ស្ទឹងត្រែង៖ ចំណុចប្រសព្វនៃទន្លេទាំងបួន ទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង គឺជាវិសាលភាពនៃជម្រកសម្រាប់ត្រីមេពូជសំខាន់ៗ ដែលបានមកលាក់ខ្លួនក្នុងរដូវប្រាំង និងពង-កូននៅដើមរដូវវស្សា តាមវដ្តជីវិតរបស់ពួកវា។ ក្នុងនោះ ត្រីមេពូជមួយចំនួន បានចាប់ផ្តើមទម្លាក់ពងនៅដើមខែឧសភា។
ជារៀងរាល់ឆ្នាំ ត្រីមេពូជសំខាន់ៗ ដូចជា៖ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប្រាធំ ត្រីប៉ាវ៉ាមុខមួយ ប៉ាវ៉ាមុខពីរ ត្រីប៉ាសេអ៊ី ត្រីបបែលយក្ស ត្រីពោព្រុយ ត្រីក្អែកជាដើម។ល។ បានបង្កើតកូនយ៉ាងច្រើនសន្ធឹកសន្ធាប់ រាប់សិបកោដិលានក្បាល។ ជាពិសេស ពពួកត្រីរៀល ដែលតំណាងឲ្យ ៧០ភាគរយ នៃផលចាប់ត្រីក្នុងប្រទេសកម្ពុជា។ កូនត្រីតូចៗ ដែលទើបនឹងញាស់ទាំងនោះ បានបណ្តែតខ្លួនចុះមកតាមខ្សែទឹកខាងក្រោម ចូលទៅតាមទន្លេ ដៃទន្លេ បឹងទន្លេសាប និងតាមតំបន់វាលទំនាបលិចទឹកក្នុងអាងទន្លេមេគង្គទាំងមូល ដើម្បីរកចំណី និងធំធាត់។
ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ វដ្តពង-កូនរបស់ត្រីមេពូជទាំងនោះ ត្រូវបានរំខានដោយមនុស្ស និងធម្មជាតិ។ មនុស្ស បានចាប់ត្រីមេពូជរាប់សិបតោន ដោយឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ ក្នុងរដូវបិទនេសាទ។ ធម្មជាតិ នៃលំហូរទឹកទន្លេមេគង្គមានការប្រែប្រួលយ៉ាងខ្លាំង។ រដូវទឹកដំឡើង បែជាគ្មានទឹក។ ទឹកឡើងយឺត តែស្រកលឿន និងមិនទៀងទាត់។ ការប្រែប្រួលទាំងនេះ សំណង់ទំនប់វារិអគ្គិសនីនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ក្នុងប្រទេសចិន និងឡាវ បានចូលរួមចំណែកយ៉ាងធំ។
ដើម្បីធានានិរន្តរភាពនៃត្រីមេពូជ និងទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានរឹតបន្តឹងការអនុវត្តច្បាប់ជលបានយ៉ាងល្អប្រសើរ។ សូមចុចលើតំណភ្ជាប់នេះ
https://www.youtube.com/watch?v=NT-jwCu_l94&feature=youtu.be ដើម្បីចូលទស្សនានូវកិច្ចសម្ភាសន៍របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ជាមួយលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលស្ទឹងត្រែង៕
© រក្សាសិទ្ធិដោយ thmeythmey.com